លោកតា អង្គុយនៅលើគែមមាត់​ទ្វារ​ឡាន “បញ្ចុកអៃស្គ្រីម”​​ លោក​យាយ​ យ៉ាងថ្នាក់ថ្នម ក្នុងថ្ងៃដែលធាតុ​អាកាស​ក្ដៅ​ហួតហែង

លោកតា អង្គុយនៅលើគែមមាត់ទ្វារឡាន “បញ្ចុកអៃស្គ្រីម” លោកយាយ យ់ាងថ្នាក់ថ្នម ក្នុងថ្ងៃដែលធាតុអាកាសក្ដៅហួតហែង

តើអ្នកដែលគិតដែរឬទេថា ចង់បានគូជីវិតជាមនុស្សបែបណា? និងនាពេលអនាគត តើជីវិតគូរបស់លោកអ្នកនឹងក្លាយជាយ៉ាងណា?

តើអ្នកចង់មានមនុស្សម្នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការស់នៅក្បែរគ្នា ទៅរហូតដល់ចាស់ជរារៀងៗខ្លួន ដូចលោកតា និងលោកយាយ 2នាក់នេះដែរឬទេ?

គឺជាទិដ្ឋភាពដ៏សែនរំភើបចិត្ត ដែលចៃដន្យ មានមនុស្សធ្វើដំណើរឆ្លងកាត់មកឃើញ នៅក្នុងកន្លែងចតឡានរបស់ហាងលក់អៃស្គ្រីមមួយ នៅក្នុងទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក។ គឺជារូបភាពដែលលោកតាម្នាក់ កំពុងអង្គុយបញ្ចុកអៃស្គ្រីមឱ្យលោកយាយញ៉ាំ ក្នុងថ្ងៃដែលធាតុអាកាសកំពុងក្ដៅហប់…គឺជាទិដ្ឋភាពមួយ ដែលធ្វើឱ្យមនុស្សជាច្រើន ដល់ថ្នាក់រលីងរលោងទឹកភ្នែកទាំងមិនដឹងខ្លួន។

បព្វជិត 1រូប ឈ្មោះ Brent Kelly បានរៀបរាប់ថា ថ្ងៃនោះ លោកបាននាំក្មេងៗទៅហែលទឹក និងនៅតាមផ្លូវត្រឡប់មកផ្ទះវិញ លោកបានឆៀងចូលទិញអៃស្គ្រីម ឱ្យក្មេងៗញ៉ាំ ហើយខ្សែភ្នែក ក៏ចៃដន្យក្រឡេកទៅឃើញ លោកតាម្នាក់អាយុប្រហែលជា 80ជាង កំពុងអង្គុយនៅលើគែមទ្វារឡាន…។

រួចហើយ នៅពេលលោកសម្លឹងមើលទៅក្នុងឡាននោះ ក៏បានដឹងថា នៅខាងក្នុង មានលោកយាយម្នាក់ ដែលគួរតែមានអាយុប្រហាក់ប្រហែលនឹងលោកតាដែរ អង្គុយនៅលើកៅអី កំពុងញ៉ាំអៃស្គ្រីមដែលលោកតាបញ្ចុក ក្នុងថ្ងៃដ៏សែនក្ដៅហប់ ដែលមានសីតុណ្ហភាពខ្ពស់ដល់ទៅ 37អង្សាC។ ទិដ្ឋភាពដែលបានឃើញ ធ្វើឱ្យលោកមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង រកថ្លែងមិនរួច រហូតដល់អត់មិនបាន ក្នុងការថតរូប និងស៊ែររឿងរ៉ាវរបស់លោកតា និងលោកយាយ 2នាក់នេះ នៅលើបណ្ដាញសង្គម ព្រមជាមួយ Caption ថា “នេះគឺការបង្ហាញពីសេចក្ដីស្រឡាញ់ដែលស្រស់ស្អាតជាទីបំផុត”។

លោកតា អង្គុយនៅលើគែមមាត់ទ្វារឡាន “បញ្ចុកអៃស្គ្រីម” លោកយាយ យ់ាងថ្នាក់ថ្នម ក្នុងថ្ងៃដែលធាតុអាកាសក្ដៅហួតហែង
រូបភាពនេះ បានទទួលការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមយ៉ាងខ្លាំង និងមានអ្នកចូលមកសម្ដែងគំនិតយោបល់ផ្សេងៗគ្នាយ៉ាងច្រើន ដូចជា៖ “ឃើញហើយ នៅសុខៗ ស្រាប់តែខ្ញុំរលីងរលោងទឹកភ្នែក”, “នេះហើយ គឺសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ”, “លោកយាយនៅតែជាកូនក្រមុំដែលស្រស់ស្អាតបំផុតសម្រាប់លោកតាជានិច្ច”, “ខ្ញុំឃើញហើយ ខ្ញុំនឹកច្រណែនលោកយាយខ្លាំងណាស់ ដែលបានគូជីវិតដ៏ល្អបែបនេះ”…។

នេះគឺជាផ្នែកមួយ ដែលបង្ហាញឱ្យឃើញពីភាពស្រស់ស្អាតមួយផ្នែកទៀតរបស់សេចក្ដីស្រឡាញ់…មនុស្សជាច្រើនតែងនិយាយថា វាមិនមែនជារឿងងាយឡើយ ក្នុងការជួបនឹងស្នេហាពិត…អ្នកខ្លះត្រូវបរាជ័យ និងខកបំណងជាមួយសេចក្ដីស្នេហា មិនដឹងជាប៉ុន្មានដង ទល់ប៉ុន្មានដងទេ រហូតដល់ថ្នាក់ ខ្លាចក្នុងការមានស្នេហាតែម្ដង ក៏មាន…។

សេចក្ដីស្រឡាញ់ គឺជារឿងដែលស្រស់ស្អាតជានិច្ច អ្នកដែលមិនសមបំណងជាមួយសេចក្ដីស្នេហា សូមឱ្យអ្នកកុំអាលរួញរា និងអស់សង្ឃឹម…ចូរជឿចុះថា ថ្ងៃណាមួយ នឹងមានមនុស្សដែលស័ក្តិសម និងជាគូពិតប្រាកដសម្រាប់អ្នកមិនខាន ចំណែកអ្នកដែលកំពុងមានគូស្នេហ៍ស្រាប់ហើយ ចូរមើលថែទាំ និងរក្សាគ្នាឱ្យបានល្អ កុំឱ្យគេត្រូវខូចចិត្ត និងសោកស្ដាយដែលគេខំជ្រើសរើសយកអ្នកមកធ្វើជាគូជីវិត…។

អ្នកគ្រូ ឆវី សូមជូនពរឱ្យអ្នកទាំងអស់គ្នា រួចផុតពីមេរោគកូវីដ-19 ដ៏ចង្រៃ និងមានសុភមង្គលក្នុងជីវិតគូ រហូតតទៅ

Advertisement