ត្រៀមជាស្រេច… បើត្រូវរៀបការម្តងទៀត

ការព្រមបើកបេះដូងឱ្យឱកាសថ្មីៗដើរចូលមកក្នុងជីវិតម្តងទៀតមិនមែនជារឿងខាត់បង់នោះទេ តែត្រូវគិតត្រិះរិះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការសម្រេចចិត្តលើកនេះរបស់អ្នក មិនប៉ះពាល់ផ្លូវចិត្តរបស់ “កូន”។

រៀបការម្តងទៀតល្អដែរទេ? រៀបការពេលកូននៅតូចៗ ឬក៏រង់ចាំឱ្យកូនធំបន្តិចទៀតសិន? រៀបការហើយកូននឹងមានបញ្ហាដែរឬទេ? មានសំនួរជាច្រើនដែលសាងនូវក្តីពិបាកចិត្តចំពោះស្រ្តីដែលមានតែខ្លួនឯង និងកូនដែលគិតចង់កែសម្រួលគ្រោងសាងគ្រួសារជាថ្មីមិនតឹចឡើយ។

រឿងបែបនេះ ឡារ៉ែនសូមប្រាប់បានតែមួយម៉ាត់ទេថា ត្រូវគិតឱ្យបានច្រើន គិតឱ្យបានល្អិតល្អន់ កុំប្រញាប់ប្រញាល់ធ្វើអ្វីតាមអារម្មណ៍ឱ្យសោះ ព្រោះការសម្រេចចិត្តលើកនេះរបស់អ្នក ច្បាស់ជាហុចផលប៉ះពាល់ដល់កូនដោយត្រង់មិនខាន។

រៀបការម្តងទៀត ល្អដែរទេហ្ន៎?

ទោះជាការរៀបការម្តងទៀតជាសិទ្ធិរបស់អ្នកផ្ទាល់ក៏ដោយ តែប្រាកដណាស់ថា រឿងដំបូងគេដែលត្រូវនឹកដល់មុនគេនោះគឺកូន។ អ្នកម្តាយដែលមានតែខ្លួនឯង និងកូននោះច្រើនតែប្រាប់ថា ចាំឱ្យកូនធំបន្តិចទៀតសឹមគិតរៀបការម្តងទៀត ដែលការនិយាយបែបនេះ មួយផ្នែក គឺជាលទ្ធផលមកពីភាពរាងចាលពីបញ្ហាដែលធ្លាប់ជួបនៅក្នុងជីវិតគូដែលកន្លងមក ទើបធ្វើឱ្យបិទទ្វាបេះដូងលែងទទួលយកអ្នកណាទៀត តែដូចថាអ៊ីចឹងឯង ព្រោះជោគវាសនាជតាព្រហ្មលិខិតនឹងមកបែបណានោះ គ្មាននរណាដឹងមុនឡើយ បើចៃដន្យថ្ងៃណាមួយជីវិតប្រែប្រួល មានព្រះអង្គម្ចាស់ជិះសេះសចូលមកក្នុងជីវិតរហូតដល់ត្តូវគិតដល់ការរៀបការម្តងទៀត តើឱ្យធ្វើម៉េចទៅ?។

ការសម្រេចចិត្តរៀបការម្តងទៀត មិនមែនជាការខាតបង់អ្វីឡើយ សំខាន់អ្នកត្រូវអធិប្បាយឱ្យអនាគតស្វាមីយល់អំពីបន្ទុក និងតួនាទីនៃភាពជាម្តាយដែលមានជាប់នឹងខ្លួនឱ្យបានច្បាស់ថា តើគេអាចទទួលយកបាន និងយល់ព្រមក្នុងការស្រឡាញ់ និងមេត្តាកូនរបស់អ្នក ដូចដែលគេស្រឡាញ់អ្នកដែរឬទេ?។ បើគ្រប់យ៉ាងអូខេ ក៏អាចសម្រេចចិត្តបាន តែ តើនឹងរៀបការឱ្យហើយតាំងពីពេលកូននៅតូច ឬរង់ចាំឱ្យកូនធំសិនល្អជាង?។

បើកូននៅតូចមិនទាន់ដឹងក្តីនោះ ក៏ចូរគិតថា ជាឱកាសដែលស័ក្តិសមល្អក្នុងការឱ្យ “អ្នកមកថ្មី” បានចូលមកទទួលតួនាទីជាឪពុកបន្តបានយ៉ាងមិនចាំបាច់អៀនប្រៀន សុំត្រឹមតែគេស្រឡាញ់ និងមេត្តាកូនរបស់យើងពិតប្រាកដប៉ុណ្ណោះ។

តែបើរៀបការម្តងទៀតពេលដែលកូនចាប់ផ្តើមដឹងក្តី អាចបញ្ចេញប្រតិកម្មតបត និងឆ្លើយឆ្លងបានយ៉ាងល្អហើយនោះ អ្នកម្តាយចាំបាច់ត្រូវប្រើសិល្បៈក្នុងការអធិប្បាយពន្យល់បន្តិច រួមទាំងត្រូវប្រើភាពអត់ធន់ និងផ្តល់ពេលវេលាក្នុងការកសាងសម្ព័ន្ធភាពរវាងឪពុកថ្មី ជាមួយកូនចិញ្ចឹមទៀតផង។

ត្រៀមទប់ទល់ជាមួយរឿងរញេរញ៉ៃ

ប្រាកដណាស់ថា ក្រោយពីអ្នកសម្រេចចិត្តរៀបការលើកទីពីរ នោះមានន័យថា នឹងមានមនុស្សម្នាក់ទៀតដែលប្រៀបដូចជា មនុស្សផ្លែកមុខ(របស់កូន) ថែមចូលមកជាផ្នែកមួយរបស់គ្រួសារ ហើយបុរសម្នាក់ហាក់ដូចជាស្និទ្ធស្នាលជាមួយម៉ាក់មែនទែន ក្នុងទស្សនៈរបស់កូន ៗអាចនឹងគិតថា ម៉ាក់នឹងស្រឡាញ់បុរសម្នាក់នេះខ្លាំងជាងយើងទេដឹង? ម៉ាក់ច្បាស់ជាលែងស្រឡាញ់យើងទៀតហើយ ម៉ាក់លែងត្រឡប់មកជានាគ្នាជាមួយប៉ាវិញហើយឬ?។ ចូរកុំបណ្តោយឱ្យសំនួរទាំងនេះនៅដក់វឹលវល់ក្នុងចិត្តកូនឡើយ អ្នកគួរតែ… ៈ

និយាយជាមួយកូនឱ្យយល់ កុំគិតថាកូននៅតូចមិនដឹងរឿងរ៉ាវអ្វីនោះ

ក្មេងខ្លះគិតច្រើនជាងមនុស្សធំទៅទៀត អ្វីដែលសំខាន់គឺការប្រាប់ ឬអធិប្បាយដំណើររឿងដែលកើតឡើងនៅក្នុងផ្ទះឱ្យកូនបានដឹង និងយល់ ដែលវានឹងជួយឱ្យកូនមិនមានអារម្មណ៍ថាត្រូវបានបំបែកចេញពីអ្នក។

សាងភាពជឿជាក់ដល់កូន

រឿងសំខាន់គឺ អ្នកម្តាយខ្លួនឯងត្រូបផ្តល់ភាពជឿជាក់ក្នុងចិត្តដល់កូនថា អ្នកនៅតែស្រឡាញ់គេដូចមុនដដែល ការដែលម៉ាក់មានប៉ាថ្មីនេះមិនអាចផ្លាស់ប្តូរអារម្មណ៍ដែលម៉ាក់មានចំពោះកូនបានទេ ក្តីស្រឡាញ់ដែលម៉ាក់មានចំពោះកូននឹងនៅស្ថិតស្ថេររហូតទៅ

ឱ្យពេលវេលាក្នុងការសម្របសម្រួលខ្លួន

នៅពេលដែលអ្នកម្តាយចាប់ផ្តើមស្គាល់អ្នកថ្មី និងរៀបផែនការថា អនាគតអាចនឹងរៀបការជាមួយគ្នាផងនោះ អ្នកម្តាយគួរតែមានកិច្ចការងារប្រចាំថ្ងៃដែលអាចធ្វើរួមគ្នារវាង រូបអ្នក កូន និងអ្នកថ្មី ដើម្បីឱ្យបានស្គាល់ចិត្តស្គាល់ថ្លើមគ្នា និងមានសម្ព័ន្ធភាពល្អៗជាមួយគ្នា និងជាពិសេសទុកឱកាសឱ្យកូន និងអ្នកថ្មីបានសម្របសម្រួលខ្លួនចូលគ្នាផង៕

Advertisement