5 យ៉ាងដែលត្រូវចៀសវាងជាដាច់ខាត ដើម្បីគ្រួសារមានសេចក្តីសុខ

couple holding broken heart

បើការសាងគ្រួសារឱ្យមានសេចក្តីសុខជាចំណោទដែលងាយស្រួលដែលអ្នកណាៗក៏អាចធ្វើបានដែរនោះ ប្រហែលជាគ្មានបញ្ហា ឬហេតុនៃការលែងលះគ្នានោះឡើយ ដូច្នេះភាពជោគជ័យនៅក្នុងគ្រួសារគឺ ភាពអត់ធ្មត់ និងការអភ័យទោសឱ្យគ្នា បើប្រាសចាករឿងទាំងពីរនេះពេលណា ខ្សែចំណងនៃគ្រួសារក៏នឹងដាច់ដោចអស់ជាមិនខាន។

ប្រាកដណាស់ថា ការដែលនឹងសាងក្រុមគ្រួសារឱ្យមានសេចក្តីសុខឥតខ្ចោះបាននោះ បុគ្គលដែលសំខាន់បំផុតក៏គឺ ស្វាមី-ភរិយា ឬឪពុក-ម្តាយរបស់កូនៗ ព្រោះទាំងពីរនាក់គឺជាអ្នកដែលមានតួនាទីក្នុងការសាងមនុស្ស សាងក្រុមគ្រួសារ ឱ្យដើរទៅក្នុងទិសដៅតែមួយ។

បញ្ហាមួយដែលមានភាពសំខាន់ដល់ការសាងសេចក្តីសុខក្នុងគ្រួសារ គឺការទាស់ទែងរវាងស្វាមីភរិយាដែលនឹងហុចផលប៉ះពាល់មកដល់ខ្លួនកូន និងសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារ ដូច្នេះទើបយើងគួរតែសិក្សា និងរិះរកវិធីកែបញ្ហារួមគ្នាដើម្បីកុំឱ្យភាពទាស់ទែងនេះកើតឡើងក្នុងគ្រួសារបាន។

ភាពទាស់ទែងផ្សេងៗដែលកើតឡើងក្នុងគ្រួសារ អាចញែកបានថា មកពីមូលហេតុផ្សេងៗដូចខាងក្រោមនេះ។

1 . និស្ស័យ និងទម្លាប់ផ្ទាល់ខ្លួន ៈ ជារឿងដែលពិបាកនឹងផ្លាស់ប្តូរខ្លាំងណាស់ ព្រោះវាជានិស្ស័យដែលជាប់នឹងខ្លួនមកយូរហើយ ធ្លាប់ប្រតិបត្តិដដែលៗមកហើយកាលពីអតីត ទោះបីជាផ្លាស់ប្តូរបានមែន តែក៏បានត្រឹមតែមួយខណៈពេលប៉ុណ្ណោះ ដូច្នេះស្វាមីភរិយាត្រូវតែទទួលស្គាល់ និងធ្វើចិត្តឱ្យបាន ហើយកែសម្រួលខ្លួនចូលរកគ្នា ចេះបន្ធូរបន្ថយ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

2 . ខ្វះភាពដឹងខ្លួនក្នុងតួនាទី និងកាតព្វកិច្ច ៈ សម័យមុនស្វាមីមានតួនាទីជាអ្នកដឹកនាំ ជាមេគ្រួសារ រកប្រាក់ចិញ្ចឹមគ្រួសារបច្ចុប្បន្នស្រ្តីមានតួនាទីក្នុងការធ្វើការងារ រកប្រាក់មកចិញ្ចឹមក្រុមគ្រួសារដូចគ្្នា តែស្រ្តីក៏នៅតែត្រូវមកទទួលខុសត្រូវការងារក្នុងផ្ទះ និងអប់រំប្រដៅបុត្រធីតាទៀតដែរ ទើបធ្វើឱ្យពេលខ្លះភរិយាមានអារម្មណ៍មួម៉ៅ និងនិយាយច្រើន ធ្វើឱ្យកើតការទាស់ទែងឡើងបាន និងស្វាមីខ្លះក៏មិនទទួលខុសត្រូវតួនាទីរបស់ខ្លួនឯង នៅចាំតែបន្ទោស ស្តីឱ្យភរិយាថា មិនអប់រំប្រដៅកូន ទាំងដែលការងារចិញ្ចឹមថែទាំអប់រំប្រដៅកូនក៏ជាតួនាទីដោយត្រង់របស់ទាំងឪពុក និងម្តាយ ដូច្នេះទាំងពីរនាក់ត្រូវជួយគ្នាក្នុងការអប់រំមើលថែបុត្រធីតា រហូតដល់កិច្ចការងារក្នុងផ្ទះដែលត្រូវតែជួយគ្នាទៅវិញទៅមកទៀតផង។

3 . គ្មានពេលវេលាឱ្យគ្នាទៅវិញទៅមក ៈ ដោយសារតែម្នាក់ៗសុទ្ធតែមានភារកិច្ចត្រូវធ្វើការងារ ពេលខ្លះក៏បែកគ្នារស់នៅ ធ្វើឱ្យគ្មានពេលវេលាជជែកនិយាយគ្នា មិនបានដឹងពីសុខទុក្ខរបស់គ្នាទៅវិញទៅមក ទើបក្រុមគ្រួសារគួរតែមាន “ទិវានៃគ្រួសារ” មួយសប្តាហ៍មួយថ្ងៃ ឬពេលណាមួយស្រេចតែឯកភាពគ្នា មានពេលវេលានៅជួបជុំគ្នា ប៉ា ម៉ាក់ កូន និងមានកិច្ចការងារធ្វើរួមគ្នា។

4 . ប្រើអំពើហិង្សាសម្រេចក្តីក្នុងគ្រួសារ ៈ ការឈ្លោះប្រកែក ជេរបញ្ចោ ស្តីបន្ទោស គំរាមកំហែង រហូតដល់ថ្នាក់វាយតប់គ្នារាប់បានថាជាដំណោះស្រាយដែលហៅបានថាជាការប្រើអំពើហិង្សា កម្លាំងបាយ ដោយប្រាសចាកសតិបញ្ញា ដែលភាគច្រើនកើតចេញពីការនិយាយពន្យុះរបស់ខាងណាម្នាក់ ធ្វើឱ្យម្នាក់ទៀតខឹងខ្លាំងរហូតទ្រាំលែងបាន ចាប់ផ្តើមប្រើអំពើហិង្សាដើម្បីរម្ងាប់ហេតុការណ៍។

5 . មិនស្មោះត្រង់ ៈ ការក្បត់ចិត្តគ្នារបស់ស្វាមី ឬភរិយា រាប់បានថាជាមូលហេតុមួយដែលធ្វើឱ្យក្រុមគ្រួសារជាច្រើនដួលរលំបាក់បែករួចមកហើយរាប់មិនអស់។

យ៉ាងណាក៏ដោយ បើមនុស្សក្នុងគ្រួសារមានបញ្ហានឹងគ្នា មិនថាតែស្វាមីភរិយា ឬសមាជិកដទៃទៀតនោះទេ មិនគួរបណ្តោយទុកចោលឱ្យវានៅរ៉ាំរ៉ៃរហូតក្លាយជាបញ្ហារីករាលដាលព្រោះតែការមិនយល់គ្នានោះឡើយ គ្រប់គ្នាគួរបែរមុខមកនិយាយគ្នា រិះរកវិធីកែខៃបញ្ហារួមគ្នា និងរឿងដែលចាំបាច់មួយទៀតក្នុងការរស់នៅរួមគ្នា គឺការគោរពសិទ្ធិរបស់គ្នាទៅវិញទៅមកទើបគ្រួសារមានសេចក្តីសុខទាំងផ្លូវកាយ និងចិត្តយូរអង្វែង៕

Advertisement