បុរសម្នាក់ សេចក្ដីស្រឡាញ់ និងអត្ថន័យដ៏ស៊ីជម្រៅរបស់ការរៀបការ

អត្ថបទខាងក្រោមនេះបានរៀបរាប់អំពីអត្ថន័យយ៉ាងស៊ីជម្រៅរបស់ការរៀបអាពាហ៍ពិពាហ៍ ក្រោយពីបុរសម្នាក់បានចូលទៅសុំការប្រឹក្សាអំពីលោកឪពុករបស់គេពាក់ព័ន្ធនឹងក្ដីភ័យខ្លាច និងក្ដីវិតក្កកង្វល់ចំពោះការសម្រេចចិត្តក្នុងការរៀបការ ហើយឪពុករបស់គេក៏បានផ្ដល់ចម្លើយដ៏ច្បាស់លាស់ដល់គេ ហើយតទៅនេះគឺជារឿងរ៉ាវដែលកើតឡើង…

«ខ្ញុំជួបនឹងភរិយាលើកដំបូងពេលអាយុ 15ឆ្នាំ កាលនោះយើងកំពុងរៀននៅថ្នាក់មធ្យមសិក្សា។ យើងធ្វើជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាអស់ជាង 10ឆ្នាំ មុននឹងសម្រេចចិត្តថា យើងលែងត្រូវការធ្វើត្រឹមតែជាមិត្តភក្តិនឹងគ្នាតទៅទៀតហើយ…។ យ៉ាងណាក៏ដោយ ការលង់ស្នេហ៍មិត្តជិតស្និទ្ធបែបនេះមិនបានធ្វើឱ្យខ្ញុំបាត់អស់អាការភ័យខ្លាច និងកង្វល់ពាក់ព័ន្ធនឹងការរៀបការឡើយ។ រឹតតែខ្ញុំ និងចិន្ដាចូលជិតដល់អំឡុងពេលដែលត្រូវសម្រេចចិត្តរឿងរៀបអាពាហ៍ពិពាហ៍ខ្លាំងប៉ុនណា ខ្ញុំរឹតតែភ័យខ្លាចរហូតលែងហ៊ានចង់ធ្វើអ្វីទាំងអស់ប៉ុននោះដែរ…សួរថា តើខ្ញុំត្រៀមខ្លួនរួចហើយឬនៅ? សម្រេចចិត្តត្រូវឬទេ? តើចិន្ដាជាមនុស្សស្រីដែលខ្ញុំត្រូវការមែនឬ? នាងនឹងធ្វើឱ្យខ្ញុំមានសេចក្ដីសុខទេ? សំណួរទាំងអស់នេះតាមលងអន្ទោលដួងចិត្តខ្ញុំជាប់ជានិច្ច។ រហូតដល់រាត្រីមួយ ខ្ញុំក៏រៀបរាប់រឿងដែលខ្ញុំវិតក្កកង្វល់នេះឱ្យប៉ារបស់ខ្ញុំស្ដាប់ ហើយប៉ាក៏តបមកវិញថា នេះគឺជាហេតុការណ៍មួយទៀតក្នុងការសម្រេចចិត្តដែលសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ»។

“កូនមិនមែនរៀបការដើម្បីឱ្យខ្លួនឯងមានសេចក្ដីសុខទេ តែកូនរៀបការដើម្បីឱ្យអ្នកដទៃមានសេចក្ដីសុខ កូនរៀបការដើម្បីក្រុមគ្រួសារ ដើម្បីសាច់ញាតិបងប្អូន ដើម្បីកូនចៅនៅថ្ងៃខាងមុខ។ កូនចង់ឱ្យអ្នកណាចិញ្ចឹមមើលថែពួកគេ? ចង់ឱ្យពួកគេបានទទួលឥទ្ធិពលពីអ្នកណា? នេះមិនមែនជាការរៀបការដើម្បីខ្លួនឯងទេ តែដើម្បីសេចក្ដីសុខរបស់មនុស្សដែលកូនរៀបការជាមួយ…”

ពេលហ្នឹងហើយដែលខ្ញុំដឹងថា ចិន្ដាគឺជាមនុស្សស្រីដែលខ្ញុំត្រូវការក្នុងជីវិតរបស់ខ្ញុំ ខ្ញុំចង់ឱ្យនាងមានសេចក្ដីសុខ ចង់ឱ្យនាងញញឹម និងសើចជារៀងរាល់ថ្ងៃ។ ខ្ញុំចង់ក្លាយជាចំណែកមួយក្នុងក្រុមគ្រួសាររបស់នាង ហើយក្រុមគ្រួសាររបស់ខ្ញុំក៏ចង់ឱ្យនាងក្លាយជាចំណែកមួយរបស់យើងដូចគ្នាដែរ។ ពេលថយត្រឡប់ទៅក្នុងថ្ងៃដែលខ្ញុំឃើញនាងលេងជាមួយក្មួយៗរបស់ខ្ញុំ ខ្ញុំបានដឹងភ្លាមតែម្ដងថា គឺរូបនាងហ្នឹងហើយជាមនុស្សដែលខ្ញុំចង់សាងគ្រួសារជាមួយ…។

ពាក្យណែនាំរបស់ប៉ា ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត និងភ្លឺភ្នែកឡើងភ្លាមតែម្ដង។ សូមប្រាប់ទៅចុះថា វាផ្ទុយគ្នានឹងពាក្យស្លោករបស់ វ៉លម៉ាល នាពេលបច្ចុប្បន្នដែលនិយាយថា “បើអ្វីក៏ដោយដែលធ្វើឱ្យអ្នកមានអារម្មណ៍គ្មានសេចក្ដីសុខ ចូររកថ្មីទៅប្រសើរជាង”។ ត្រឹមត្រូវហើយ…ការរៀបការ និងស្នេហាស្មោះមិនពាក់ព័ន្ធនឹងរូបអ្នកឡើយ តែវាពាក់ព័ន្ធនឹងមនុស្សដែលអ្នកស្រឡាញ់ ពាក់ព័ន្ធនឹងអ្វីដែលពួកគេត្រូវការ ពាក់ព័ន្ធនឹងអ្វីដែលពួកគេប្រាថ្នា។ ក្ដីនឹកសង្ឃឹម ការស្រមៃចង់បាន និងភាពអាត្មានិយមនឹងសួរមកយើងថា “ហើយខ្ញុំនឹងបានអី?” ខណៈដែលសេចក្ដីស្រឡាញ់នឹងសួរថា “តើខ្ញុំអាចឱ្យអ្វីទៅពួកគេបានខ្លះ?”។

តែ ជំនួសឱ្យចិន្ដានឹងធ្វើដូចខ្ញុំ នាងបែរជាធ្វើរឿងម្យ៉ាងដែលគួរឱ្យស្ងើចខ្លាំងជាងហ្នឹង។ នាងបង្ហាញពីសេចក្ដីស្រឡាញ់ចេញមកយ៉ាងពេញហូរហៀរ និងស្ថិតនៅក្បែរកាយខ្ញុំជានិច្ច មិនថាខ្ញុំនឹងជួបសេចក្ដីទុក្ខ ឬត្រូវឆ្លងកាត់ក្ដីឈឺចាប់ខ្លាំងប៉ុនណា នាងនឹងនៅចាប់ក្ដោបដៃខ្ញុំជាប់ ព្រមជាមួយការលួងលោមយ៉ាងទន់ភ្លន់ ធ្វើឱ្យខ្ញុំរំភើប និងរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក…។ ខ្ញុំសន្យាជាមួយនាងថា ខ្ញុំនឹងព្យាយាមឱ្យខ្លាំងជាងនេះ…។

សម្រាប់អ្នកដែលកំពុងអានអត្ថបទនេះ មិនថារៀបការហើយ កំពុងជិតរៀបការ ឬនៅលីវក៏ដោយ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាបានដឹងថា ការរៀបការនេះ មិនមែនដើម្បីខ្លួនឯងនោះទេ តែដើម្បីមនុស្សដែលអ្នកស្រឡាញ់ទៅវិញទេ។ រឹតតែអ្នកឱ្យសេចក្ដីស្រឡាញ់ទៅបុគ្គលដទៃច្រើនប៉ុនណា អ្នកនឹងបានទទួលសេចក្ដីស្រឡាញ់ច្រើនប៉ុននោះមកវិញ ទាំងពីមនុស្សសំខាន់ ពីក្រុមគ្រួសារ ពីមិត្តភក្តិ និងពីមនុស្សរាប់ពាន់នាក់ទៀតដែលអ្នកនៅមិនទាន់បានជួប…កុំភ្លេចថា សេចក្ដីស្នេហា និងការរៀបអាពាហ៍ពិពាហ៍ មិនមែនជារឿងដែលធ្វើដើម្បីរូបអ្នកខ្លួនឯងឡើយ តែធ្វើដើម្បីអ្នកឯទៀតទាំងអស់…៕

ទិទីតំតាតូ

Advertisement