4 រឿងសំខាន់ដែលគួរឆ្លើយតបខ្លួនឯងឱ្យបាន មុនសម្រេចចិត្តរៀបការ

សេចក្តីស្នេហាដែលព្រោះបណ្តុះភាពផ្អែមល្ហែមយ៉ាងល្អរហូតមក ប្រហែលជាដល់ពេលហើយសម្រាប់ការសម្រេចចិត្តរៀបការនឹងគ្នា។ មនុស្សជាច្រើនស្រឡាញ់គ្នាខ្លាំងណាស់ និងមានបរិមាណក្តីស្នេហ៍ដ៏ច្រើនលើសលប់ តែក៏នៅតែមិនអាចទប់ទល់នឹងឧបសគ្គផ្សេងៗបានដែរ ទើបការប្រញាប់រៀបការធ្វើឱ្យគូស្នេហ៍មួយចំនួនព្រងើយកន្តើយនឹងសំណួរដែលអាចនឹងធ្វើឱ្យ ការគ្រងស្នេហា មិនអាចស្ថិតស្ថេរយូរអង្វែងបាន។ ហើយខាងក្រោមនេះគឺជាសំណួរដែលនឹងធ្វើឱ្យអ្នកនឹកឃើញ និងនាំគ្នារៀបផែនការទប់​ទល់​មុនពេលសម្រេចចិត្តរៀបការបានទាន់។ ទាំងអស់នេះក៏ដើម្បីឱ្យការគ្រងស្នេហ៍ក្រោយពេលរៀបការពេញទៅដោយសម្ព័ន្ធភាពដែលនៅក្បែរយើងរហូតទៅ។ ឥលូវយើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះដែលគួរតែឆ្លើយតបខ្លួនឯងឱ្យបានសិនមុនរៀបការ។

1 . ភាពស្ថិតស្ថេររបស់អនាគត

ភាពស្ថិតស្ថេររបស់អនាគតចាប់ផ្តើមពីបច្ចុប្បន្នរបស់អ្នក និងគេ(ឬនាង) ត្រូវសម្លឹងមើលជាមុនសិនថា តើអ្នក និងគេ(ឬនាង)មានមុខនាទីការងាររឹងមាំស្ថិតស្ថេរហើយឬនៅ និងបើថ្ងៃណាមួយដែលរៀបការហើយ គូស្នេហ៍អាចមានហេតុឱ្យត្រូវអស់ការងារធ្វើ ឬអ្នកទាំងពីរអាចនឹងលែងមានការងារធ្វើទាំងអស់គ្នា តើអ្នកគួរមានផែនការទប់ទល់យ៉ាងណាខ្លះ? ដែលសំខាន់មុនគេគឺ អាចនឹងត្រូវមានប្រាក់បម្រុងទុកជាមួយគ្នាមួយចំនួន ដើម្បីកុំឱ្យគ្រឹះអនាគតរង្គោះរង្គើតាម។

2 . ពេលវេលាដែលអាចមានមិនត្រូវគ្នា

ពិតហើយដែលការរៀបការគ្នានឹងធ្វើឱ្យអ្នកទាំងពីរបានរស់នៅជាមួយគ្នា តែកុំភ្លេចថា អាជីពខ្លះ ដូចជា គ្រូពេទ្យ ប៉ូលីស ឬអ្នកដែលធ្វើការងារបម្រើសេវាកម្មខ្លះនឹងត្រូវនៅចាំស្ទែនបាយគ្រប់ពេលវេលា អាចនឹងត្រូវចេញទៅធ្វើការមិនទៀងពេល និងធ្វើឱ្យអ្នកគ្មានពេលនៅជាមួយគ្នាបានតាមដែលអាចទៅរួចនោះ ត្រូវឆ្លើយសំនួរនេះឱ្យបានសិនថា បើសិនជាកើតស្ថានការណ៍បែបនេះឡើងញឹកញាប់ តើអ្នកនឹងទទួលយកវាបានដែរឬទេ?។

3 . ការរៀបផែនការអនាគតរួមគ្នា

ការរៀបផែនការអនាគតរួមគ្នាត្រូវកើតចេញពីគំនិត និងគោលដៅជីវិតដែលមានទិសដៅដូចគ្នាជាចម្បង ​ដូចជា​ ការរៀបចំផែនការរឿងមុខជំនួញគ្រួសារ ការមានកូន ការទិញផ្ទះ ទិញរថយន្ត-ល- ទាំងអស់នេះត្រូវតែយល់ឃើញដូចគ្នា និងឯកភាពគ្នា មិនមែនម្នាក់ៗគិតឃើញខុសពីគ្នានោះទេ។ សាកល្បងនិយាយគ្នា និងរៀបផែនការទុកតាំងពីដំបូងៗ មិនមែនរៀបការរួចហើយបានមករៀបចំផែនការតាមក្រោយនោះទេ ព្រោះវាអាចនឹងធ្វើឱ្យអ្នកពិបាកក្នុងការសម្របសម្រួលខ្លួនឱ្យចូលគ្នាខាងផ្នែកគំនិត និងនៅធ្វើឱ្យកើតរឿងទើសទាល់ក្នុងចិត្តចំពោះគ្នាទៀតផង។

4 . ចំណង់ចំណូលចិត្ត និងរសនិយមរឿងលើគ្រែ

នេះគឺជារឿងសំខាន់សម្រាប់ការមានជីវិតគូខ្លាំងណាស់ ទាំងគូមុននឹងសម្រេចចិត្តរៀបការនឹងគ្នា ការឆ្លងកាត់ក្តៅ-ត្រជាក់ក្នុងរឿងផ្សេងៗ អាចនឹងមិនគ្រប់គ្រាន់ក្នុងការទប់ប្រគងសម្ព័ន្ធភាពស្នេហ៍ឱ្យគង់វង្សជានិរន្តរទៅបានឡើយ តែរឿងសិចក៏មានចំណែករឹតបន្តឹងសម្ព័ន្ធភាពឱ្យស្អិតល្មួតរវាងគ្នាបានដែរ ដូច្នេះ គួរតែជជែកគ្នាជាមុនសិនមុនរៀបការសម្រាប់រឿងលើគ្រែនេះថា តើអ្នកទាំងពីរនិយមចូលចិត្ត និងស្វាគមន៍ចំពោះរឿងនេះច្រើនតិចប៉ុនណា បើបញ្ចប់ដោយការយល់ចិត្តយល់ថ្លើមគ្នាទាំងរឿងសិច និងឡៃហ្វ៍ស្តាយផ្នែកផ្សេងៗបានហើយនោះ ធានាថាជីវិតគូរបស់អ្នកនឹងភើហ្វេកឥតខ្ចោះមែនទែនតែម្តង។

ការរៀបការត្រូវតែមកព្រមជាមួយកម្មវិធីការគិតត្រិះរិះពិចារណាជាមុនយ៉ាងល្អិតល្អន់ជានិច្ច កុំរៀបការព្រោះតែក្តីស្នេហា ឬព្រោះតែអារម្មណ៍នឹកស្រណុកសប្បាយឱ្យសោះ ព្រោះស្នេហាមិនបានមានតែជ្រុងមួយនោះទេ ជីវិតគូនៅត្រូវសម្របសម្រួលអ្វីៗទៀតច្រើនណាស់ ដូច្នេះ បើអ្នកនឹកដល់ចំណូចទាំងអស់នេះ និងឆ្លើយតបនឹងសំណួររបស់ខ្លួនឯងបាន ព្រមទាំងចេះទប់ទល់កែខៃបញ្ហាបានផងនោះ សេចក្តីស្នេហារបស់អ្នកទាំងពីរនឹងស្ថិតស្ថេរគង់វង្សយូរអង្វែងមិនខាន៕

Advertisement