នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? (ភាគ1)

ខាងក្រោមនេះ ជាលក្ខណៈរបស់នារីនៅលីវ 12បែបដែលនឹងបង្ហាញឱ្យអ្នកមើលឃើញថា តើខ្លួនអ្នក ជានារីនៅលីវក្នុងស្ទីលណាមួយ?

1 . ជាកញ្ញារ៉ូមែនទិក

អ្នកនឹងមិនខកខានទស្សនាខ្សែភាពយន្តប្រភេទរ៉ូមែនទិកខំមេឌីមួយរឿងណាឡើយ ហើយពេលនេះក៏កំពុងតាមរកស្នេហាពិត ដូចជាគូរបស់ អ៊ែលលី និងណូអាហ៍ក្នុងខ្សែភាពយន្តរឿង The Notebook​ ដែរ។ អ្នកនឹងបានដឹងភ្លាមតែម្ដងថា គេម្នាក់នោះគឺជាបុរសក្នុងក្ដីសុបិនរបស់អ្នក បើគេប្រគល់ក្ដីស្នេហ៍ ការយកចិត្តទុកដាក់ និងវត្ថុអនុស្សាវរីយ៍ជូនអ្នកយ៉ាងសន្ធឹកសន្ធាប់ ខណៈពេលកំពុងខ្សិបពាក្យពេចន៍ដ៏ពីរោះនៅក្បែរត្រចៀកក្នុងអំឡុងពេលដែលអ្នកទាំងគូកំពុងញ៉ាំអាហារពេលល្ងាចនៅពីមុខផ្ទាំងទឹកជ្រោះធ្លាក់ដែលគេរៀបចំទុកជាមុន ព្រមជាមួយវង់តន្រ្តីដែលអ្នកជួលមកកំពុងប្រគំបទភ្លេងសំណព្វចិត្តរបស់អ្នក។ អូ…ពិតជាវិសេសមែន!។

មិនចម្លែកឡើយដែលអ្នកនឹងស្រមើស្រមៃរកភាពរ៉ូមែនទិកពីមនុស្សប្រុសណាម្នាក់ តែកុំភ្លេចថា មនុស្សប្រុសនៅក្នុងជីវិតពិត គ្មានផ្លូវដូច រ៉ៃអាន់ ហ្កស្ល៊ីង ក្នុងខ្សែភាពយន្តឡើយ។

2 . ជាកញ្ញាប៉ឹនសង្ស័យ និងប្រយ័ត្ន

អ្នកមិនមែនជាមនុស្សល្ងង់ អ្នកជាមនុស្សដែលមានបទពិសោធជោកជាំ ហើយម៉ាស៊ីនចាប់ភាពកំហុសរបស់អ្នកក៏ច្បាស់ដូចថ្ងៃទៀត!(ប្រហែលជាត្រូវបានសាងឡើងដោយអង្គការណាសា)…។ នៅពេលអ្នកជួបមនុស្សប្រុស អ្នកនឹងមិនបង្ហាញអាកប្បកិរិយាអ្វីចេញមកភ្លាមៗនោះទេ តែនឹងសន្និដ្ឋានទុកជាមុនថា គេម្នាក់នោះគឺ អាល្ងង់ម្នាក់ រួចហើយសឹមស្វែងរកចំណុចមកពិសោធតាមក្រោយថា មិនមែនទេ។ អ្នកធ្លាប់ខកស្នេហ៍ និងគ្មានថ្ងៃបណ្ដោយឱ្យវាកើតឡើងម្ដងទៀតឡើយ។

ពិតហើយ ដែលយើងត្រូវតែពិសោធថា តើបុរសម្នាក់នោះមានតម្លៃគ្រប់គ្រាន់ឬទេ? មុននឹងបណ្ដោយឱ្យគេដើរចូលមកក្នុងជីវិត…តែការខ្លាច ឬប្រយ័ត្នខ្លាំងជ្រុលពេក អាចក្លាយក្លាយជាការរារាំង ឬកាត់បន្ថយឱកាសរបស់ខ្លួនឯង…ដូច្នេះចូរបើកចិត្តឱ្យទូលាយ និងប្រើឱកាសនោះឱ្យបានល្អបំផុត។

3 . ជាកញ្ញាមហារើស

អ្នកប្រៀបដូចជាគ្រាប់បែកដ៏ក្ដៅគគុក និងមានមន្តស្នេហ៍ ដែលប្រាកដណាស់ថា អ្នកច្បាស់ជាបានទទួលការចាប់អារម្មណ៍ពីកំលោះៗជាច្រើន…តែបើគេមិនធ្វើតាមអ្វីដែលអ្នកទាមទារ ដែលវាកាន់តែច្រើនឡើងជារឿយៗនោះ ធានាថា អ្នកត្រៀមកៀរគេទម្លាក់ចោលមិនខាន។ មិត្តភក្តិរបស់អ្នកធ្លាប់ប្រាប់ថា អ្នករឿងច្រើនណាស់ តែអ្នកបដិសេធយ៉ាងដាច់អហង្ការ អ្នកអះអាងថា អ្នកមានស្តង់ដារបស់អ្នក(ក្នុងការរើសមនុស្សប្រុសមកធ្វើជាគូ)។

ចូរចាំទុកថា ស្នេហាគឺជាការផ្សងព្រេង មិនអាចស្មានអ្វីទុកមុនបានឡើយ ដូច្នេះពេលមាននរណាម្នាក់ដើរចូលមក តែមិនបានដូចនឹងអ្វីដែលអ្នកនឹករំពឹងទុកទាំងអស់នោះ ចូរហែកស្តង់ដារបស់អ្នកចោលសិនទៅ ហើយពិចារណាពីបុរសម្នាក់នោះជាចំណុចៗ ទៅប្រសើរជាង មិនដូច្នោះទេ អ្នកអាចនឹងខកខានបទពិសោធអ្វីម្យ៉ាងដែលគួរឱ្យស្ងើច រួមទាំងគេម្នាក់នោះអាចជាបុរសក្នុងក្ដីសុបិនរបស់អ្នកផង ក៏អាចថាបានដែរ។

4 . ជាកញ្ញាអ្នកស្នេហាមិនរើសមុខ

អ៊ូយស្លាប់ហើយ! នេះវាមិនមែនជារឿងការស្វែងរកបុរសក្នុងក្ដីសុបិនមិនឃើញទេណា! តែជារឿងដែលអ្នកចូលចិត្តគ្រប់តែបុរសទាំងអស់តែម្ដង។ បុរសម្នាក់នេះគួរឱ្យធុញទ្រាន់ តែយ៉ាងហោចណាស់ ក៏គេសង្ហាដែរណា៎ ឬបុរសម្នាក់នោះ គ្មានកើតជាការអីទាំងអស់ តែយ៉ាងហោចណាស់ក៏ស្រួលនិយាយគ្នា។ មិត្តភក្តិរបស់អ្នកគិតថា អ្នកជាមនុស្សចម្លែកដែលគ្មានកំណត់លក្ខណសម្បត្តិរបស់មនុស្សប្រុស និងប្រាប់ថា អ្នកគ្មានស្តង់ដា តែអ្នកគ្មានខ្វល់អ្វីបន្តិចសោះឡើយ ថែមទាំងគិតថា មិត្តភក្តិគេច្រណែននឹងអ្នកទៀតផង…។

ការបើកចិត្ត គឺជារឿងល្អ តែការបើកធំទូលាយធំជ្រុលពេក ក៏មិនកើតដែរ អ្នកគួរផ្ដល់ពេលវេលាឱ្យខ្លួនឯងចំពោះការសេពគប់នឹងនរណាម្នាក់ ដើម្បីសង្កេតមើលថា ការពិតទៅ តើអ្នកត្រូវការអ្វីពិតប្រាកដ? ហើយជឿចុះ តែបន្តិចទៅ អ្នកនឹងក្លាយខ្លួនជានាងកញ្ញាមហារើសជាមិនខាន។

5 . ជាកញ្ញាមហាខ្លាច

អ្នកក៏ស្រដៀងៗនឹងកញ្ញាអ្នកស្នេហាមិនរើសមុខដែរ គឺជជែក ឬសេពគប់ជាមួយអ្នកណាក៏បាន តែហេតុផលរបស់អ្នកនឹងខុសប្លែកពីគេ។ អ្នកធុញទ្រាន់ក្នុងការទៅដើរលេងជាមួយមនុស្សប្រុស តែក៏ខ្លាចថានឹងត្រូវនៅ(លីវ)ម្នាក់ឯងដែរ។ អ្នកត្រូវតែមាននរណាម្នាក់នៅជាមួយជាប់រហូត មិនដូច្នោះទេ អ្នកក៏ត្រូវគេងមើលរឿងភាគស្នេហាអន់ៗយ៉ាងកណ្ដោចកណ្ដែងព្រមជាមួយនំ 1កញ្ចប់ធំ…ដំណោះស្រាយដែលអ្នកធ្វើ ក៏គឺខំព្យាយាមយ៉ាងខ្លាំងក្លាក្នុងការស្វែងរកនរណាម្នាក់មកកំដរកាយ…។

អ្នកត្រូវតែបោះចោលការគិតពាក់ព័ន្ធនឹងការស្វែងរកគូដើរលេងកម្សាន្ត និងរឿងមនុស្សប្រុសចេញពីខួរក្បាលមួយរយៈ ហើយរស់នៅឱ្យសប្បាយរីករាយ ឈប់បង្ខំខ្លួនឯង និងថយមកក្រោយវិញ 1ជំហាន គ្រវាត់សម្ពាធផ្លូវចិត្តចោល ហើយចេញទៅដើរលេងជាមួយបុរសណាម្នាក់ដែលអ្នកគិតថាអូខេ នោះអ្នកនឹងត្រឡប់មករីករាយជាថ្មីម្ដងទៀតមិនខាន។

6 . ជាកញ្ញាដែលជឿលើជោគជតា

អ្នកគ្រប់គ្រាន់ហើយជាមួយខ្សែភាពយន្តស្នេហារ៉ូមែនទិក ព្រោះវាធ្វើឱ្យអ្នកមួម៉ៅ ព្រោះអ្នកបានដឹងហើយថា ស្នេហាវាហេងស៊យប៉ុនណា…អ្នកសាកល្បងហើយ តែវាមិនបានជោគជ័យ ចុងក្រោយអ្នកបានត្រឹមតែប្រើវិធីងាយៗសប្បាយៗនៅក្នុងបន្ទប់គេងរបស់ខ្លួនឯង និងបណ្ដោយខ្លួនតាមសប្បាយ។ អ្នកគិតថា ពួកមនុស្សទាំងអស់នោះស្រឡាញ់គ្នា តែឆាកចុងក្រោយ បន្តិចទៅក៏គង់តែត្រូវលែងលះគ្នា…យើងគ្រាន់តែមិនត្រូវការឱ្យខ្លួនឯងមានអារម្មណ៍លំបាកវេទនាជាមួយស្នេហាខ្លាំងជាងហ្នឹងទៀតតែប៉ុណ្ណោះ។

ការត្រូវគេបដិសេធ ការខកស្នេហ៍ អ្វីៗទាំងឡាយទាំងពួងនោះ គឺជារឿងពិបាក លទ្ធផលតបស្នងអាចនឹងមិនសមនឹងតម្លៃ តែវាមិនមែនមានន័យថា ឱ្យអ្នកចុះចាញ់នោះទេ។ អ្នកមិនដឹងថាដោយសារតែអ្នកនៅមិនទាន់ជួបមនុស្សដែលត្រូវការឬយ៉ាងណានោះទេ តែពេលថ្ងៃមួយនោះមកដល់ អ្នកនឹងបានយល់ថា ហេតុអីបានវាសមនឹងតម្លៃ? ដូច្នេះឈប់ឆ្កួតឡប់! ហើយត្រឡប់មកតស៊ូជាថ្មីម្ដងទៀត។

(នៅមានត)

Advertisement