3 “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

3 “ប” ដែលថានេះគឺ “បន្ថយ បញ្ចៀស បញ្ឈប់”។ ទាំងអស់នេះ គឺជាពាក្យដែលយើងតែងបានឮជាញឹកញាប់ ដែលពេលខ្លះយើងគួរតែ បន្ថយ បញ្ចៀស និងបញ្ឈប់ទង្វើមួយចំនួនដើម្បីសេចក្តីស្នេហា និងសុភមង្គលដ៏ល្អប្រសើររបស់យើង។

បន្ថយ

ទិដ្ឋិ (ឬមានះ)ជារឿងរបស់កិត្តិយស និងទិដ្ឋិដែលមាននៅក្នុងមនុស្សគ្រប់រូប។ ហេតុ និងផលរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ គំនិតដែលអ្នកគិតថាត្រឹមត្រូវ អាចជាភាពត្រឹមត្រូវដែលអ្នកយល់ឃើញតែម្នាក់ឯង ក៏អាចថាបានដែរ។ នៅក្នុងរឿងរបស់សេចក្តីស្នេហាវិញ ការកាត់បន្ថយទិដ្ឋិ និងការទទួលយកគំនិតរបស់គូស្នេហ៍របស់អ្នកគឺជារឿងសំខាន់ រឹតតែពេលឈ្លោះប្រកែកតវ៉ាគ្នាផងនោះ សេចក្តីក្រេវ​ក្រោធនឹងធ្វើឱ្យរឿងរ៉ាវល្អៗ ឬអារម្មណ៍ល្អៗរវាងអ្នកទាំងពីរបាត់បង់អស់ ហើយទិដ្ឋិនឹងធ្វើឱ្យរឿងនោះកាន់តែអាក្រក់ឡើង ដោយសារ​តែ​ម្នាក់​ៗមិនព្រមចុះញ៉មគ្នា។

បញ្ចៀស

ភាពឆាប់ខឹងឆេវឆាវ ចូលចិត្តស្រែកឡូឡា មនុស្សយើងគ្រប់គ្នាសុទ្ធតែមានភាពអត្មានិយមទាំងអស់ គ្រាន់តែវាស្ថិតនៅត្រង់ថា តើនឹង​ត្រូវបញ្ចេញមកច្រើន-តិចប៉ុនណា និងអាចគ្រប់គ្រងវាបានល្អប៉ុនណាតែប៉ុណ្ណោះ។ បើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឆាប់ខឹង​ឆេវ​ឆាវ ពេលកើតអាការមិនពេញចិត្តនឹងរឿងអ្វីមួយ ឬនឹងនណាម្នាក់នោះ អ្នកនឹងបញ្ចេញអភិនីហារ ស្រែកជេរឡូឡា រហូតដល់គ្មាន​នរណា​ហ៊ានចូលក្បែរ។ ទង្វើទាំងនេះ បើប្រើជាមួយអ្នកដែលគេកេងប្រវ័ញ្ចយកប្រៀបលើរូបអ្នកនោះ មើលទៅ​វាមិនគួរឱ្យស្អប់ខ្ពើមអីប៉ុន្មាន​ទេ តែសម្រាប់គូស្នេហ៍ ស្វាមី ឬភរិយារបស់ខ្លួនវិញ អាការទាំងនេះ គឺជាអាការដែលអ្នកគួរតែបញ្ចៀសវាចោលជាដាច់ខាត ព្រោះគ្មាន​អ្នកណាអាច​ទ្រាំនឹងភាពឆាប់មួម៉ៅក្រេវក្រោធរបស់អ្នកបានយូរឡើយ។

បញ្ឈប់

ភាពខិលខូចផិតក្បត់ (មិនថាស្រ្តី ឬបុរសឡើយ) អាការខិលខូចផិតក្បត់ពេលដែលលោកអ្នកនៅលីវ វាមិនអីទេ ល្មមអាចទទួលយក​បានខ្លះ តែនៅពេលមានគូស្នេហ៍ ​​មានស្វាមី ឬ​ភរិយាហើយនោះ បញ្ហានឹងកើតមានឡើងជាមិនខាន។ តឱ្យអ្នកណាក៏ដោយ​ដែល​និយាយ​ថា ចូលចិត្តតែអ្នកខិលៗក៏ដោយ ទីបំផុត គ្មានឃើញនរណាម្នាក់ទ្រាំបានសោះ។ ភាពខិលខូចផិតក្បត់ គឺជាទង្វើដែលគួរតែ​បញ្ឈប់នៅពេលលោកអ្នកមានគូគ្រងច្បាស់លាស់ហើយ ព្រោះភាពស្មោះត្រង់​ គឺជាគុណសម្បត្តិសំខាន់មួយរបស់សេចក្តីស្នេហា ឯ​ភាព​ខូចខិលផិតក្បត់វិញ គឺជាភាពរលំរលាយរបស់ជីវិតអពាហ៍ពិពាហ៍៕

សម្លឹងសេចក្តីស្នេហាដោយក្តីយល់ចិត្ត អ្វីៗក៏ស្រស់ស្អាត និងមានសុភមង្គលដែរ

ដោយសារតែមូលដ្ឋានគ្រឹះរបស់ក្រុមគ្រួសារ ចិត្តគំនិត និស្ស័យ រួមទាំងការរស់នៅដែលអាចមានភាពខុស​ប្លែកពីគ្នាមកតាំងពីដើមទីនោះ ទើបយើង(គូស្វាមី-ភរិយា)ត្រូវអាស្រ័យលើ “ការយល់ចិត្តគ្នា” ធ្វើជាឫសគល់សំខាន់ក្នុងរឿង “ស្នេហា” ហើយ “ការ​យល់​ចិត្ត” នៅក្នុងទីនេះ ត្រូវតែធ្វើរួមគ្នាទាំង 2នាក់ បើមានតែនរណាម្នាក់ខំប្រឹងព្យាយាមធ្វើតែម្នាក់ឯង ក៏គ្មានថ្ងៃបាន​យល់​ចិត្តគ្នា ដែលនឹងនាំ​​ឱ្យមានសុភមង្គលបានដែរ។

ម្នាក់ៗត្រូវខំព្យាយាមសិក្សា និងយល់ចិត្តគ្នាទៅវិញទៅមក ដូចជា ម្នាក់ចង់ទៅដើរលេងទិញអីវ៉ាន់តែម្នាក់ឯង ខណ:ដែលម្នាក់ទៀតចង់តែទៅជាមួយដែរជាប់រហូត ឬក៏ម្នាក់ចង់ទៅរួមកម្សាន្តសប្បាយជាមួយពួកម៉ាកមិត្តភក្តិម្តង​ម្កាលតាមតែមានឱកាស តែម្នាក់ទៀតបែរជាមិនសូវចូលចិត្ត ព្រោះគិតថា ខ្លួននឹងត្រូវគេទុកចោលឱ្យនៅផ្ទះម្នាក់ឯងជាដើម។ អ៊ឺម៍! គ្រាន់​​តែប៉ុណ្ណឹង បញ្ហាដែលមិនគួរនឹងកើតឡើង វានឹងកើតឡើងមិនខាន។ ការពិតទៅ រឿងបែបនេះ គ្រាន់តែយើងបែរមុខមកនិយាយគ្នា ប្រាប់គ្នាឱ្យដឹង និងយល់ពីតម្រូវការរបស់ម្នាក់ៗ និងយល់ព្រមបើកចិត្តទទួលយករវាងគ្នាទៅវិញទៅមក តែប៉ុណ្ណឹង សូមជឿចុះថា បញ្ហារអើសចិត្តគ្នាផ្សេងៗទាំងនោះ នឹងធូរស្រាលអស់ជាមិនខាន។

ចូរកុំភ្លេចថា “សេចក្តីស្នេហា” គឺជារឿងដ៏ល្អស្រស់បំព្រងមួយដែលត្រូវអាស្រ័យលើការរៀនយល់ដឹង ការសម្របខ្លួន ការស្វែងយល់ និងព្រមទទួលយកពីគ្នាទៅវិញទៅមក។ យើងក៏ជាយើង គេក៏ជាគេ បើសិនជាត្រូវបង្ខំចិត្តផ្លាស់ប្តូរ និង​សម្របខ្លួនដើម្បីឱ្យមនុស្សម្នាក់ស្រឡាញ់នោះ ប្រហែលមិនមែនជារឿងល្អឡើយ ហើយអ្នកដែលបង្ខំចិត្តធ្វើនោះ ក៏ប្រហែលជាគ្មាន​សេចក្តី​សុខដែរ (មែនទេ?) ដូច្នេះ តើហេតុអីមិនសាកល្បងងាកមក “យល់ចិត្តគ្នា” និង “ទទួលយក” ពីគ្នាទៅវិញទៅមក?។ យល់ថា គាត់ ឬនាង គឺជាមនុស្សបែបហ្នឹង និងព្រម​ទទួលយកនូវអ្វីដែលជាខ្លួនគាត់ ឬនាងវិញ វាមិនប្រសើរជាងឬ?។

សាកល្បងគិតលេងៗទៅមើលថា នៅពេលណាក៏ដោយដែលសេចក្តីស្នេហារបស់អ្នកខ្វះភាពយល់ចិត្តគ្នា​ តើវានឹងមានបញ្ហាអ្វីកើតឡើងខ្លះ?…ការឈ្លោះទាស់ទែងគ្នា ការប្រកែកតវ៉ាគ្នា ការខឹងសម្បា ការងង៉ក់ ប្រចែប្រចណ្ឌ-ល- អូយ! គ្រាន់តែគិត ក៏ហត់បាត់ទៅហើយ មែនទេ? ដូច្នេះហើយ អ្នកគ្រូ ឆវី ចង់ប្រាប់ថា ចូរព្យាយាមសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមកឱ្យបានច្រើនបំផុត ហើយនៅទីបំផុត សម្រាប់ “សេចក្តីស្នេហា” ដែលមិនអាចអធិប្បាយបានដោយពាក្យសំដីនោះ ក៏អាច “យល់បាន” ដោយបេះដូង និងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលមិនខាន៕

Advertisement