គន្លឹះល្អៗ ធ្វើឱ្យជីវិតគូស្ថិតស្ថេរគង់វង្ស

សេចក្តីស្រឡាញ់ជារឿងដែលល្អសម្រាប់មនុស្សគ្រប់រូប តែនៅពេលមានសេចក្តីស្រឡាញ់ហើយ តើយើងនឹងធ្វើយ៉ាងណាឱ្យសេចក្តីស្រឡាញ់នោះនៅគង់វង្សស្ថិតស្ថេរ និងយូរអង្វែង ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗមកជម្រាបជូនគូស្វាមី ភរិយាគ្រប់ៗគ្នាដូចខាងក្រោមនេះ ៈ

1 . សម្លឹងរកមើលចំណុចមិនល្អរបស់ខ្លួនឯង

នៅពេលរស់នៅជាមួយគ្នា ម្នាក់ៗនឹងមើលឃើញពីចំណុចមិនល្អរបស់គ្នាទៅវិញទៅមកមិនខាន តែចូរកុំយកចំណុចមិនល្អរបស់នាង(ឬគេ)មករារាំងការកែសម្រួលចំណុចមិនល្អរបស់ខ្លួនឯងឱ្យសោះ ព្រោះការដែលអ្នកបានកែសម្រួលខ្លួននោះ គូគ្រងរបស់អ្នកក៏នឹងបែរត្រឡប់មករកមើលចំណុចមិនល្អរបស់ខ្លួនឯងដូចគ្នា។

2 . កុំសម្តែងភាពមិនត្រូវចិត្ត ឬភាពមិនពេញចិត្តគូគ្រងនៅចំពោះមុខអ្នកដទៃ

ព្រោះមិនថាស្រី ឬប្រុសឡើយ បើជួបហេតុការណ៍បែបនេះ នឹងមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាត្រូវបំបាក់មុខ ហើយលទ្ធផលដែលតាមមកនោះគឺ ការឈ្លោះប្រកែកនឹងកើតឡើង ដូច្នេះគួររក្សាទុកអារម្មណ៍មិនពេញចិត្តនៅពេលនោះទៅអង្គុយនិយាយគ្នានៅក្នុងផ្ទះវិញ ប្រសើរជាងធ្លាក់ខ្លួនក្លាយជាចំណុចស៊ីបរបស់ខ្សែភ្នែកអ្នកឯទៀតដោយសារតែការឈ្លោះប្រកែកគ្នា។

3 . កុំលះបង់ពេលវេលាទៅលើការងារច្រើនជ្រុលពេក

រហូតដល់គ្មានពេលវេលាសម្រាប់ក្រុមគ្រួសារឱ្យសោះ ព្រោះក្រុមគ្រួសារគឺជាអ្វីដែលសំខាន់បំផុតក្នុងការជួយរុញច្រាន និងគាំទ្រឱ្យការធ្វើការងាររបស់អ្នករីកចម្រើន និងឈានទៅមុខ។

4 . ពេលមានបញ្ហាត្រូវបែរមុខរកគ្នា

មិនមែនថាដល់ពេលកើតមានបញ្ហា ម្នាក់ៗបែរខ្នងដាក់គ្នា មិននិយាយ មិនអធិប្បាយអំពីបញ្ហាដែលកើតឡើង ព្រោះគិតថាមិនចាំបាច់ត្រូវអធិប្បាយអ្វីឡើយ បណ្តោយឱ្យវាទៅតាមដំណើរ បន្តិចទៅម្នាក់ៗគង់តែភ្លេចទៅវិញទេ តែអ្នកដឹងទេថា វាគឺជាស្នាមប្រេះបែកដែលកំពុងតែធ្វើឱ្យជីវិតគូរបស់លោកអ្នកមិនស្ថិតស្ថេរ ដូច្នេះគួរតែបែរមុខមកជជែកគ្នាទើបជារឿងប្រសើរបំផុត។

5 . ឧស្សាហ៍បំពេញចិត្តគ្នាទៅវិញទៅមក

នៅពេលអ្នកទាំងពីរមករួមរស់ជាមួយគ្នា ច្បាស់ជាត្រូវជួបនឹងសេចក្តីសុខ និងសេចក្តីទុក្ខផ្លាស់ប្តូរលាយឡំគ្នាមិនខាន ដូច្នេះសុំត្រឹមតែកុំអាលអស់កម្លាំងចិត្តក្នុងការតស៊ូ ចូរនៅចាំធ្វើជាកម្លាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងគ្រាដែលនាង(ឬគេ)មានទុក្ខ។

6 . រកពេលវេលារំលឹកអនុស្សាវរីយ៍ចាស់ៗ

មិនថាតែនៅតាមខេត្រ ឬទីកន្លែងដែលអ្នកទាំងពីពេញចិត្ត និងចូលចិត្តទៅលេងញឹកញាប់នោះទេ ប្រើពេលវេលានោះកើបប្រមូលក្តីចងចាំល្អៗដែលធ្វើឱ្យទាំងពីរនាក់មានថ្ងៃនេះ។ ការមានសេចក្តីស្នេហាមិនមែនជារឿងពិបាកនោះទេ តែការធ្វើឱ្យសេចក្តីស្នេហាគង់វង្សស្ថិតស្ថេរយូរអង្វែងទៅវិញទេដែលជារឿងពិបាកនោះ៕

Advertisement