ភរិយា​របស់​អ្នក​មាន​ជាង​គេ​បង្អស់​នៅ​ទ្វីប​អាស៊ី​ មាន​ជីវភាព​រស់​នៅ​បែប​ណា?

ភរិយារបស់អ្នកមានជាងគេបង្អស់នៅទ្វីបអាស៊ី មានជីវភាពរស់នៅបែបណា?
ភរិយារបស់អ្នកមានជាងគេបង្អស់នៅទ្វីបអាស៊ី មានជីវភាពរស់នៅបែបណា?

ភរិយារបស់មហាសេដ្ឋី Mukesh Ambani មានសម្ភារប្រើប្រាស់ប្រភេទប្រណិតយ៉ាងច្រើន រួមនឹងគ្រឿងអលង្ការដែលមានតម្លៃរាប់សិបលានដុល្លារ យន្ត​ហោះ​រផ្ទាល់ខ្លួន និងថែមទាំងមានចិត្តទូលាយដោយចងដៃពេទ្រដែលមានតម្លៃ55លានដុល្លារដល់កូនប្រសារទៀតផង។

លោកស្រី Nita គឺជាភរិយារបស់លោក Mukesh Ambani ដែលជាអ្នកមានជាងគេបង្អស់ប្រចាំទ្វីបអាស៊ីនិងឥណ្ឌា ដោយមានទ្រព្យសម្បត្តិជាង80ពាន់លានដុល្លារអាមេរិក។ លោកស្រី ត្រូវបានគេដាក់រហ័សនាមថា “ជំទាវទីមួយ” របស់ត្រកូល Ambani ដែលជាត្រកូលមួយក្នុងចំណោមត្រកូលអ្នកមានជាងគេក្នុងពិភពលោក។ លោកស្រីមានសម្រស់ស្រស់សោភា និងក្មេងជាងវ័យ ជាមួយនឹងទិន្នាការប្រើប្រាស់សម្លៀកបំពាក់ប្រកបដោយភាពប្រណិត។ ភរិយារបស់អ្នកជំនួញដែលមានអំណាចបំផុតនៅឥណ្ឌា ដែលជាម្ចាស់នៃក្រុមហ៊ុនយក្ស Reliance Industries តែងតែជាចំណុចកណ្ដាលនៃចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា នៅពេលបង្ហាញខ្លួនម្ដងៗ។

មហាសេដ្ឋី Mukesh Ambani និង​ភរិយា​ Nita

ដំបូងឡើយ អ្នកស្រី Nita គ្រាន់តែជានាទីមួយដែលខ្លាចមុខ ខ្លាចក្រោយតែប៉ុណ្ណោះ។ ក្នុងគ្រាដំបូងដែលទើបបានក្លាយជាកូនប្រសាររបស់ត្រកូល Ambani អ្នកស្រីបានត្រឹមតែចូលរួមពិធីជប់លៀងដែលធ្វើឡើងក្នុងគ្រួសារ និងមានវត្តមានក្នុងព្រឹត្តិការណ៍ខ្លះៗរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ពេលនេះ លោកស្រីបានក្លាយជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតនៅប្រទេសឥណ្ឌា។ បច្ចុប្បន្ន លោកស្រី Nita គឺជានាយិកាសាលាអន្តរជាតិ Dhirubhai Ambani (DAIS) ដែលជាសាលាល្អជាងគេមួយនៅទីក្រុង Mumbai ដែលត្រូវបានគ្រួសារ Ambani បង្កើតឡើងកាលពីឆ្នា2003។ លោកស្រីក៏កាន់កាប់តំណែងនាយិកាមិនប្រតិបត្តិនៅ Reliance Industries ផងដែរ ដោយទទួលបានប្រាក់បៀវត្ស និងប្រាក់កម្រៃជាង160,000ដុល្លារក្នុងមួយឆ្នាំ។ លោកស្រីក៏កាន់កាប់ Mumbai Indians ដែលជាក្រុមកីឡាវាយកូនបាល់ (cricket) ដែលទទួលបានជោគជ័យបំផុតនៅឯពានរង្វាន់ IPL (Indian Premier Leage) ចាប់ពីឆ្នាំ2008។ លោកស្រីក៏ធ្លាប់មានឈ្មោះនៅក្នុងបញ្ជីឈ្មោះស្ដីអំពីស្ត្រីអ្នកជំនួញដែលមានឥទ្ធិពលបំផុតនៅអាស៊ី របស់សារព័ត៌មាន Forbes។ លោកស្រី Nita ជាស្ត្រីដំបូងគេនៅឥណ្ឌាដែលបានក្លាយជាសមាជិករបស់គណៈកម្មធិការអូឡាំពិកអន្តរជាតិ។

លោកស្រី Nita រស់នៅក្នុងវិមានមួយដែលមានតម្លៃថ្លៃជាគេបំផុតក្នុងពិភពលោក ដោយការចំណាយទៅលើការសាងសង់ឡើងដល់1ពាន់លានដុល្លារ និងត្រូវការបុគ្គលិក600នាក់ដើម្បីគ្រប់គ្រង។ វិមាននេះមានកម្ពស់174ម៉ែត្រ និងមាន27ជាន់ ព្រមទាំងមានកន្លែងចុះចតសម្រាប់ឧទ្ធម្ភាគចក្រចំនួន2កន្លែង ភោជនីយដ្ឋាន កន្លែងជិះស្គីលើទឹកកកក៏មាននៅខាងក្នុង។ ចំណែកសម្ភារ និងគ្រឿងសង្ហារិមក្នុងវិមាននេះ ត្រូវបានលោកស្រី Nita ជ្រើសរើសដោយផ្ទាល់ពីបណ្ដាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញ និងមានគុណភាពបំផុតក្នុងពិភពលោក។ សារព័ត៌មាន Economics Times ឱ្យដឹងថា លោកស្រី Nita ធ្លាប់បានបញ្ជាទិញឈុតសម្រាប់ការទទួលទានអាហាររបស់ក្រុមហ៊ុន Noritake (ជប៉ុន) ពីរោងចក្រនៅស្រីលង្កា ដែលមួយឈុតៗសុទ្ធតែត្រូវបានស្រោបមាស់22ការ៉ាត់ ហើយបើគិតជាសរុប វាមានតម្លៃដល់ទៅ1លានដុល្លារឯណោះ។

លោកស្រី Nita មានទូមួយដែលដាក់សម្លៀកបំពាក់មានតម្លៃខ្ពស់កប់ពពក រាប់ចាប់ពីសម្លៀកបំពាក់ប្រពៃណី រហូតដល់កាបូបដៃ ឬគ្រឿងអលង្ការដែលមានតម្លៃរាប់សិបលានដុល្លារអាមេរិក។ ក្នុងនោះមានកាបូប Hermes Himalayan Birkin ដ៏កម្រ ដែលមានតម្លៃ350,000ដុល្លារ ដោយវាត្រូវបានផលិតឡើងអំពីស្បែកក្រពើពណ៌សហិមព្វាន (ហិមាល័យ) និងមានដាំពេជ្រ240គ្រាប់ ចំណែកគន្លឹះរបស់កាបូបនេះធ្វើអំពីមាស18ការ៉ាត់ ដែលត្រូវបានបញ្ជាទិញលក្ខណដោយឡែក។

យន្តហោះ​ Airbus A319 តម្លៃ​60​លាន​ដុល្លារ​របស​លោក​ស្រី Nita

នៅក្នុងពិធីរៀបការកូនប្រុសកាលពីឆ្នាំ2019 លោកស្រី Nita បានបញ្ជាទិញកងកពេជ្រទម្ងន់407ការ៉ាត់ ធ្វើជាចំណងដៃសម្រាប់កូនប្រសារ Shloka Mehta។ កងកនេះមានឈ្មោះថា L’Incomparable និងត្រូវបានសៀវភៅ Guiness ចាត់ជាកងដែលថ្លៃបំផុតក្នុងពិភពលោក ជាមួយនឹងតម្លៃឡើងដល់55លានដុល្លារអាមេរិក។

បច្ចុប្បន្ន លោកស្រី Nita កំពុងរស់នៅដោយមានសេចក្ដីសុខជាទីបំផុត នៅក្បែរស្វាមីដ៏មានអំណាច និងកូន​3​នាក់ គឺ Anant, Isha និង Akash។ ពួកគេត្រូវបានវាយតម្លៃថាជាអ្នកស្នងដ៏លេចធ្លោរបស់ត្រកូល Ambani។ កូន​ប្រសារស្រី និងកូនប្រសារប្រុសរបស់លោកស្រី សុទ្ធតែជាមនុស្សដែលមានសមត្ថភាព៕

ប្រភព៖ SCMP

Advertisement