សម្រាប់គូស្វាមី ភរិយាថ្មោងថ្មី ម៉ាល់ឌីវ…វីឡាទំនើបកណ្តាលសមុទ្រ ស័ក្តិសមនឹងរាត្រីក្រេបច័ន្ទទឹកឃ្មុំ

អ្វីដែលធ្វើឱ្យម៉ាល់ឌីវក្លាយជាស្ថានសួគ៌សម្រាប់គូស្នេហ៍ថ្មោងថ្មីក្រេបរាត្រីច័ន្ទទឹកឃ្មុំក្រោយអាពាហ៍ពិពាហ៍នោះគឺ ទីស្នាក់នៅដែលស្ថិតនៅកណ្តាលផ្ទៃសមុទ្រដែលមានភាពឯកជនដាច់ដោយឡែកពីគេ និងថែមទាំងជាទីកន្លែងដ៏ទំនើបដ៏សម្បូរបែបទៀតផង។ ថ្ងៃនេះឡារ៉ែនសូមណែនាំបន្ទប់ស្នាក់នៅដែលហៅថា Water villa ដ៏ទំនើបៗ និងស្រស់ស្អាតគួរឱ្យចង់សាងនូវក្តីស្និទ្ធស្នាលផ្អែមល្ហែម រវាងគ្នាសម្រាប់គូស្នេហ៍ក្រោយអាពាហ៍ពិពាហ៍មកជម្រាបជូនដូចខាងក្រោម។

1 . Dusit Thani Maldives

កន្លែងស្នាក់នៅបែប Water villa ដែលហុចលយទៅក្នុងសមុទ្រ ដែលគូស្នេហ៍ថ្មោងថ្មីអាចលេងទឹកសមុទ្របានតែម្តងនៅក្នុងផ្ទះស្នាក់នៅ និងថែមទាំងមានអាងហែលទឹកឯកជនដោយឡែកដែលមើលឃើញផ្ទៃមេឃដ៏ស្រស់ស្អាតទាំងថ្ងៃទាំងយប់។ សេវាកម្មដ៏សែនកក់ក្តៅ មានបុគ្គលិកជាជនជាតិថៃ និងខាងក្នុងតុបតែងលម្អបែបថៃបុរាណ និងពោរពេញទៅដោយវត្ថុជួយសម្រួលភាពងាយស្រួល។

2 . Meeru Island Resort & Spa

Meeru Island Resort & Spa ជារីសតកំពូលទំនើបជាទីពេញនិយមរបស់ជនជាតិអាស៊ីយើង ព្រោះតម្លៃមិនថ្លៃ និងថែមទាំងមានវត្ថុជួយសម្រួលភាពសុខសប្បាយគ្រប់សព្វបែបយ៉ាង។ តាំងនៅលើកោះតូចមួយដ៏ស្ងប់ស្ងាត់ មានឆ្នេរឯកជនផ្ទាល់ខ្លួនមួយដែលមានខ្សាច់ពណ៌សក្បុស ទឹកសមុទ្រសែនថ្លា មានទូកខាយ៉ាក់ឱ្យអុំលេងកម្សាន្តជុំវិញកោះ និងមានបន្ទប់ស្នាក់នៅសម្រាប់ឱ្យភ្ញៀវជ្រើសរើសស្នាក់នៅច្រើនបែប តុបតែងបែបសាមញ្ញ តែផ្តល់នូវអារម្មណ៍កក់ក្តៅ និងធូរស្រាលបំផុត។

3 . Fihalhohi Island resort

Fihalhohi Island resort គឺជាកន្លែងស្នាក់នៅក្នុងក្តីស្រមៃរបស់គូស្នេហ៍ក្រោយអាពាហ៍ពិពាហ៍ទូទាំងពិភពលោក។ ស្ថិតនៅក្នុងតំបន់ South Male Atoll ដែលជាកោះឯកជនតូចមួយ មានបន្ទប់ស្នាក់នៅសម្រាប់ឱ្យភ្ញៀវជ្រើសរើសទាំងបែបនៅក្នុងចម្ការ នៅតាមឆ្នេរខ្សាច់ និងបន្ទប់ស្នាក់នៅកណ្តាលសមុទ្រ និងបើចង់ប្រឡែងលេងជាមួយទឹកសមុទ្រម៉ាល់ឌីវ ក៏សាកល្បងជ្រើសរើសស្នាក់នៅបន្ទប់ប្រភេទ Water Villa ។

4 . Club Med Finolhu Villas

Club Med Finolhu Villas ឬរីសតសាខាទី 2 របស់បណ្តាញក្លិប មេដ ក្នុងម៉ាល់ឌីវ ដែលអាចហៅបានថា ជាស្ថានសួគ៌នៃការសម្រាកលម្ហែ ព្រោះក្រៅពីស្ថិតនៅលើកោះដ៏សែនស្រស់ស្អាតបំផុតមួយហើយនោះ រីសតនេះនៅមានកិច្ចការងារកម្សាន្តសម្រាប់ឱ្យភ្ញៀវលេងកម្សាន្តជាច្រើនទៀតផង។ បន្ទប់ស្នាក់នៅក្នុងរីសតមានការច្នៃតុបតែងម៉ូដយ៉ាងប្លែកភ្នែក ស៊ីគ្នាជាមួយធម្មជាតិ និងផ្ទៃសមុទ្រពណ៌ផ្ទៃមេឃដ៏សែនថ្លា។

5 . Nika Island Resort

ទីនេះស័ក្តិសមបំផុតសម្រាប់គូស្វាមីភរិយាថ្មោងថ្មីក្រេបច័ន្ទទឹកឃ្មុំ ព្រោះគ្រប់បន្ទប់ស្នាក់នៅសុទ្ធតែមានឆ្នេរខ្សាច់ផ្ទាល់ខ្លួន ជាពិសេសបន្ទប់ស្នាក់នៅបែប Water villa ដែលភ្ញៀវអាចចុះទៅហែលមុជទឹកមើលផ្កាថ្ម និងសត្វសមុទ្របានយ៉ាងងាយស្រួលពីវ៉តធើរ វីឡា របស់ខ្លួន។ ទីនេះគឺជាកូនកោះតូចមួយដែលភ្ញៀវអាចដើរទស្សនាជុំវិញកោះបាន មានធម្មជាតិស្រស់ខៀវខ្ចីត្រជាក់ត្រឈៃឆ្នេរខ្សាច់ស្អាតសក្បុស។ ឯខាងក្នុងបន្ទប់ស្នាក់នៅវិញ គ្រប់សព្វទៅដោយវត្ថុជួយសម្រួលភាពសប្បាយងាយស្រួល តុបតែងយ៉ាងស្អាតទំនើប និងមានអាងងូតទឹកក្តៅឧណ្ហៗទៀតផង។

6 . Amari Havodda Maldives

Amari Havodda Maldives ជាបណ្តុំបន្ទប់ស្នាក់នៅដ៏សែនស្អាតៗ ដែលឡារ៉ែនមិនចង់ឱ្យគូស្វាមីភរិយាថ្មោងថ្មីខកខានឡើយ។ ស្ថិតនៅលើបណ្តុំកោះផ្កាថ្ម កាហ្វូ៊ ដាលូ ដែលនៅដាច់តែឯង មានឆ្នេរឯកជនផ្ទាល់ខ្លួនដ៏សែនស្អាត មានភោជនីយដ្ឋានឱ្យភ្ញៀវជ្រើសរើសពិសាតាមចំណង់ចំណូលចិត្តដល់ទៅ 5 បែប ព្រមទាំងបន្ទប់ស្ប៉ា ទីលានវាយកូនបាល់ និងហ្វ្រ៊ី Wi-Fi ទៀតផង។

Advertisement