ទម្លាប់ 5 យ៉ាងរបស់ភរិយាដែលធ្វើឱ្យស្វាមីស្រឡាញ់ និងខ្លាចចិត្ត រហូតលែងហ៊ានក្បត់ចិត្ត

ជាធម្មជាតិរបស់មនុស្សប្រុសដែលពេលឃើញស្រីស្អាតហើយ តែងតែជ្រួលច្រាលចង់ស្គាល់គេ តែនារីៗយើងត្រូវតែដឹងទៅថា ទោះមនុស្សប្រុសជាពពួកមនុស្សខូចខឹលចូលចិត្តមើលស្រីៗស្អាតៗពេលគេដើរកាត់មុខខ្លាំងប៉ុនណាក៏ដោយ តែក៏មិនបានមានន័យថា គេចង់សេពគប់នឹងនារីម្នាក់នោះពិតប្រាកដដែរ ព្រោះមនុស្សប្រុស តឱ្យខូចខឹលប៉ុនណាក៏ដោយ ក៏គេដឹងខ្លួនដែរថា នឹងត្រូវបញ្ឈប់នៅត្រឹមនរណា និងអ្នកដែលនឹងបញ្ឈប់គេបានពិតប្រាកដនោះ គឺជាមនុស្សដែលគេជ្រើសរើសក្នុងការរៀបការជាមួយហ្នឹងឯង។

រឿងមួយដែលធ្វើឱ្យមនុស្សប្រុសស្រឡាញ់ និងខ្លាចចិត្តភរិយាបាននោះគឺ “ទម្លាប់និស្ស័យ” ក៏មានចំណែកខ្លាំងក្នុងសម្ព័ន្ធភាពរវាងប្ដី និងប្រពន្ធ​។ នឹងស្រឡាញ់គ្នាបានយូរអង្វែងឬអត់នោះ “ទម្លាប់និស្ស័យ” មានចំណែកបន្ថែម-បន្ថយក្នុងអារម្មណ៍រវាងគ្នា ដែលបើមិនច្រើនក៏តិចតួចដែរ។ បើមិនជឿទេ សូមមកមើលទាំងអស់គ្នា…។

តើទម្លាប់និស្ស័យបែបណាដែលមនុស្សប្រុសចង់ឱ្យភរិយាមានខ្លាំងបំផុត?

1 . មិនជេរស្ដី មិនថាឱ្យ ប្រើភាពស្ងប់នឹងនរ បង្រ្កាបភាពកក្រើករំពើក

មនុស្សប្រុស 90% សុទ្ធតែនិយាយដូចៗគ្នាទាំងអស់ថា សម្ព័ន្ធភាពរបស់គូស្វាមីភរិយាក្រោយរៀបការគ្នាមកយូរហើយនោះ អ្វីដែលអាចថ្ពក់ទាញឱ្យអ្នកទាំងពីររស់នៅជាមួយគ្នាបាននោះគឺ សេចក្ដីស្នេហា អំពើល្អ ការអនុគ្រោះ និងភាពពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅដែលធ្វើឱ្យមនុស្សពីរនាក់រស់នៅជាមួយគ្នាបានយូរអង្វែង តែបើសិនភរិយាជាមនុស្សដែលមាននិស្ស័យមិនល្អ ប៉ឹនខឹងមួម៉ៅ រអ៊ូរទាំច្រើន ពេលប្ដីចេញទៅជប់លៀងសប្បាយជាមួយមិត្តភ័ក្តិហើយគិតតែពីទូរស័ព្ទតាមរំខាន ឬធ្ងន់ធ្ងរមែនទែន នាងអាចដល់ថ្នាក់តាមលួចមើលទៀតផងនោះ ចូរចាំទុកថា អានិស្ស័យប៉ឹនខឹងច្រឡោត ចូលចិត្តនាំឈ្លោះ និងនិយាយស្ដាប់គ្នាមិនបានបែបនេះ បើបានរៀបការនឹងគ្នា ក៏អាចនឹងដល់ថ្នាក់លែងលះគ្នាវិញមិនយូរក៏ឆាប់ដែរ។ ដូច្នេះនារីៗយើងចូរដឹងទុកថា ស្រីៗដែលនឹងធឹងធ្វើមិនដឹង គឺគួរឱ្យខ្លាចបំផុតសម្រាប់មនុស្សប្រុស ព្រោះគេមិនអាចដឹងថា នាងកំពុងគិតពីអ្វីនោះទេ ហើយមនុស្សប្រុសច្រើនតែខ្លាចនារីៗបែបនេះសឹងតែទាំងអស់។

2 . បំពេញតួនាទីភរិយាមិនខ្វះចន្លោះ មិនចាំតែសម្លឹងចាប់កំហុស

បុរសមួយចំនួនដែលមាននិស្ស័យខូចខឹលស្រីមុនពេលរៀបការ ក្រោយពីរៀបការហើយ វាជារឿងធម្មតាទេដែលភរិយាតែងតែនឹកប្រយ័ត្នសង្ស័យថា ស្វាមីអាចនឹងមិនចោលនិស្ស័យ តែការដែលអ្នកគិតតែពីព្យាយាមតាមប្រចែប្រចណ្ឌ គិតតែពីតាមចាប់កំហុស វាមិនបានធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍របស់អ្នកទាំងពីរផ្លាស់ប្ដូរទៅជាល្អឡើង ឬខាងប្រុសបញ្ឈប់និស្ស័យបែបនោះបានទេ ព្រោះយ៉ាងណា មនុស្សប្រុសក៏នៅតែជាមនុស្សប្រុសដដែល។ ការផ្ដល់ឥស្សរភាពជាមួយនឹងការជឿទុកចិត្ត អាចនឹងចងចិត្តគេបានខ្លាំងជាង យ៉ាងណាក៏គេជាមនុស្សរបស់អ្នក បើអ្នកបំពេញតួនាទីជាភរិយាល្អទាំងរឿងក្រៅផ្ទះ និងរឿងក្នុងផ្ទះនោះ លោកប្ដីច្បាស់ជាស្រឡាញ់ និងមានអារម្មណ៍ខ្លាចក្រែងចិត្ត ចង់ធ្វើអ្វីមួយក៏ត្រូវនឹកដល់រូបអ្នកមុនគេមិនខាន ហើយអ្នកខ្លួនឯងក៏នឹងមានសេចក្ដីសុខខ្លាំងជាងការតាមប្រយ័ត្ន តាមសង្ស័យទៀតផង។ បុរសដែលមានរបស់ល្អនៅក្នុងដៃ យ៉ាងណាក៏ត្រូវតែត្រឡប់មករកសម្បុកវិញដែរ។

3 . ជាទីកន្លែងដែលមានសេចក្ដីសុខសម្រាប់ស្វាមីជានិច្ច

នៅលើគ្រឹះរបស់សេចក្ដីស្នេហា យើងតែងតែចង់ឃើញមនុស្សដែលយើងស្រឡាញ់ជួបនឹងភាពជោគជ័យ តែបើសិនវាមិនបានដូចអ្វីដែលគេគិត ឬអ្នករំពឹងទុក ព្រោះមានម្នាក់ដើរផ្លូវខុស រូបអ្នកដែលជាគូជីវិតគួរតែធ្វើខ្លួនជាទីកន្លែងនៃសេចក្ដីសុខតូចមួយដល់គ្នាទៅវិញទៅមក មិនបន្ទោសថែម ឬនិយាយបំបាក់ទឹកចិត្តគ្នាឡើយ។ បុរសដែលរស់នៅជាមួយភរិយាមកយូរ ទទួលស្គាល់ថា ការឆ្លងកាត់ការលំបាកលំបិនមកជាមួយគ្នា បុរសនឹងស្រឡាញ់ និងភក្ដីចំពោះភរិយា មិនហ៊ានធ្វើអ្វីឱ្យភរិយាពិបាកចិត្តឡើយ។

4 . មនុស្សប្រុសតែងស្រឡាញ់ភរិយាដែលជាស្រ្តីពូកែ

មនុស្សប្រុសមាននិស្ស័យមួយដូចៗគ្នាគឺ មិនចូលចិត្តមានបន្ទុក ខ្ជិលទទួលខុសត្រូវ មនុស្សស្រីពូកែនឹងធ្វើឱ្យគេដឹងថា នាងអាចជួយអ្វីៗគេបានប្រាកដមែន!។ នារីដែលពូកែតាំងពីសមត្ថភាពផ្ទាល់ខ្លួន ការងារផ្ទះ ការងារក្រៅផ្ទះ រហូតទៅដល់រឿងសិច ពួកប្រុសៗទៅសម្លឹងរកមើលអ្នកណាដូចរូបនាង លែងមានទៀតហើយ។ តែក៏ត្រូវមិនពូកែជ្រុលពេកនោះដែរ ដូចជាការធ្វើការងារពូកែខ្លាំង ឬមាំមួនលើសមុខលើសមាត់ស្វាមី ប្រភេទមិនចាំបាច់ពឹងពាក់អីប្ដីក៏បាននោះ ករណីបែបហ្នឹង មើលទៅដូចជាល្អ តែអ្នកជឿទេថា វាធ្វើឱ្យជីវិតគូដួលរលំមកអស់ច្រើនគូហើយ។ ព្រោះជានិស្ស័យក្នុងជម្រៅចិត្តរបស់មនុស្សប្រុសវិញ គេក៏មានអំនួតនៅក្នុងខ្លួនសឹងតែគ្រប់គ្នាដែរ ទោះជាចូលចិត្តឱ្យភរិយារបស់ខ្លួនជាមនុស្សស្រីពូកែក៏ពិតមែន តែប្អូនៗនារីៗទាំងឡាយក៏ត្រូវតែមានអំឡុងពេលទន់ខ្សោយខ្លះដើម្បីឱ្យប្ដីមានអារម្មណ៍ថា ខ្លួនឯងនៅអាចឱ្យភរិយាពឹងពាក់បានដែរតើ!។

5 . មនុស្សប្រុស តឱ្យខូចខឹលប៉ុនណា ក៏ចុះចាញ់អំពើល្អដែរ

ចំណុចនេះគឺទីបំផុតរបស់ទីបំផុត តឱ្យខូចខឹលស្រីឱ្យដល់ស្លាប់ប៉ុនណា ក៏ត្រូវតែមកចប់នឹងពាក្យមួយម៉ាត់នេះដែរ តែត្រូវធ្វើល្អឱ្យត្រូវចំណុចផងដែរ ដូចជា យកចិត្តទុកដាក់ស្វាមីមិនដែលផ្លាស់ប្ដូរ ទន់ភ្លន់ លំបាកជាមួយគ្នា មិនដែលស្រែកឡូឡាច្រឡោតដាក់ប្ដី តឱ្យជីវិតយ៉ាប់យ៉ឺនប៉ុនណា ក៏នាងនៅតែឈរនៅក្បែរស្វាមីជានិច្ច រឿងនេះមិនថាតែស៊ែរលែទៅឆ្ងាយដល់ណាក៏ដោយ ចុងក្រោយត្រូវតែត្រឡប់មកវិញសឹងតែទាំងអស់។

អាចនិយាយបានថា ការទប់ប្រគងជីវិតគូឱ្យស្រឡាញ់គ្នាបានយូរអង្វែងនេះ មិនមែនជារឿងងាយឡើយ ហើយបើចង់ឱ្យមនុស្សម្នាក់លះបង់ ឬធ្វើសព្វបែបយ៉ាងសម្រាប់មនុស្សម្នាក់ទៀតរហូតនោះ ក៏មិនអាចទៅរួចដូចគ្នា។ បើចង់ឱ្យសេចក្ដីស្នេហាគង់វង្សស្ថិតស្ថេរយូរអង្វែងនោះ ទាំងស្វាមី និងភរិយាត្រូវតែកាន់ដៃដើរទៅជាមួយគ្នា ព្រោះវាមិនមែនត្រឹមតែពេលវេលានោះទេដែលជាអ្នកពិសោធសេចក្ដីស្នេហាពិតប្រាកដនោះ ជីវិតក្រោយពេលរៀបការនៅមានឧបសគ្គឱ្យពិសោធច្រើនទៀតណាស់ មិនមែនត្រឹមតែរឿងខូចខឹលស្រីញីតែម្យ៉ាងនោះទេ ដូច្នេះប្អូនៗស្រីៗត្រៀមខ្លួនទុកឱ្យហើយទៅ៕

Advertisement