ពោលពាក្យ “សុំទោស” យ៉ាងសមរម្យ

មិនថាហេតុការណ៍ដែលធ្វើឱ្យអ្នក និងគេ(ឬនាង)ត្រូវដើរបែរខ្នងដាក់គ្នានឹងធ្ងន់ធ្ងរប៉ុនណាក៏ដោយ តែបើសិនជាមានពាក្យ “សុំទោស” បន្លឺចេញមកពីមាត់របស់អ្នកដែលដឹងខ្លួនថាខុសវិញនោះ សម្ព័ន្ធភាពដែលមើលទៅហាក់ដូចជាបម្រុងនឹងដាច់ភឹងទៅហើយនោះ អាចនឹងងាកមកផ្គុំគ្នាជាថ្មីម្តងទៀតឡើងវិញបាន ព្រោះពាក្យ “សុំទោស” ប្រៀបដូចជាអាគមគាថាចងភ្ជាប់ភ្ជិតស្នាមប្រេះបែករបស់គូស្នេហ៍គ្រប់រូបដូច្នោះដែរ។ ចូរសាកល្បងយកពាក្យណែនាំខាងក្រោមនេះទៅប្រើប្រាស់សាកលមើល ដើម្បីក្រែងលោទាស់ចិត្តគ្នាលើកក្រោយ អ្នកនឹងហ៊ានសម្រេចចិត្តធ្វើជាអ្នកចូលទៅសុំទោសបានមិនទើសទាល់។

1 – រំលឹកហេតុការណ៍ឡើងវិញក្នុងខណៈពេលដែលអ្នកមានអារម្មណ៍ត្រជាក់ឡើងវិញហើយ បូកជាមួយសេចក្តីស្រឡាញ់ដែលអ្នកនៅមានចំពោះរូបគេផងនោះ នឹងធ្វើឱ្យអ្នកមើលឃើញហេតុការណ៍ពេលឈ្លោះទាស់ទែងគ្នានោះយ៉ាងយុត្តិធម៌ និងច្បាស់​លាស់ឡើង និងមានអារម្មណ៍ពេញចិត្ត និងស្ម័គ្រចិត្តក្នុងការពោលពាក្យ “សុំទោស”។

2 – បើអ្នកមានអារម្មណ៍ថាញាប់ញ័រ ឬភ័យ អ្នកអាចហាត់និយាយមើលសិនក៏បាន ដោយនិយាយឱ្យបានតាមចំណុចដែលបានកត់ត្រាទុក វានឹងធ្វើឱ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍នៅពេលនោះបាន។

3 – ការទទួលស្គាល់កំហុសដែលត្រូវចំចំណុច ក្រៅពីជួយផ្គុំភ្ជិតស្នាមប្រេះឆាបានឆាប់ហើយ នៅជាការបង្ហាញនូវភាពប្រកាន់ខ្ជាប់លើគំនិតដែលត្រឹមត្រូវរបស់អ្នកទៀតផង។

4 – កុំគិតនិយាយដោះសារកែខ្លួនឱ្យសោះ ព្រោះបើអ្នកដោះសារកែខ្លួន ឬអាងនេះអាងនោះ អ្នកមិនចាំបាច់ទៅសុំទោសគេ(ឬនាង)ទេ ព្រោះវានឹងធ្វើឱ្យក្លាយជារឿងវែងឆ្ងាយឥតប្រយោជន៍។

5 – ខណៈពេលដែលគេ(ឬនាង)និយាយ អ្នកគួរឈប់ និងស្តាប់យ៉ាងតាំងចិត្ត និងគិតទៅតាមអ្វីដែលគេ(ឬនាង)និយាយវានឹងធ្វើឱ្យអ្នកយល់ពីអារម្មណ៍របស់គេ(ឬនាង) និងអាចកែសម្រួលភាពយល់ដឹងអំពីគ្នាបានកាន់តែងាយឡើង។

6 – មិនថាគេ(ឬនាង)ជះខ្លាំងៗមកយ៉ាងណា ឬមានប្រតិកម្មមិនពេញចិត្តរូបអ្នកយ៉ាងណាក៏ដោយ ក៏អ្នកចាំបាច់ត្រូវតែទទួលយក និងនៅស្ងៀមឱ្យបានខ្លាំងបំផុតតាមដែលអាចធ្វើបាន ព្រោះការនៅស្ងៀមរបស់អ្នកនឹងជួយឱ្យអារម្មណ៍របស់គេ(ឬនាង) ស្ងប់ទៅវិញបានរហូតដល់អ្នកចាប់ផ្តើមមានឱកាសក្នុងការនិយាយនូវអ្វីដែលអ្នកបានត្រៀមមក។

7 – សាកល្បងសួរគេទៅមើល៍ថា តើមានវិធីណាខ្លះដែលអ្នកល្មមអាចធ្វើបានដើម្បីជាការសងទៅគេ(ឬនាង)វិញបានតាមដែលអ្នកអាចធ្វើទៅបានដើម្បីជាការផ្សារភ្ជិតស្នាមប្រេះឆា និងធ្វើឱ្យសម្ព័ន្ធភាពរវាងរូបអ្នក និងគេ(ឬនាង)វឹលត្រឡប់មកដូចពីដើមវិញយ៉ាងហោចណាស់ក៏ដើម្បីកូនដែរ។

8 – កុំធ្វើខុសក្នុងរឿងដដែលៗ ព្រោះគ្មាននរណាគេអភ័យទោសឱ្យអ្នកក្នុងរឿងដដែលៗបានគ្រប់តែពេលនោះទេ ដែលសំខាន់បំផុតគឺ ការធ្វើខុសក្នុងរឿងដដែលៗ មិនអាចនិយាយបានថាជាកំហុសឆ្គងនោះទេ តែជារឿងដែលអ្នកមានចេតនាចង់ធ្វើតែម្តងទាំងដឹងច្បាស់ហើយថា វាមិនត្រឹមត្រូវ។ បើវាដូច្នោះមែន ធានាថា “ពាក្យសុំទោស” មិនអាចជួយអ្វីអ្នកបានឡើយ មានសង្ឃឹមថាច្បាស់ជាបានលែងលះគ្នានៅថ្ងៃណាមួយមិនខាន៕

Advertisement