មូលហេតុ 5 យ៉ាងរបស់ការលែងលះ

បើសេចក្តីស្នេហារបស់អ្នកចាប់ផ្តើមឡើងយ៉ាងស្រស់ស្អាត រៀបការគ្នា និងរស់នៅយ៉ាងរីករាយល្អូកល្អឹន តែឥលូវបែរជាកំពុងជិតបញ្ចប់ទៅវិញដោយការលែងលះនោះ ខាងក្រោមនេះគឺជា មូលហេតុសំខាន់ៗដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកបរាជ័យ ៈ

1 – ការផឹតក្បត់

រឿងដំបូងគេប្រហែលជាគេចមិនផុតពីការផឹតក្បត់នេះទេ។ ការដែលមនុស្សម្នាក់ចែកបេះដូងទៅឱ្យមនុស្សម្នាក់ទៀតនោះ នៅពេល​វាទៅជាដូច្នោះ ប្រាកដណាស់ថា សេចក្តីស្រឡាញ់ ភាពស្មោះត្រង់បានថយចុះ ឬសឹងតែគ្មាននៅសល់តែម្តងក៏អាចថាបានដែរ ធ្វើឱ្យសេចក្តីស្នេហាដែលតឱ្យខំនាំគ្នាកសាងមកយូរយារប៉ុនណាក៏ដោយ ក៏ត្រូវតែដួលរលំខ្ទេចខ្ទីអស់ដែរ ទោះជាមានហេតុផលនិងភាពចាំបាច់ចំពោះការផឹតក្បត់នេះឬអត់ក៏ដោយ។

2 – ភាពខុសគ្នា

ចាប់ផ្តើមស្នេហ៍ដំបូង អ្នកអាចនឹងខំតាំងចិត្តកែសម្រួលខ្លួន កែសម្រួលស្ថានភាពរបស់ខ្លួន កែសម្រួលទស្សនគតិឱ្យដូចគ្នា ឱ្យចូលគ្នា ដើម្បីឱ្យជីវិតគូរបស់អ្នកចូលគ្នាបាន និងទៅជាមួយគ្នាឱ្យបានល្អ តែបើសិនជាការកែសម្រួលខ្លួនទាំងនោះជាការបង្ខំចិត្តខ្លួនឯងនោះ ថ្ងៃណាមួយចរឹតពិត គំនិតដែលជារបស់អ្នកពិតប្រាកដនោះ វានឹងត្រឡប់មកវិញ ហើយនៅពេលនោះឯង ធ្វើឱ្យមិនថាអ្នកត្រូវ

គិតពីរឿងអ្វី រឿងតូច រឿងធំនោះទេ វានឹងក្លាយជារឿងដែលអ្នកយល់ខុសពីគ្នាយ៉ាងស្រឡះតែម្តង។

3 – រឿងលុយកាក់

ព្រោះតែលុយកាក់មានន័យពីការដែលត្រូវចាយវាយ រស់នៅប្រចាំថ្ងៃ ដូច្នេះបើលុយកាក់ក្លាយជាបញ្ហារបស់គូស្នេហ៍របស់អ្នកនៅពេលណាមួយនោះ ប្រហែលមិនមែនជារឿងពិបាកឡើយដែលវានឹងធ្វើឱ្យអ្នកមិនត្រូវចិត្តគ្នា អាចនឹងដោយសារតែរឿងដែល ខាងណាម្នាក់មិនរកប្រាក់ដើម្បីចាយវាយ ធ្វើឱ្យម្ខាងទៀតត្រូវពិបាកខំប្រឹងប្រែងប្រវេប្រវារកលុយតែម្នាក់ឯង ឬខាងណាម្នាក់ធ្លាប់ជាអ្នកមានបានពីមុន រហូតដល់ថ្ងៃដែលប្រាក់ចាប់ផ្តើមស្រកចុះជាបណ្តើរៗនោះ វាប្រៀបដូចជាក្តីស្នេហាក៏ស្រកអស់ទៅតាមនោះអ៊ីចឹងដែរ។

4 – ខ្វះការទំនាក់ទំនង ឆ្លើយឆ្លងគ្នា

ការទំនាក់ទំនងឆ្លើយឆ្លងគ្នាគឺជាកូនសោរសំខាន់សម្រាប់សម្ព័ន្ធភាពរបស់គូស្នេហ៍ ការខ្វះការទំនាក់ទំនងឆ្លើយឆ្លងដ៏ស័ក្តិសមត្រឹមត្រូវអាចនាំទៅរកការចុះខ្សោយរបស់សម្ព័ន្ធភាពស្នេហ៍រវាងអ្នកទាំងពីរ និងជាមូលហេតុធ្វើឱ្យកើតការយល់ច្រឡំបាន។ គូស្នេហ៍អាចចាប់ផ្តើមបែរខ្នងដើរចេញពីគ្នា និងអាចមានការគិតដល់រឿងការលែងលះឡើងបានទៀតផង បើសិនគូស្នេហ៍នោះគ្មានការទំនាក់ទំនងឆ្លើយឆ្លងគ្នាយ៉ាងមានប្រសិទ្ធភាពនោះ។

5 – គោលដៅក្នុងជីវិតដែលមិនដូចគ្នា

គោលដៅក្នុងជីវិតរបស់គូស្វាមីភរិយាដែលមិនដូចគ្នា អាចនឹងនាំមកនូវភាពទាស់ទែងបានយ៉ាងងាយ ភរិយាចង់ឱ្យស្វាមីជួយការងារផ្ទះ និងជួយមើលថែទាំចិញ្ចឹមកូន តែស្វាមីបែរជាមើលឃើញថា រឿងនោះជាតួនាទីរបស់ភរិយា។ នៅពេលម្នាក់ៗនឹកសង្ឃឹមឱ្យតែគេកែសម្រួលខ្លួន ហើយបើនៅទីបំផុតគ្មាននរណាសុខចិត្តលះបង់ ឬគិតតែពីសម្លឹងមើលថាអ្នកម្ខាងទៀតអត្មានិយមនោះ នឹងធ្វើឱ្យកើតការឈ្លោះទាស់ទែងបានយ៉ាងងាយ សម្ព័ន្ធភាពស្វាមីភរិយាអាចរង្គោះរង្គើបាន។

ដូច្នេះគូស្នេហ៍ណា ដែលនៅតែចង់ឱ្យសេចក្តីស្នេហាស្រស់ស្អាតដូចដែលធ្លាប់ស្រមៃទុកតាំងពីដំបូងនោះ ក៏សុំឱ្យប្រើសតិស្មារតី ប្រើប្រាស់សេចក្តីស្នេហាឱ្យដូចកាលពីពេលជួបគ្នាដំបូង ឱ្យដូចថ្ងៃដែលធ្លាប់បានសន្យានឹងគ្នា ដើម្បីឱ្យសេចក្តីស្នេហារបស់អ្នកគង់វង្សស្ថិតស្ថេរបានយូរអង្វែង មិនកើតការលែងលះជាចំណុចបញ្ចប់របស់អ្នកទាំងពីរ៕

Advertisement