សញ្ញាដាស់តឿននៅពេលដែលស្នេហានេះ…មិនមែនសម្រាប់រូបអ្នក

បើអ្នកមិនប្រាកដក្នុងចិត្តថា មនុស្សដែលកំពុងសេពគប់គ្នានោះ គឺជាមនុស្សដែល “មែន” ឬ “មិនមែន” សម្រាប់រូបអ្នកនោះវាមិនមែនជារឿងចម្លែកទេ ព្រោះដំបូងៗថ្មីៗ អ្វីៗក៏មើលទៅល្អគ្រប់យ៉ាង តែលុះពេលវេលាកន្លងទៅ អារម្មណ៍ដែលថា​ដូចជាមិនមែនជាមនុស្សដែលអ្នកត្រូវការនោះ ក៏លេចភ្លែតឡើងនៅក្នុងខួរក្បាល។

– មិនអាចទទួលយកអតីតកាលដែលកន្លងមករបស់អ្នកបាន

យើងគ្រប់គ្នាសុទ្ធតែមានអតីតកាលដូចគ្នាទាំងអស់ បើគូសង្សារបស់អ្នកជាមនុស្សម្នាក់ដែលមិនអាចទទួលយករឿងកាលពីអតីតរបស់អ្នកបាន ជាពិសេសក្នុងរឿងស្នេហាកាលពីអតីតដែលបានបញ្ចប់ទៅហើយនោះ ក៏សាកល្បងគិតទៅមើលថា តើគេនៅបារម្ភ និងចង់នៅថែទាំអ្នកតទៅទៀតដែរឬទេ?។

– មានអារម្មណ៍មួម៉ៅដាក់អ្នករហូត

បើគេតែងតែមានអារម្មណ៍មួម៉ៅ ឆេវឆាវដាក់អ្នករហូតដល់ថ្នាក់ហួសហេតុពេក មិនថាតែពេលអ្នកសើចសប្បាយ យំ ត្រេកអរ ឬពិបាកចិត្តនោះ ចូរដឹងទៅចុះថា អ្នកមិនគួរសេពគប់ជាមួយមនុស្សប្រភេទនេះយ៉ាងដាច់ខាត។

– បង្ហាញពីភាពគ្មានសុជីវធម៌

បើគូសង្សារបស់អ្នកជ្រើសរើសក្នុងការបង្ហាញពីទង្វើគ្មានសុជីវធម៌ដាក់អ្នក និងគ្មានសញ្ញាណាមួយដែលថា គេ(នាង)នឹងបញ្ឈប់ ឬផ្អាក ឬគ្រប់គ្រងវាបានមិនថាតែក្នុងទីសាធារណៈ ឬក្នុងកន្លែងដែលគ្មានអ្នកណាឃើញនោះ អ្នកគួរតែនាំខ្លួនឯងចេញឱ្យឆ្ងាយពីគេ(នាង)ជាបន្ទាន់។

– ភូតកុហកអ្នកជាប់ជានិច្ច

តើអ្នកដែលសង្កេតមើលដែរទេថា ពេលដែលអ្នកសួរគេនូវសំនួរដែលថា តើគេធ្វើអី? នៅឯណា? នៅជាមួយអ្នកណា? នោះ តើប្រតិកម្មដំបូងដែលគេ(នាង)មានចំពោះអ្នកយ៉ាងណាដែរ? តើគេច្រើនតែប្រើពេល 2 – 3 នាទីក្នុងការរកនឹកចម្លើយដែរឬទេ?

បើេវាជារឿងតូចតាច ក៏ល្មមអាចទទួលយកបាន តែទីបំផុតទៅមនុស្សយើងក៏ត្រូវតែជ្រើសរើសយកការនៅជាមួយការពិតច្រើនជាងរស់នៅជាមួយភាពកុហកបោកប្រាស់។

មុនអ្វីទាំងអស់ អ្នកត្រូវតែទទួលយកឱ្យបានជាមុនសិនថា នៅលើពិភពលោកនេះ គ្មាននរណាឥតខ្ចោះនោះទេ តែបើអ្នកមានអារម្មណ៍ថា គេ(នាង)គ្មានភាពសហការចំពោះសម្ព័ន្ធភាពលើកនេះជាមួយអ្នកទេនោះ វាក៏មិនមែនជារឿងអ្វីដែលអ្នកត្រូវមកខាតពេលវាលានៅជាមួយមនុស្សដែល “មិនមែន” សម្រាប់អ្នកតទៅទៀតដែរ៕

Advertisement