សម្រាប់បុរសៗ…ចំណុចល្អរបស់ការមានគូស្នេហ៍អាយុ 30+

បុរសជាច្រើនៗតែស្រឡាញ់ស្រ្តីដែលមានវ័យក្មេងជាងខ្លួន ព្រោះមើលទៅនៅស្អាត គួរឱ្យស្រឡាញ់ ប៉ឹនងង៉ក់ ពូកែយកចិត្ត តែថ្ងៃនេះ ឡា​រ៉ែននឹងមកជម្រាបថា ស្រ្តីដែលមានអាយុ 30ឡើង ក៏មានអ្វីល្អៗដែរណា៎…។ ស្រីៗវ័យ 30 ឡើងមួយចំនួនចេះមើលថែទាំខ្លួនបានល្អណាស់ រហូតមើលឃើញហើយមិនចង់ជឿថា មានអាយុច្រើនដល់ថ្នាក់ហ្នុងផង ដូច្នេះសម្រាប់បុរសៗ សូមនាំគ្នាមកមើលថា បើមានគូស្នេហ៍ជាស្រ្តីដែលមានអាយុច្រើនបន្តិចនោះ វាល្អយ៉ាងណាខ្លះ និងហេតុអីបានបុរសមួយចំនួនគេចូលចិត្ត?។

1 . មិនងង៉ក់

នារីវ័យ 30+ នឹងមានភាពជាមនុស្សចាស់ ឆាប់យល់ដឹងពីអ្វីៗ មិនយករឿងតូចតាចមកធ្វើជាបញ្ហា អាចដោយសារតែខ្លួនឯង មានភារៈតួនាទីដែលត្រូវទទួលខុសត្រូវ និងមានអ្វីត្រូវធ្វើច្រើនហ្នឹងឯង ដូច្នេះសេពគប់នារីៗក្នុងវ័យនេះ មិនសូវជាមានរឿងឱ្យរំខានចិត្តប៉ុន្មានឡើយ។

2 . យល់ពីអារម្មណ៍

ដោយបទពិសោធជីវិត និងការជួបប្រទះនឹងមនុស្សម្នាមកច្រើន ទើបនាងយល់ដឹង និងស្គាល់ពីពិភពលោកច្រើន យល់ពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនច្រើន មិនថាតែសុខ ឬទុក្ខនោះទេ នាងនឹងយល់ពីអារម្មណ៍របស់គូស្នេហ៍បានច្រើនជាងស្រ្តីដែលអាយុនៅតិច។

3 . នាងនឹងមិនប្រែប្រួលឡើយ

នារីវ័យ 30+ ភាគច្រើននឹងហួសអំឡុងពេលស្វែងរកខ្លួនមកហើយ(ស្គាល់ខ្លួនឯងច្បាស់ហើយ) បើអ្នកជួបនាងក្នុងអំឡុងអាយុនេះ ឃើញនាងយ៉ាងម៉េច នាងក៏នៅតែបែបនោះ មិនបាច់កង្វល់ខ្លាចថា សេពគប់គ្នាបានមួយរយៈ នាងនឹងទៅជួបជីវិតថ្មីមួយទៀត សង្គមថ្មីមួយទៀត ហើយផ្លាស់ប្តូរទៅជាមនុស្សម្នាក់ផ្សេងនោះឡើយ។

4 . មិនចាំបាច់មើលថែទាំច្រើនឡើយ ថែមទាំងមើលថែទាំយើងបានទៀតផង

នារីៗវ័យនេះច្រើនតែមើលថែទាំខ្លួនឯងបានស្រេចទៅហើយ និងអ្នកខ្លះថែមទាំងរាងទើសទាល់ពេលមានអ្នកមកចាំយកចិត្តយកថ្លើមជ្រុលពេកទៀតផង ដូច្នេះហើយទើបគូស្នេហ៍របស់នារីវ័យ 30+ មិនចាំបាច់នឿយហត់ក្នុងការមើលថែទាំនាងច្រើនទេ តែគួរបែរទៅសង្កត់ធ្ងន់លើការយកចិត្តទុកដាក់រឿងអារម្មណ៍ និងជាទីប្រឹក្សាឱ្យនាងវិញជាការប្រសើរជាង ចំណែកការមើលថែទាំគូស្នេហ៍វិញ នៅពេលនាងស្គាល់ពីវិធីមើលថែទាំខ្លួនឯងច្រើនឡើងតាមបទពិសោធជីវិតហើយនោះ នាងក៏នឹងមើលថែទាំគូស្នេហ៍បានកាន់តែល្អឡើងដូចគ្នា។

5 . ជាអ្នកជួយគិតដ៏ល្អ

នារីៗវ័យនេះមានបទពិសោធទាំងក្នុងការរស់នៅ និងរឿងការងារច្រើនជាងនារីដែលអាយុនៅតិច រឹតតែជានារី Working Woman ផងនោះ រឹតតែអាយុច្រើន នឹងរឹតតែពូកែឡើង ទើបនាងអាចធ្វើជាអ្នកជួយគិតម្នាក់ដ៏ល្អសម្រាប់គូស្នេហ៍ និងជួយកែបញ្ហាផ្សេងៗបាន និងរួមទាំងការធ្វើជាគូជីវិតដ៏ល្អទៀតផង។

6 . ស្នេហ៍ស្មោះ បំណងរៀបការ

នារីៗវ័យនេះ បើសេពគប់ជាមួយនរណាម្នាក់ហើយ ច្រើនតែគិតគូរពីរឿងរស់នៅជាជីវិតគូ ដែលខុសគ្នាពីការធ្វើជាគូស្នេហ៍នឹងគ្នា នាងនឹងមានភាពស៊ូទ្រាំច្រើនឡើង ព្រោះដឹងថា ការរស់នៅរួមជាមួយគ្នាត្រូវតែចេះស៊ូទ្រាំ អត់ធន់ និងអត់ទោស ដែលបើជាស្រីក្មេងៗក្រមុំៗវិញនោះ មិនល្អ ក៏រកថ្មីទៀត អត់ខ្វល់។ ដូច្នេះសម្រាប់កំលោះៗដែលមានអាយុច្រើនគួរសមហើយចង់សាងគ្រួសារ នារីៗវ័យនេះនឹងត្រៀមខ្លួនជាស្រេចហើយក្នុងការរស់នៅជាមួយអ្នក ក្រៅពីនេះ នារីក្នុងវ័យនេះច្រើនតែមានតួនាទីការងារដែលមាំមួននឹងនររួចហើយ និងជួយគ្នាធ្វើការរកស៊ីបានតែម្តង។

ចំណុចល្អច្រើនយ៉ាងនេះ កំលោះៗយើងប្រហែលជាចាប់អារម្មណ៍នារីៗបែបនេះមកធ្វើជាគូជីវិតហើយមើលទៅ…៕

Advertisement