សួរចិត្តខ្លួនឯងហើយឬនៅ? ជាមួយរឿងសំខាន់ដែលត្រូវតែទទួលយកឱ្យបាន…មុនសម្រេចចិត្តរៀបការ

“ការរៀបការ” មិនបានមានន័យថា សេចក្តីស្នេហារបស់អ្នកបានធ្វើដំណើរមកដល់ចំណុចដែលទទួលបានជោគជ័យហើយនោះទេ តែវាគឺជា ការចាប់ផ្តើមជីវិតគូទៅវិញទេ។ សេចក្តីស្នេហាមានតួនាទីរុញច្រានឱ្យមនុស្សពីរនាក់សម្រេចចិត្តរួមរស់នៅជាគូនឹងគ្នា តែ..នឹងមានប៉ុន្មានគូទៅដែលនឹងថែប្រគងសម្ព័ន្ធភាពស្នេហ៍ឱ្យរួចទៅដល់ត្រើយនៃសេចក្តីសុខបាននោះ?។

ដូច្នេះបើអ្នកជាមនុស្សម្នាក់ដែលកំពុងសម្រេចចិត្តចង់រៀបការក្នុងពេលឆាប់ៗនេះ តើមានដែលសាកល្បងសួរចិត្តខ្លួនឯងឱ្យប្រាកដច្បាស់ហើយឬនៅថា អ្នកបានត្រៀមខ្លួនរួចហើយ និងអាចទទួលយករឿងសំខាន់ៗទាំងនោះបានច្រើនតិចខ្លាំងប៉ុនណា? ដូច្នេះពេលនេះយើងនឹងបបួលអ្នកមកគិតត្រិះរិះដោយបេះដូង និងសតិស្មារតីរបស់អ្នកម្តងទៀត ព្រោះបើថ្ងៃណាមួយសេចក្តីស្នេហាមិនបានល្អស្រស់បំព្រងដូចការនឹកសង្ឃឹមនោះ តើអ្នកអាចទទួលយក និងទប់ទល់ជាមួយវាបានឬទេ? យើងនាំគ្នាមកមើលដូចតទៅ ៖

Advertisement

នៅពេលដែលគូស្នេហ៍អាចនឹងប្រែប្រួលខុសពីមុននៅថ្ងៃណាមួយ

ពិភពរបស់សេចក្តីស្នេហាមានទាំងសុខ និងទុក្ខ តែវាក៏មិនបានសាហាវឃោឃៅរហូតនោះដែរ បើយើងចេះទទួលយកបាននៅលើលក្ខខណ្ឌនៃសេចក្តីពិតបាន ហើយសង្គមបច្ចុប្បន្ននេះ មនុស្សយើងម្នាក់ៗសុទ្ធតែដង្ហោយរកសេចក្តីសុខមកដាក់ខ្លួន ដោយបោះបង់មនុស្សម្នាក់ទៀតចោលបានយ៉ាងងាយជានិច្ច ដូច្នេះបើថ្ងៃនេះគេប្រាប់ថាស្រឡាញ់អ្នកខ្លាំងណាស់ តែនៅពេលរៀបការហើយ ថ្ងៃមួយគេមានទង្វើខុសពីមុន ព្រងើយកន្តើយ យកចិត្តទុកដាក់រូបអ្នកកាន់តែតិចទៅ ឬអាចលួចមានអ្នកថ្មីនោះ បែបហ្នឹង…តើអ្នកមានបានត្រៀមការណ៍ទុកក្នុងចិត្តយ៉ាងស្ងាត់ៗហើយឬនៅថា នឹងត្រូវទប់ទល់យ៉ាងណា?។

នៅពេលដែលឋានៈជីវភាព និងភាពរឹងមាំខាងគ្រួសារចាប់ផ្តើមរង្គោះរង្គើ

នៅពេលជួបស្នេហ៍ថ្មីៗ ឬរៀបការរួចថ្មីៗ ស្រីៗអាចសម្រេចចិត្តយ៉ាងងាយៗដោយសារគ្រាន់តែខាងប្រុសមានឋានៈជីវភាពស្ថិតស្ថេរមាំមួន តែ…ចុះបើរៀបការនឹងគ្នាយូរទៅ ជីវិតការធ្វើការងាររបស់គេដើរមកដល់ចំណុចបរាជ័យ គេលែងមានអ្វីឱ្យអ្នកពឹងពាក់បាន លែងមានប្រាក់ចំណូលល្អៗដែលធ្លាប់តែមើលថែប្រណិប័តន៍រូបអ្នកយ៉ាងល្អ បើគេបរាជ័យខាងផ្នែកហិរញ្ញវត្ថុ និងការងារ តើអ្នកមានបានត្រៀមចិត្តរួចហើយឬនៅថា នឹងត្រូវទប់ទល់យ៉ាងណា?។

នៅពេលគូស្នេហ៍មានបញ្ហាសុខភាពរហូតធ្វើឱ្យជីវិតគូលែងមានសេចក្តីសុខដូចកាលពីមុន

មនុស្សយើងនៅពេលអាយុច្រើនឡើង ពេលវេលាពិតជានឹងបំផ្លាញភាពរឹងមាំខាងរាងកាយឱ្យចុះខ្សោយមិនខាន មិនថាដោយ​សារតែគេត្រូវប្រឈមនឹងជំងឺចង្រៃណាមួយ ឬជួបនឹងគ្រោះថ្នាក់ផ្សេងៗរហូតដល់ថ្នាក់ពិការ ទុព្វលភាព ឬមិនថាតែឧបសគ្គណាមួយក៏ដោយដែលធ្វើឱ្យសុខភាពគូស្នេហ៍យ៉ាប់យ៉ឺននោះ ប្រាកដណាស់ថា សភាពរាងកាយ និងផ្លូវចិត្តរបស់គេនឹងត្រូវគ្រាំគ្រាយ៉ាងធ្ងន់ធ្ងរមិនខាន។ បើថ្ងៃនោះមកដល់…តើអ្នកនឹងនៅតែស្រឡាញ់ និងត្រៀមជាស្រេចក្នុងការក្លាយខ្លួនជាមួយកំណាត់ជីវិតទៀតដែលនៅសល់ដល់រូបគេរហូតតទៅបានដែរឬទេ?។

ដោយសារតែនៅលើដំណើរផ្លូវនៃសេចក្តីស្នេហា មិនបានរោយដោយផ្កាកុលាបជានិច្ចនោះ ទើបការរៀបការមិនបានកើតឡើងព្រមជាមួយសេចក្តីសុខដែលរលូននោះដែរ តែវានឹងសណ្តោងមកជាមួយនូវឧបសគ្គ និងបញ្ហាជាច្រើនក្នុងការរស់នៅរួមគ្នា ធ្វើឱ្យរូបអ្នកទាំងពីរនាក់អាចឈឺក្បាលវឹលមុខរហូតនឿយណាយក្នុងសម្ព័ន្ធភាព និងនៅពេលដែលវាកើតឡើងញឹកញាប់ទៅៗ បើអ្នកមិនរឹងមាំនិងស្ថិតស្ថេរចំពោះគ្នាគ្រប់គ្រាន់ទេនោះ ផ្លូវបំបែកនៃស្នេហ៍ច្បាស់ជាកើតឡើងនៅទីបំផុតមិនខាន ដូច្នេះ ការសម្រេចចិត្តរៀបការនឹងគ្នា ចូរកុំភ្លេចសួរពីភាពសំខាន់នេះទៅបេះដុងរបស់អ្នកឱ្យបានច្បាស់ជាមុនសិន ទើបជីវិតអាពាហ័ពិពាហ៍មិនខកបំណងនៅពេលខាងមុុខ៕

Advertisement