ប្រចណ្ឌ ឬមិនប្រចណ្ឌ? 3ចំណុចខាងក្រោមនេះ បញ្ជាក់យ៉ាងច្បាស់…

ស្រីៗយើងនេះណា៎ ពេលមានគូស្នេហ៍ ក៏មានអារម្មណ៍ចង់តែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលជាគូស្នេហ៍របស់ខ្លួនតែម្នាក់ឯង អ្នកផ្សេងហាមប៉ះ អ្នកណាក៏ហាមមើលដែរ…តែអារម្មណ៍ដែលចង់តែគ្រប់គ្រងហួងហែងលើរូបគេខ្លាំងជ្រុលពេក រហូតដល់រុកកួនរំខានភាពឯកជនរបស់គ្នាទៅវិញទៅមក ដូចជា ចាប់ផ្ដើមរំខានទៅដល់ធុរៈការងាររបស់គូស្នេហ៍ជាមួយមិត្តភ័ក្តិ ឬក្រុមគ្រួសាររបស់គេ ចាប់ផ្ដើមហាមមិនឱ្យគូស្នេហ៍ទៅធ្វើការងារដែលគេចូលចិត្ត ចាប់ផ្ដើមតាមសួរដេញដោលពីទីកន្លែងដែលគេទៅរៀងរាល់មួយម៉ោងម្ដង ជាដើម បែបហ្នឹងគេហៅថា “ប្រច័ណ្ឌបែបខុសប្រក្រតី” ហើយ ដែលទាំងអស់ហ្នឹងនឹងនាំមកនូវបញ្ហាដល់សម្ព័ន្ធស្នេហ៍ ឬជីវិតអាពាហ៍ពិពាហ៍របស់អ្នកមិនខាន។ ដូច្នេះបើនារីៗយើងណាមិនដឹងថាខ្លួនឯងជាមនុស្សប៉ិនប្រចណ្ឌឬអត់នោះ សាកល្បងមើលពី 3ចំណុចខាងក្រោមនេះទៅមើល៍ បើមានទង្វើដូច 3ចំណុចហ្នឹង សូមឱ្យដឹងខ្លួនទៅថា គូស្នេហ៍របស់អ្នក ចាប់ផ្ដើមមានអារម្មណ៍ទើសទាល់នឹងរូបអ្នកហើយ។

1 . មានអារម្មណ៍ជ្រួលច្រាលជាមួយការប្រើទូរស័ព្ទរបស់គូស្នេហ៍

នៅពេលដែលទង្វើនៃការប្រើទូរស័ព្ទរបស់គូស្នេហ៍ធ្វើឱ្យអ្នកមានអារម្មណ៍ជ្រួលច្របល់ ដូចជាទូរស័ព្ទទៅហើយ មិនលើក ឬទូរស័ព្ទទៅហើយ តែជាប់រវល់រហូត ធ្វើឱ្យអ្នកកើតមានអារម្មណ៍សោកសៅ ឬមួម៉ៅឡើងភ្លាមតែម្ដង នោះបង្ហាញថា អ្នកជានារីម្នាក់ដែលប្រចណ្ឌច្រើនជ្រុលពេកហើយ និងមិនមែនត្រឹមតែប្រចណ្ឌទេ ថែមទាំងគិតផ្ដេសផ្ដាស់ច្រើនទៀតផង ព្រោះគាត់អាចមិនបានកាន់ទូរស័ព្ទជាប់ដៃរហូត ឬជួនកាលនៅកន្លែងធ្វើការ គាត់អាចនឹងកំពុងប្រជុំ-ល- ហើយបើទូរស័ព្ទទៅហើយ ទូរស័ព្ទគាត់ជាប់រវល់ រឿងអីអ្នកបែរជាគិតថា គាត់កំពុងនិយាយជាមួយស្រីផ្សេងទៅវិញ? ជួនកាលគាត់អាចជាប់ជជែករឿងការងារជាមួយមិត្តភ័ក្តិ ឬជាមួយម្ដាយរបស់គាត់ផង ក៏អាចថាបានដែរ។ ដូច្នេះ ចូរកាត់បន្ថយការគិតច្រើននេះចេញខ្លះ ហើយបន្ថែមក្ដីជឿទុកចិត្តលើគាត់ឱ្យច្រើនឡើងទើបជាការល្អ។ ការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់គូស្នេហ៍នីមួយៗ។

2 . តាមដានជីវិតគាត់ជាប់ បែបមិនឱ្យដឹងខ្លួន

លួចតាមដាន លបឆែកឆេរលើបណ្ដាញសង្គមរបស់គាត់ ជាពិសេស Facebook មិនគ្រប់គ្រាន់ទេ ព្រោះគាត់អាចធ្វើដូចជាមិនមានអ្វី ដើម្បីបន្លំភ្នែកភរិយាដូចជារូបយើង តែអាចនឹងទៅលួចជួបគ្នានៅកន្លែងណាមួយក៏ថាបានដែរ…គិតចប់ពឹប! ក៏ស្ទុះវឹងទៅលួចតាមដានមើលគាត់នៅក្បែរកន្លែងធ្វើការ ឬនៅកន្លែងដែលគាត់តែងចូលចិត្តទៅញឹកញាប់ មិនឱ្យគាត់ដឹងខ្លួន លបពួនដើម្បីលួចមើលទង្វើរបស់គាត់ពីចម្ងាយ យ៉ាងហួងហែង…។ អៃយ៉ា! ធ្វើអ៊ីចឹងទៅកើតហ្ន៎? ហ្នឹងជាស្វាមីរបស់អ្នកតើ! ម៉េចបានទៅលួចតាមដានធ្វើដូចគាត់ជាឧក្រិដ្ឋជនធ្ងន់ធ្ងរអីយ៉ាងនេះ?!។ បើអ្នកនាងកញ្ញាៗដឹងខ្លួនថា ខ្លួនឯងធ្វើដល់ថ្នាក់ហ្នឹងហើយ អ្នកគ្រូ ឆវីសូមប្រាប់ទៅចុះថា វាដូចជាខុសប្រក្រតីខ្លាំងពេកហើយ។ អ្នកជាមនុស្សដែលមិនទុកចិត្តគូស្នេហ៍ខ្លួនឯងយ៉ាងខ្លាំង ហ្នឹងបើគាត់ចាប់បានថា អ្នកលួចតាមដានគាត់ ហើយគាត់ចង់សុំលែងលះគ្នានោះ គាត់អត់ខុសទេណា៎ ប្រាប់ឱ្យហើយ…។

3 . អត់ទុកចិត្តមនុស្សថ្មីៗ

រឿងចាស់មិនទាន់បាត់ភ័យ រឿងថ្មីមកដល់ទៀត នេះគឺជាអារម្មណ៍របស់អ្នកនៅពេលគូស្នេហ៍របស់អ្នកណែនាំឱ្យស្គាល់មនុស្សថ្មីៗ ហើយបើរឹតតែនាងម្នាក់នោះមុខមាត់ស្អាតបាតផងនោះ អ្នកអាចនឹងមានអារម្មណ៍តែផ្ដេសតែផ្ដាស់គិតថា នារីម្នាក់នោះជាមនុស្សដែលមកធ្វើឱ្យស្វាមីរបស់អ្នកញាប់ញ័រ…។ គិតឃើញភ្លាម ក្ដីប្រចណ្ឌក៏ពុះគ្រាក់ៗឡើងរហូតលាក់អាការលែងនៅតែម្ដង ហើយវាក៏ជារឿងដែលធ្វើឱ្យអ្នកមានអារម្មណ៍ចង់តែស៊ើបឱ្យដឹងថា តើស្រីម្នាក់ហ្នឹងជានរណា? មកពីណា? ស្និទ្ធស្នាលជាមួយប្ដីយើងកម្រិតណា?!។ តែឈប់សិន! អ្នកគ្រូ ឆវីចង់ប្រាប់ថា ទោះរូបគេជានារីដែលស្គាល់គ្នាជាមួយគូស្នេហ៍របស់អ្នកបែបជិតដិតមែនក្ដី តែនាងអាចរៀបការមានស្វាមី មានកូនខ្ចីរួចហើយផងក៏មិនដឹង ឬអាចជាមិត្តរួមការងារ ដែលក៏អាចនឹងក្លាយជាមិត្តជិតដិតនឹងរូបអ្នកនៅថ្ងៃក្រោយផងដែរក៏មិនដឹង ដូច្នេះកុំអាលជ្រួលច្របល់ទៅប្ដឹងផ្ដល់មុនកើតរឿងអី។ មិនទុកចិត្តអ្នកដទៃ វាមិនអីប៉ុន្មានទេ តែត្រូវចេះទុកចិត្តស្វាមីខ្លួនឯងខ្លះផង គាត់អាចនឹងស្រឡាញ់អ្នកខ្លាំងជាងអ្នកគិតទៅទៀតក៏ថាបានដែរណា៎…ម៉េចបានមិនគិតត្រង់ចំណុចហ្នឹងផង ហ្អា៎!?។

ម៉េចដែរ ត្រូវប៉ុន្មានចំណុចដែរ? បើបានអានហើយដឹងថាខ្លួនមានក្ដីប្រចណ្ឌដូចក្នុងទាំង 3ចំណុចហ្នឹងមែននោះ ឆាប់ៗផ្លាស់ប្ដូរគំនិតជាបន្ទាន់ ព្រោះអាទាំងអស់ខាងលើហ្នឹង ប្រុសៗគេមិនចូលចិត្តទេ ហេងស៊យអាចក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យលែងលះគ្នាបានទៀតផង តិចថាអ្នកគ្រូ ឆវីមិនបានប្រាប់…៕

Advertisement