រឿងត្រូវដឹងមុនរៀបចំពិធីមង្គលការៈ បង្កើនរាសីស្នេហាតាមក្បួនហុងស៊ុយឱ្យសុខសមប្រាថ្នា

សេចក្តីស្នេហាជារឿងដ៏គួរឱ្យអស្ចារ្យមួយដែលធ្វើឱ្យមនុស្សប្លែកមុខពីរនាក់សម្រេចចិត្តមករស់នៅរួមសុខរួមទុក្ខជាមួយគ្នា។

នៅពេលសេចក្តីស្នេហាកើតមានឡើងរហូតក្លាយជាភាពជឿជាក់ថា ខ្លួនឯងបានជួបនឹងស្នេហាពិតហើយនោះ ទើបការរៀបចំពិធីមង្គលការឡើងប្រៀបប្រដូចទៅនឹងសម្ព័ន្ធសន្យាដែលនឹងប្រាប់គ្នាទៅវិញទៅមកថា យើងនឹងនៅមើលថែទាំគ្នារហូតតទៅអស់មួយជីវិត។ តែសម្រាប់គូខ្លះដែលចង់ឱ្យសេចក្តីស្នេហារបស់ខ្លួនពោរពេញទៅដោយសេចក្តីសុខជារៀងរាល់ថ្ងៃ ទោះជាឆ្លងផុតអំឡុងពេលនៃពិធីមង្គលការរួចមកហើយក៏ដោយនោះ សូមសាកល្បងមកសិក្សាពីភាពពាក់ព័ន្ធរវាងសេចក្តីស្នេហា និងហុងស៊ុយដែលនឹងជួយបង្កើនភាពផ្អែមល្ហែមឱ្យស្នេហារឹងមាំគង់វង្សស្ថិតស្ថេររហូតតទៅដូចខាងក្រោម។

“បុប្ផា” និមិត្តសញ្ញានៃភាពក្រអូបផ្អែមឆ្អិត

តាមជំនឿរបស់ជនជាតិចិន បុប្ផាជាមួយសេចក្តីស្នេហាជាវត្ថុគូគ្នា ជានិមិត្តសញ្ញាដែលមិនអាចខ្វះបានឡើយសម្រាប់ការរៀបចំពិធីមង្គលការ ដែលបង្ហាញពីសេចក្តីស្រឡាញ់ដែលផ្អែមក្រអូប ភាពស្រស់ស្រាយ ភាពល្អស្អាត និងថែមទាំងជាវត្ថុបង្កើនសិរីមង្គលមួយផងដែរ។ ក្នុងអំឡុងពេលដែលកូនកំលោះនឹងដឹកដៃកូនក្រមុំចូលបន្ទប់ មានទំនៀមទម្លាប់មួយដែលគេនាំគ្នាជឿថា កូនកំលោះត្រូវតែប្រគល់បុប្ផាពណ៌ក្រហមមួយបាច់ធំទៅកូនក្រមុំមុននឹងក្លាយជាប្តីប្រពន្ធនឹងគ្នា ប្រៀបដូចជាសេចក្តីស្នេហាដែលកូនកំលោះបានប្រគល់ទៅឱ្យកូនក្រមុំបានដឹងថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការមើលថែទាំនាងរហូតតទៅ។

បេះដូងសំខាន់របស់ហុងស៊ុយជាមួយសេចក្តីស្នេហា

សេចក្តីស្នេហាតាមគោលការណ៍ជំនឿរបស់ហុងស៊ុយ ជនជាតិចិននឹងមានថ្ងៃមួយដែលគេហៅថា ជាថ្ងៃនៃសេចក្តីស្នេហាតាមប្រវត្តិដែលបាននិទានតៗគ្នាអំពី នាងទេពអប្សរមួយរូប ជាមួយបុរសឃ្វាលគោម្នាក់។ សេចក្តីស្នេហារវាងអ្នកទាំងពីរបានកើតឡើង ដោយរៀងរាល់មួយឆ្នាំម្តង ពួកគេនឹងបានជួបគ្នាតែម្តងប៉ុណ្ណោះ គឺនៅរៀងរាល់ថ្ងៃទី7 ខែ7។ ទាំងគូបានសន្យានឹងគ្នាថា ទោះជាពេលវេលាកន្លងផុតទៅយូរប៉ុនណាក៏ដោយ ក៏ពួកគេទាំងពីរនឹងធ្វើដំណើរត្រឡប់មកជួបគ្នា និងនៅជាមួយគ្នាមួយថ្ងៃ។ ពួកគេប្រើពេលវេលានៅជាមួយគ្នាយ៉ាងមានតម្លៃបំផុត។ ជំនឿនេះគឺជាចរិតរ៉ូមែនទិករបស់ជនជាតិចិនដែលប្រកាន់ថា ថ្ងៃនោះជាថ្ងៃមង្គលដែលស័ក្តិសមសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ឬបន្ថែមភាពផ្អែមល្ហែមដល់គូស្នេហ៍ក៏បាន។

ការរៀបចំបន្ទប់ឱ្យស័ក្តិសមនឹងសេចក្តីស្នេហា

ពេលរួមរស់នៅជាមួយគ្នា ការរៀបចំផ្ទះសំបែងឱ្យស័ក្តិសម ឱ្យក្លាយជាទ្រនំនៃសេចក្តីស្នេហាដ៏គង់វង្សនោះ រឿងសំខាន់ដែលយើងគួរយកចិត្តទុកដាក់ខ្លាំងបំផុត គឺបរិវេណដែលគូស្វាមីភរិយាត្រូវស្នាក់អាស្រ័យ និងនៅជាមួយគ្នាច្រើនបំផុត ទីនោះគឺទីតាំងរបស់គ្រែដំណេកឱ្យស្ថិតនៅក្នុងបន្ទប់ផ្នែកកណ្តាលៗរបស់ផ្ទះ ដែលនឹងជួយឱ្យគេងលក់បានស្រួល មិនសុបិនអាក្រក់ ភ្ញាក់ឡើងព្រមជាមួយភាពស្រស់ស្រាយ ភ្លឺថ្លា ថែមទាំងជួយបង្កើនសេចក្តីស្នេហា លុយកាក់ និងជីវិតការងារឱ្យល្អឡើងទៀតផង។

យ៉ាងណាក៏ដោយ ជំនឿរឿងហុងស៊ុយជាជំនឿដែលកើតឡើងចំពោះតែតួបុគ្គលម្នាក់ៗប៉ុណ្ណោះ។ អ្នកណាដែលចង់ឱ្យសេចក្តីស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង ចង់ជួយឱ្យពិធីមង្គលការរបស់ខ្លួនឯងមានសិរីមង្គល និងដើម្បីក្តីសប្បាយចិត្តនោះ ការចាប់យកហុងស៊ុយមកច្នៃប្រើនៅក្នុងជីវិតគូអាចនិយាយបានថា មិនមែនជារឿងដែលខូចខាតអ្វីឡើយ តែថែមទាំងជួយឱ្យកើតមានសេចក្តីសុខកាយសប្បាយចិត្ត ពោរពេញដោយបរិយាកាសនៃសេចក្តីស្នេហាប្រកបដោយសុភមង្គលទៀតផង៕

Advertisement