(ពាក់ព័ន្ធនឹងបុរស) រឿងដែលនារីវៃឆ្លាតត្រូវតែដឹងថា…

នារីវៃឆ្លាតរឿងស្នេហាត្រូវតែស្គាល់បុរសក្នុងច្រើនទស្សនៈ តែដែលត្រូវស្គាល់ឱ្យច្បាស់បំផុតនោះគឺ ចិត្តរបស់យើង(នារីៗ)ខ្លួនឯង ស្គាល់ពីសក្តានុពល និងគុណតម្លៃរបស់ខ្លួនឯងឱ្យច្បាស់ ដឹងថាគួរលះបង់ចិត្តរបស់ខ្លួនឯងប៉ុនណា និងសមល្មមបានទទួលក្តីស្នេហាមកវិញប៉ុនណា… ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗផ្សេងៗដែលនារីៗយើងគួរតែដឹងមកជម្រាបជូន។

1 . ដឹងថា…ត្រូវស្គាល់ពីគុណតម្លៃរបស់ខ្លួនឯង

នៅពេលមានគូស្នេហ៍ ចូរចេះកែសម្រួលជាពិសេសដោយឡែកលើផ្នែកដែលធ្វើឱ្យជីវិតគូរបស់អ្នកមានសេចក្តីសុខ បើអ្នកផ្លាស់ប្តូរគ្រប់យ៉ាងអស់រលីង ក្លាយជានារីម្នាក់ផ្សេងទៀតដែលគេ(គូស្នេហ៍)លែងស៊ាំធ្លាប់ជាមួយ គេក៏នឹងអស់ចំណាប់អារម្មណ៍បន្តិចម្តងៗអំពីរូបអ្នក ដូច្នេះអ្នកគ្រូឆវីចង់ប្រាប់ថា បើអ្នកមើលមិនឃើញពីគុណតម្លៃរបស់ខ្លួនឯងផងនោះ តើអ្នកណានឹងមើលឃើញគុណតម្លៃរបស់អ្នក?។

2 . ដឹងថា…សិចមិនមែនជារឿងងាយ និងចេះតែធ្វើបាននោះទេ

មិនថាអ្នកលង់ស្នេហ៍គេប៉ុនណា មិនថាសម្ព័ន្ធភាពនឹងដំណើរការតទៅមុខទៀតយ៉ាងណាក៏ដោយ កុំភ្លេចថា មនុស្សប្លែកមុខ ក៏នៅតែជាមនុស្សប្លែកមុខដដែលហ្នឹង ទោះជាប្រវត្តិផ្ទាល់ខ្លួនរបស់គេល្អយ៉ាងណាក៏ដោយ តែអ្វីដែលច្បាស់ប្រាកដនោះគឺ អ្នកគ្មានឱកាសដឹងថា តើគេមានជំងឺឆ្លងខាងផ្លូវភេទឬក៏អត់នោះទេ ដូច្នេះអ្នកគ្រូឆវីចង់ប្រាប់ថា មិនចាំបាច់ដល់អ្នកត្រូវតែមានអីៗជាមួយគេនោះឡើយ បើអ្នកនៅមិនទាន់ត្រៀមខ្លួនរួចជាស្រេចលើគ្រប់ផ្នែកទេនោះ សំខាន់បំផុតគឺ យើងត្រូវចេះស្រឡាញ់មនុស្សប្រុសដោយមិនចាំបាច់មានសិចឱ្យបាន។

3 . ដឹងថា…បុរសដ៏សែនល្អមិនចាំបាច់ត្រូវតែរូបសង្ហានោះទេ

បើបុរសម្នាក់នោះធ្វើឱ្យអ្នកមានសេចក្តីសុខកក់ក្តៅ សើចសប្បាយ មានចំណង់ចំណូលចិត្តដូចគ្នាច្រើនយ៉ាង ថែមទាំងឆ្លាតវាងវៃទៀត តែបែរជារូបមិនសង្ហាសោះនោះ សូមនារីៗយើងទាំងឡាយសាកល្បងទៅដើរសង្កេតមើលតាមហាងផ្សារទំនើបចុះ បុរសដែលមកទិញទំនិញជាមួយក្រុមគ្រួសារ ឬលេងជាមួយកូនៗនៅតាមឆ្នេរសមុទ្រ សួរថាតើហ្វាមីលីមែនទាំងនោះមានរូបសង្ហាស្អាតដូចតារាបង្ហាញម៉ូដដែរឬទេ? តែផ្ទុយទៅវិញគឺគេ(បុរសម្នាក់នោះខាងដើម)ហ្នឹងឯងដែលស័ក្តិសមធ្វើជាមេគ្រួសារដ៏ល្អរបស់អ្នក។

4 . ដឹងថា…ការងារផ្ទះមិនមែនសម្រាប់តែនារីៗទេ

សម្ព័ន្ធភាពនឹងយូរអង្វែងបានត្រូវតែអាស្រ័យលើមនុស្សពីរនាក់មានតួនាទីរួមគ្នា បច្ចុប្បន្នស្រ្តីមិនត្រូវបានកំណត់ឱ្យធ្វើការនៅតែក្នុងផ្ទះនោះទេ ត្រូវដឹងពីវិធីបែងចែកការងារក្នុងផ្ទះឱ្យរួមគ្នាធ្វើបានទាំងពីរនាក់ ដោយមិនខូចអារម្មណ៍ ហើយម្យ៉ាងទៀតបុរសដែលចេះធ្វើការផ្ទះ គឺជាបុរសដែលសិចស៊ី និងគួរឱ្យស្រឡាញ់បំផុត។

5 . ដឹងថា…គូស្នេហ៍មិនមែនជាអ្នកបម្រើទេ

ការពិតទៅ បុរសដែលមានភាពទទួលខុសត្រូវខ្ពស់ គេនឹងមិនចូលចិត្តនារីដែលទន់ជ្រាយ និងជាអ្នកចុះញ៉មគេរហូត ឬខ្លាចចិត្តអ្នកដទៃរហូតមិនចេះបដិសេធអ្នកណានោះទេ យើងត្រូវចេះបដិសេធ និងឆ្លើយតបទៅវិញខ្លះ។ ការបដិសេធចំណុចទាមទាររបស់អ្នកដទៃខ្លះ វាមិនមែនជារឿងអាក្រក់នោះទេ តែជាការបង្ហាញពីឆន្ទៈរបស់យើង៕

 

អ្នកគ្រូ ឆវី

Advertisement