រឿងងាយៗ 5 រឿង ដើម្បីជីវិតគូស្ថិតស្ថេរយូអង្វែង

បច្ចុប្បន្នក្នុងសភាវបរិស្ថានដែលការរស់នៅលំបាក់លំបិនជាងកាលពីអតីតកាល ជីវិតគូដែលគង់វង្សស្ថិតស្ថេរ កក់ក្តៅពោរពេញទៅដោយសេចក្តីស្រឡាញ់ និងការយល់ចិត្តយល់ថ្លើមគ្នា គឺជាប្រភពនៃថាមពលកាយ និងចិត្តដ៏សំខាន់ឱ្យយើងតស៊ូរស់នៅបានយ៉ាងមានសេចក្តីសុខ ដោយគោលការណ៍ងាយៗ 5 យ៉ាងគឺ លើកតម្កើង យល់ព្រម បត់បែន បែងចែក និងតស៊ូ ដូចខាងក្រោមនេះ។

1 . លើកតម្កើង

សម្រាប់គូជីវិត ការសរសើរ លើកតម្កើង និងផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកជារឿងមួយសំខាន់ខ្លាំងណាស់ ការចេះលើកតម្កើងគូជីវិតលើមូលដ្ឋាននៃការពិតទាំងនៅចំពោះមុខ និងពីក្រោយខ្នងនោះ នឹងធ្វើឱ្យរស់នៅរួមគ្នាបានយ៉ាងរីករាយគ្មានបញ្ហា។ បើមិនដឹងថា នឹងត្រូវប្រើវាចានិយាយលើកតម្កើងយ៉ាងណានោះ ដំបូងគឺត្រូវមិននាំយករឿងស្វាមី ឬភរិយាទៅនិយាយលេងយ៉ាងសប្បាយមាត់នោះទេ ព្រោះបើសិនជាអ្នកណាបានឮ គេនឹងយល់ថា ប្តីប្រពន្ធមួយគូនេះមិនចេះផ្តល់កិត្តិយសឱ្យគ្នាទៅវិញទៅមកឡើយ។

2 . យល់ព្រម

ចេះយល់ព្រម អ៊ឺអើ តាមចិត្តស្វាមី (ឬភរិយា)ខ្លះផង ព្រោះមនុស្សពីរនាក់ដែលមកពីកន្លែងផ្សេងគ្នា ហើយមករស់នៅជាមួយគ្នា វាពិតជាមានម្តង ឬពីរដងមិនខានដែលទាំងពីរនាក់មានការយល់ឃើញមិនដូចគ្នា ក្នុងខណៈដែលការរស់នៅរួមគ្នានេះនៅមានរឿងជាច្រើនដែលទាំងពីរនាក់ចាំបាច់ត្រូវសម្រេចចិត្តរួមគ្នា។ បើម្នាក់ៗប្រកាន់យកតែហេតុផលរបស់ខ្លួនឯងជាធំ គ្មានអ្នកណាចុះញ៉មអ្នកណា គិតតែពីចង់ឈ្នះនោះ ជីវិតគូបែបនេះប្រហែលជារស់នៅជាមួយមិនបានយូរអង្វែងឡើយ។

3 . បត់បែន

ក្នុងការរស់នៅជីវិតគូ រឹតតែនៅជាមួយគ្នាយូរទៅ រឹតតែស្គាល់គ្នាខ្លាំងឡើង និងមានរឿងរ៉ាវផ្សេងៗដើរចូលមកក្នុងជីវិតរបស់គ្នាទៅវិញទៅមកកាន់តែច្រើនឡើងដែរ។ ពេលរស់នៅជាមួយគ្នាថ្មីៗ ក៏ចេះតែអាចទ្រាំបានហើយ តែដល់យូរៗទៅ រឿងដែលធ្លាប់ទ្រាំបាន ក៏ចាប់ផ្តើមទ្រាំលែងបាន ទទួលយកលែងបាន ព្រោះជួបតែរឿងដដែលៗ តែការពិតវិញ ជីវិតគូ រឹតតែរស់នៅជាមួយគ្នាយូរ រឹតតែត្រូវមានការបត់បែន បន្ទន់ឥរិយាបថឱ្យគ្នាទៅវិញទៅមកខ្លាំងជាងពេលស្រឡាញ់គ្នាថ្មីៗ និងត្រូវតែចេះសម្របសម្រួល និងបន្ធូរបន្ថយដល់គ្នាទៅវិញមក។

4 . បែងចែក

ការរស់នៅទាំងក្នុងផ្នែកដែលជាជីវិតផ្ទាល់ខ្លួន និងជីវិតគូ តែងតែមានរឿងរ៉ាវផ្សេងៗចូលមកឡូកឡំរហូតបែងចែកមិនដាច់បើជារឿងបន្តិចបន្តួច តូចតាចឡូកឡំគ្នា ក៏ល្មមអាចនឹងមើលរំលងបាន តែរឿងខ្លះជារឿងដែលមិនអាចឡូកឡំគ្នាបាន ដូចជា រឿងការងារ ជាមួយរឿងផ្ទាល់ខ្លួនវិញ អ្នកខ្លះមួម៉ៅមកពីកន្លែងធ្វើការ មកដល់ផ្ទះក៏មួម៉ៅរាលដាលដល់ភរិយានៅផ្ទះ ឬមានបញ្ហានៅផ្ទះ ហើយទៅឡូឡាដាក់មិត្តភ័ក្តិរួមការងារ ឬកូនចៅ ដែលអាចនឹងជាហេតុនាំឱ្យកើតមានបញ្ហាបានទាំងនៅផ្ទះ និងកន្លែងធ្វើការ។ ភរិយាខ្លះទូរស័ព្ទតាមដានស្វាមីរហូតពេញមួយថ្ងៃ ដែលវាក្លាយជាការរុកកួនរំខានសមាធិក្នុងការធ្វើការរបស់ស្វមីជំនួសឱ្យការរំភើបចិត្តទៅវិញ។ ការចេះបែងចែកឱ្យដាច់ពីអារម្មណ៍ផ្ទាល់ខ្លួន ការងារ និងក្រុមគ្រួសារ គឺជារឿងដែលជីវិតគូចាំបាច់ត្រូវតែមានដើម្បីសុភមង្គល និងជីវិតក្រោយអាពាហ៍ពិពាហ៍។

5 . តស៊ូ

មិនថានឹងមានបញ្ហាអ្វីកើតឡើងក៏ដោយ កម្លាំងចិត្តគឺជារឿងសំខាន់បំផុត។ ក្តីប្រាថ្នាក្នុងការមានសេចក្តីសុខស្រស់ស្រាយរហូតទៅក្នុងជីវិតអាពាហ៍ពិពាហ៍ ត្រូវតែមានចិត្តអត់ទ្រាំ និងតស៊ូជាមួយគ្នា នឹងសុខ នឹងទុក្ខក៏ត្រូវតែរួមគ្នាជម្នះឱ្យបាន អ្នកណាម្នាក់រួញរា អស់សង្ឃឹម ឬដួលរលំ ក៏ត្រូវតែខំជួយទាញលើកគ្នាឱ្យក្រោកឈរឡើងវិញជាថ្មីយ៉ាងរឹងមាំ និងស្ថិតស្ថេរឱ្យបាន។

ព្រោះសម្ព័ន្ធភាពដ៏អស្ចារ្យអាចសាងបានតាមរយៈសេចក្តីស្រឡាញ់ ក្តីយល់ចិត្ត និងទុកចិត្តគ្នាទៅវិញទៅមក ទើបក្តីស្រឡាញ់នោះនឹងគង់វង្សស្ថិតស្ថេរយូរអង្វែង៕

Advertisement