គោលការណ៍រើសគូស្រករ ក្នុងសង្គមយុគសម័យថ្មី

កាលពីសម័យមុនមនុស្សចាស់តែងចូលមកមានតួនាទីច្រើនក្នុងរឿងការជ្រើសរើសគូគ្រងឱ្យកូនចៅ ដោយអាចនឹងប្រើប្រាស់បទពិសោធជីវិតដែលធ្លាប់បានឆ្លងកាត់មកដើម្បីពិចារណាថា តើបុរស ឬស្រ្តីលក្ខណៈយ៉ាងណាដែលនៅពេលរៀបការ និងរួមរស់នៅជាមួយគ្នាហើយនឹងធ្វើឱ្យកើតមានសេចក្ដីសុខឡើង ប៉ុន្តែទំនៀមទម្លាប់បែបនេះប្រហែលជាពិបាកប្រើណាស់ក្នុងពេលបច្ចុប្បន្នព្រោះថា កំលោះក្រមុំយុគសម័យថ្មីនេះក៏មានឥស្សរៈសេរីភាព និងរៀនយល់ដឹងក្នុងការចេះសម្រេចចិត្តដោយខ្លួនឯងច្រើនឡើងដែរ។ បើឱ្យចាស់ៗជាអ្នកចាត់ការរឿងជីវិតអាពាហ៍ពិពាហ៍ ដែលទោះជាចាស់ៗបានជ្រើសរើសយ៉ាងល្អល្អះហើយក៏ដោយ តែដោយភាពជាមនុស្សសម័យថ្មីដែលត្រូវការមានឥស្សរៈសេរីភាពលើជីវិតខ្លួនឯងខ្លាំង អាចធ្វើឱ្យមិនអាចថែរក្សាអារម្មណ៍ល្អៗចំពោះគូគ្រងដែលចាស់ៗ​ជ្រើសរើសឱ្យនោះបានឡើយ។

សម្រាប់កំលោះក្រមុំ…សេចក្ដីស្នេហាគឺជារឿងដែលមានអត្ថន័យធំធេងណាស់ ការសម្រេចចិត្តរៀបការ ក៏គួរតែឈរលើមូលដ្ឋាននៃសេចក្ដីស្រឡាញ់ដែលពោរពេញដោយក្ដីយល់ចិត្តយល់ថ្លើមគ្នាយ៉ាងពិតប្រាកដ និងស្មោះស្ម័គ្រ ខ្លាំងជាងការសម្រេចចិត្តរៀបការដោយសេចក្ដីស្នេហាបែបគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លែតនោះ។ យ៉ាងណាក៏ដោយ មិនមែនមានន័យថា សេចក្ដីស្នេហាបែបឃើញភ្លាមស្រឡាញ់ភ្លែតនោះមិនល្អនោះទេ តែវាជាចំណុចដែលប្រុងប្រយ័ត្នថា “សេចក្ដីស្នេហាបែបឃើញភ្លាមស្រឡាញ់ភ្លែតតែម្យ៉ាងអាចនឹងមិនគ្រប់គ្រាន់ក្នុងការយកមកសម្រេចចិត្តរហូតនាំឆ្ពោះទៅរកជីវិតអាពាហ៍ពិពាហ៍បានឡើយ” យើងត្រូវការពេលវេលាក្នុងការរៀនយល់ដឹង ស្គាល់ចិត្តថ្លើមគ្នាដែលគូស្នេហ៍ត្រូវការពេលវេលាមួយរយៈ។

គោលការណ៍ក្នុងការជ្រើសរើសគូគ្រង

– សេចក្ដីស្នេហាត្រូវមានភាពពាក់ព័ន្ធ ៈ ជាចំណុចដំបូងដែលសំខាន់ យើងគួរមានការយល់ដឹងក្នុងរឿងស្នេហាដែលត្រឹមត្រូវ ៖ សេចក្ដីស្នេហាត្រូវមានភាពពាក់ព័ន្ធ និងសេចក្ដីប្រាថ្នាល្អចំពោះគ្នា អារម្មណ៍ក្នុងការកសាងរឿងដែលល្អៗរួមគ្នា ត្រូវសម្លឹងមើលថា តើគូស្នេហ៍របស់យើងក្នុងខណៈនេះមានអារម្មណ៍ចំពោះគ្នាដូចដែលបានរៀបរាប់មកនេះឬទេ? ភាពពាក់ព័ន្ធនេះត្រូវមានច្រើនគ្រប់គ្រាន់ ទើបអាចនាំឆ្ពោះទៅរកការរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ដែលរួមសុខរួមទុក្ខរួមគ្នាបាន។

– សិក្សា យល់ដឹងពីគ្នាទៅវិញទៅមក ៈ ការមករស់នៅ មកបំពេញតួនាទីជាឪពុកម្ដាយ មានភាពទទួលខុសត្រូវខ្លាំងជាងគ្រាន់តែស្រឡាញ់គ្នាទៅទៀត។ ការរៀបការជារឿងនៃការដែលត្រូវទទួលខុសត្រូវរួមគ្នា ចូលមករួមរស់ជាមួយគ្នា កែបញ្ហាជាមួយគ្នា មិនមែនត្រឹមតែមកនៅជាមួយគ្នាធម្មតាៗនោះទេ ដូច្នេះហើយទើបត្រូវព្យាយាមសិក្សាយល់ដឹងរវាងគ្នានឹងគ្នា សាកល្បងរៀនយល់ដឹងពីជីវិត និងលក្ខណៈរបស់ភាគីម្ខាងៗ ហើយសាកល្បងពិចារណាមើលថា តើអ្នកស្រឡាញ់ម្នាក់នោះប៉ុនណា មានភាពយល់ចិត្តគ្នាច្រើនគ្រប់គ្រាន់ក្នុងការមករស់នៅរួមគ្នាហើយឬនៅ?។ កុំតាំងសេចក្ដីសង្ឃឹមថា រៀបការរួចហើយអ្វីៗគ្រប់យ៉ាងប្រហែលជាល្អប្រសើរឡើងដោយឯកឯង ឬរៀបការរួចហើយ គេប្រហែលជាផ្លាស់ប្ដូរដូចដែលយើងត្រូវការនោះ។ សុំឱ្យគិតថា បើសិនជាគេមិនផ្លាស់ប្ដូរ និងនៅតែដូចពីដើមតទៅរហូតពេញមួយជីវិតអាពាហ័ពិពាហ៍ តើយើងនឹងនៅតែស្រឡាញ់គេ ឬក៏នៅតែរស់នៅជាមួយគេបានតទៅទៀតដែរឬទេ?។

– ភាពអាចទៅរួចក្នុងការរស់នៅរួមគ្នា ៈ ប្រការបន្តទៅទៀតដែលត្រូវពិនិត្យមើលគឺ​ ភាពអាចទៅជាមួយគ្នាបានក្នុងរឿងចរិតនិស្ស័យចិត្តគំនិត បុគ្គលភាព ឬសភាវវុឌ្ឍិរបស់ម្នាក់ៗ ព្រោះនៅពេលរស់នៅជាមួយគ្នា ផ្នែកដែលនឹងនៅជាមួយគ្នាមែនទែនក៏គឺ ចរិតនិស្ស័យចិត្តថ្លើមរបស់ភាគីទាំងពីរ បុគ្គលភាពរបស់ម្នាក់ៗ។ កុំទៅតាំងក្ដីសង្ឃឹមថា ក្រោយពីរៀបការហើយ គេនឹងផ្លាស់ប្ដូរចរិតនិស្ស័យដូចដែលយើងត្រូវការ ឬអាចនឹងមានច្រើនយ៉ាងទៀតដែលយើងមិនទាន់ឃើញក្នុងអំឡុងពេលនៅជាគូស្នេហ៍នឹងគ្នា ជាពិសេសគូដែលស្គាល់គ្នាក្នុងរយៈពេលខ្លីត្រឹមតែប៉ុន្មានខែក៏រៀបការ។

– ស្ថានភាពជុំវិញខ្លួនរបស់ភាគីទាំងពីរ ៈ ជារឿងដែលអាចនឹងត្រូវលើកយកមកពិចារណាដែរ ដូចជា រឿងចំណេះដឹង និងការសិក្សា អាជីព ស្ថានភាពសេដ្ឋកិច្ច ឋានៈខាងសង្គម និងវប្បធម៌។ល។ រឿងទាំងអស់នេះ សម្រាប់កំលោះក្រមុំសម័យថ្មីអាចនឹងសម្លឹងមើលថា ស្រឡាញ់តែរូបគាត់ម្នាក់ក៏គ្រប់គ្រាន់ អ្វីដែលនៅជុំវិញខ្លួនគាត់មិនចាំបាច់ទៅចាប់អារម្មណ៍ទេ។ ការពិតទៅ រឿងទាំងអស់នោះ បើចាប់អារម្មណ៍បន្តិចក៏ជាការល្អដែរ ដើម្បីបាននាំឆ្ពោះទៅរកវិធីការកែបញ្ហារួមគ្នានៅថ្ងៃខាងមុខនៃជីវិតអាពាហ៍ពិពាហ៍ ដូចជា រឿងឋានៈខាងសង្គមជាដើម។ ទោះជាភាពខុសប្លែកគ្នារបស់ឋានៈមិនបានកំណត់ពីភាពជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ក៏ពិតមែន តែជាច្រើនដង អាចនឹងត្រូវរងសម្ពាធពីមនុស្សជុំវិញខ្លួន ត្រូវគេសម្លក់សម្លឹង ត្រូវទិតៀនជាប់ជានិច្ច រហូតអាចធ្វើឱ្យកើតក្ដីវិតក្កកង្វល់

ឬទើសទាល់ក្នុងចិត្តឡើងបាន។ ដូច្នេះចូរសួរចិត្តខ្លួនឯងថា តើមានភាពរឹងមាំ ឬភាពត្រៀមខ្លួនជាស្រេចក្នុងការកែបញ្ហានេះដែរឬទេ? ឬស្ថិតក្រោមសភាវដែលខុសប្លែកគ្នាខ្លាំង នឹងនាំឆ្ពោះទៅរកភាពយកចិត្តទុកដាក់ដែលខុសគ្នា ឬកើតមានអារម្មណ៍ដែលមិនផ្ដល់កិត្តិយសរវាងគ្នានឹងគ្នា អាចនឹងភ្លេចខ្លួននិយាយគ្នាចុះនិយាយគ្នាឡើងក្លាយជាការប៉ះពាល់គ្នាក៏មាន។ ដូច្នេះប្រហែលជាត្រូវផ្ដល់កិត្តិយសដល់គ្នាទៅវិញទៅមក អាចនឹងត្រូវព្រមបត់បែន ឬទទួលយកតួនាទីខ្លះ និងកុំភ្លេចថា ក្នុងយុគសម័យថ្មីបែបនេះ ត្រូវបើកចិត្តឱ្យទូលាយឡើង៕

Advertisement