គូស្នេហ៍ថ្មីរបស់ម្ចាស់ Amazon ជាប់សង្ស័យថា មានចំណែកក្នុងការលក់សារឆ្លើយឆ្លងស្នេហាជាមួយ Bezos ទៅឱ្យកាសែតក្នុងតម្លៃ…

Lauren Sanchez ដែលជាគូស្នេហ៍ថ្មីរបស់ CEO នៃក្រុមហ៊ុន Amazon លោក Jeff Bezos បានផ្ញើសារដែលខ្លួនបានឆ្លើយឆ្លងជាមួយមហាសេដ្ឋីរូបនេះ ទៅឱ្យបងប្រុសរបស់ខ្លួន មុនពេលវាត្រូវបានលក់ទៅឱ្យសារព័ត៌មាន National Inquirer ជាបន្ត។

សារឆ្លើយឆ្លងដែលត្រូវនាង Lauren Sanchez ផ្ញើទៅឱ្យបងប្រុសរបស់នាងគឺលោក Michael គឺជាឯកសារមួយដែលត្រូវបានគេបញ្ជូនឡើងទៅកាន់រដ្ឋអាជ្ញាសហរដ្ឋដើម្បីធ្វើការស៊ើបអង្កេតករណីចោទប្រកាន់ក្រុមហ៊ុន Amercan Media ជាម្ចាស់កាសែត National Enquirer ដែលថា ក្រុមហ៊ុននេះបានស្វែងរកវិធីជំរិតយកប្រាក់ពីមហាសេដ្ឋី Jeff Bezos។

ភ័ស្តុតាងដែលក្រុមរដ្ឋអាជ្ញាសហរដ្ឋទទួលបាន រួមមាន សារសាសងគ្នាដែលម្ចាស់ Amazon ផ្ញើទៅកាន់នាង Lauren Sanchez កាលពីថ្ងៃទី10 ឧសភា ឆ្នាំ2018 ហើយក្រោយមកវាបានធ្លាក់ទៅដល់ដៃលោក Michael Sanchez(បងប្រុសរបស់នាង Lauren Sanchez )។ កាសែត National Enquirer បានចុះផ្សាយនូវខ្លឹមសារនៃសារខាងលើ កាលពីខែមករា 2019 ក្នុងអត្ថបទមួយសរសេរអំពីករណីម្ចាស់ Amazon មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនាង Lauren Sanchez។

សារព័ត៌មាន Wall Street Journal ប្រមូលបានសារទាំងនោះ ក៏ដូចជាភ័ស្ដុតាងទាក់ទិននឹងលោក Michael Sanchez ដែលទទួលបានប្រាក់ 200,000ដុល្លារ ពីកាសែត National Enquirer ទៅតាមកិច្ចសន្យាដែលបានធ្វើឡើងតាំងពីឆ្នាំ2018។ ក្រុមហ៊ុន American Media ក៏ធ្លាប់បានប្រកាសថា Michael Sanchez គឺជាប្រភពព័ត៌មានរបស់ National Enquirer។

Sanchez និង Bezos នៅ Mumbai នៃប្រទេសឥណ្ឌា កាលពីថ្ងៃទី16 មករា 2020

លោក Michael Sanchez ដែល​ជា​បង​ប្រុស​របស់​នាង Lauren Sanchezនិយាយថា ខ្លួនទទួលបានសារ និងរូបថតដោយស្របច្បាប់។

រដ្ឋអាជ្ញាសហរដ្ឋ មិនទាន់បានធ្វើការចោទប្រកាន់ទៅលើ Michael Sanchez, Lauren Sanchez ឬអ្នកពាក់ព័ន្ធណាម្នាក់នៅឡើយ។

ការដែល Bezos មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនាង Lauren Sanchez ត្រូវគេរិះគន់ជាខ្លាំង ខណៈលោក និងប្រពន្ធរបស់លោក នាង MacKenzie Bezos លែងលះគ្នា ក្រោយការរួមរស់ជាមួយគ្នា 25ឆ្នាំ។

Lauren Wendy Sanchez គឺ​ជា​អ្នក​យកព័ត៌មាន​ អ្នក​សម្ដែង ម្ចាស់​ផលិត​កម្ម អ្នក​បើក​យន្ត​ហោះ និង​អ្នក​ជំនួញជន​ជាតិ​អាមេរិក

លោក Bezos ដែលជាអ្នកមានបំផុតម្នាក់ក្នុងពិភពលោក បានបង្ហាញខ្លួនជាមួយនាង Sanchez ជាលើកដំបូងក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី16 មករាកន្លងទៅ នៅ Mumbai (អតីតក្រុង Bombay) នៃប្រទេសឥណ្ឌា៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement