5 សំនួរ សួរគូស្នេហ៍ មុនសម្រេចចិត្តរៀបការជាមួយគ្នា

ប្រហែលជាគ្មាននរណានៅទីណាសម្លឹងមើលការរៀបការថា ជារឿងតូចតាចក្នុងជីវិតឡើយ ការរំកឹលឋានៈពីគូស្នេហ៍មកជាគូជីវិត គឺជាជំហានជីវិតមួយទៀតដែលអ្នកទាំងពីរគួរផ្តល់ភាពសំខាន់ ហើយតើអ្នកជឿជាក់ក្នុងចិត្តបានច្រើនតិចប៉ុនណា ថាគូស្នេហ៍របស់អ្នកមានភាពត្រៀមរួចជាស្រេចក្នុងការទប់ប្រគងជីវិតគូរួមជាមួយអ្នក។ ថ្ងៃនេះទើប ឡារ៉ែនរួបរួមសំនួរដែលគូស្នេហ៍របស់អ្នកត្រូវតែឆ្លើយមុននឹងរស់នៅជាមួយគ្នា ដើម្បីឱ្យអ្នក និងគេ(នាង)បានកែសម្រួលទស្សនគតិដែលល្អរួមគ្នា។

1. ដោយសារអ្វីទើបអ្នកចង់ប្រើជីវិតដែលនៅសល់តទៅមុខទៀតជាមួយខ្ញុំ?

ដូចដែលបានដឹងហើយថា ការដែលអ្នកទាំងពីរសម្រេចចិត្តរស់នៅរួមគ្នា រឿងដែលតាមមកនោះ គឺការដែលអ្នកទាំងពីរនឹងត្រូវឆ្លងកាត់ពេលវេលានៃសេចក្តីទុក្ខ និងសេចក្តីសុខរួមគ្នា គ្រប់នាទី គ្រប់ម៉ោងរាប់មិនអស់ទៀតបន្ទាប់ពីនេះទៅ និងអ្នកទាំងពីរត្រូវតែប្រឈមមុខ និងកែបញ្ហា ពុះពារទៅជាមួយគ្នា។ នៅពេលដែលសច្ចៈធម៌របស់ជីវិតគូវាដូច្នេះ សាកល្បងស្តាប់ចម្លើយអំពីគេ(នាង)ទៅមើលថា តើដោយសារអ្វីទើបគេ(នាង)នៅតែជ្រើសរើសយកអ្នកមកធ្វើជាគូជីវិត។

2. តើវិធីណាខ្លះដែលនឹងធ្វើឱ្យជីវិតគូមានសេចក្តីសុខស្ថិតស្ថេរយូរអង្វែង?

ភាពរ៉ូមែនទិកក្នុងជីវិតគូត្រូវអាស្រ័យទាំងគំនិតច្នៃបង្កើត និងភាពយកចិត្តទុកដាក់ មិនថាតែគូស្វាមីភរិយាថ្មោងថ្មីប៉ុណ្ណោះទេដែលត្រូវការបង្ហាញឱ្យដៃគូដឹងថា តើបងស្រឡាញ់អូនខ្លាំងប៉ុនណា ឬអូនស្រឡាញ់បងខ្លាំងប៉ុនណានោះ សូម្បីតែគូស្នេហ៍ដ៏យូរអង្វែងម្ភៃប្រាំឆ្នាំមកហើយក៏ដោយ ក៏សុទ្ធតែត្រូវការម៉ូមេនត៍បែបនេះដូចគ្នាទាំងអស់។ ការចង់ឱ្យជីវិតគូរបស់ខ្លួនឯងមានសេចក្តីសុខស្ថិតស្ថេរយូរអង្វែង មិនមែនជារឿងឆក់កណ្ឌៀតនោះទេ ប្រាកដណាស់ថា មួយគូៗច្បាស់ជាមានវិធីដែលខុសប្លែកពីគ្នា តែវាស្ថិតនៅត្រង់ថា តើអ្នករកវាឃើញឬក៏អត់ប៉ុណ្ណោះ។

3. តើអាយុដែលខុសគ្នាមានបញ្ហាអ្វីចំពោះយើងដែរឬទេ?

មែនទែនទៅ រឿងភាពខុសគ្នារបស់អាយុមិនគួរក្លាយជារឿងដែលអ្នកទាំងពីរមើលរំលងនោះទេ គូស្នេហ៍ជាច្រើនគូត្រូវសម្រេចចិត្តបញ្ចប់សម្ព័ន្ធភាពរវាងគ្នាដោយការលែងលះ ដោយហេតុផលដែលថា អាយុខុសគ្នាច្រើនជ្រុលពេក ទើបធ្វើឱ្យទស្សនគតិខាងការគិតខុសគ្នាទៅដែរ។ នៅពេលដែលរឿងរបស់អាយុដែលមិនអាចកែតម្រូវឱ្យស្មើគ្នាបាននោះ ម្តងនេះក៏ស្ថិតនៅត្រង់ថា តើជីវិតគូរបស់អ្នកត្រៀមជាស្រេចក្នុងការកែសម្រួលទស្សនគតិ ដើម្បីកាត់បន្ថយការយល់ឃើញដែលផ្សេងគ្នារបស់អំឡុងអាយុទៅជាមួយគ្នារហូតមួយជីវិតហើយឬនៅ?។

4. ត្រៀមរួចជាស្រេចហើយឬនៅក្នុងការធ្វើជាឪពុកម្តាយដ៏ល្អរបស់កូន?

ប្រាកដណាស់ថា បន្ទាប់ពីអ្នករៀបអាពាហ៍ពិពាហ៍ហើយ អ្នកត្រូវតែចង់មានកូនដើម្បីនឹងក្លាយជាខ្សែច្រវាក់មាសចងចិត្តរវាងអ្នក និងគេ(នាង) បើអ្នកត្រៀមរួចជាស្រេចហើយក្នុងការមានកូន អ្នកចាំបាច់ត្រូវតែមានការរៀបចំផែនការដែលល្អមួយផងដែរ រឿងដែលសំខាន់នោះគឺ អ្នកត្រូវមានភាពអត់ធន់ស៊ូទ្រាំ និងកុំបោះបង់ឱ្យខាងណាម្នាក់ត្រូវចិញ្ចឹមកូនតែម្នាក់ឯងជាដាច់ខាត។

5. តើអាចទៅរួចទេក្នុងការនិយាយគ្នាត្រង់ៗ?

ការទំនាក់ទំនងគ្នាយ៉ាងត្រង់ទៅត្រង់មកលើគ្រឹះនៃភាពស្មោះស្ម័គ្រ គឺជាបេះដូងគោលសំខាន់របស់ជីវិតគូ ការជ្រើសរើសយកការប្រមូលសន្សំបញ្ហាកំប៉ិកកំប៉ុកទុកក្នុងខ្លួនដោយមិនព្រមហារមាត់និយាយ ដោយសារតែខ្លាចថា វានឹងប៉ះពាល់ដល់ស្ថានភាព សម្ព័ន្ធភាពនោះ អាចមិនមែនជាដំណោះស្រាយដែលល្អបំផុតជានិច្ចនោះទេ មានតែរឹតតែប្រមូលសន្សំអារម្មណ៍នៃភាពមួហ្មង រក្សាទុកជាចំហេះមួយដែលរង់ចាំតែថ្ងៃផ្ទុះឡើងយ៉ាងមិនដឹងខ្លួននៅពេលណាមួយក៏បានទៅវិញទេ។

ទាំងអស់ខាងលើនេះ គឺជាសំនួរងាយៗដែលនឹងនាំឱ្យទាំងរូបអ្នក និងគេ(នាង)បានមកអង្គុយទល់មុខគ្នា គិតជាមួយគ្នាថា តើ ត្រៀមជាស្រេចហើយឬនៅដែលអ្នកទាំងពីរយល់ព្រមក្នុងការប្រើជីវិតរួមគ្នានោះ?។ មិនប្រាកដដែរថា សំនួរងាយៗទាំងអស់នេះឯង ដែលនឹងធ្វើឱ្យអ្នកនឹកឃើញរឿងអ្វីបានច្រើនយ៉ាងតាមរយៈចម្លើយរបស់គូស្នេហ៍៕

Advertisement