ចំណុចខុសឆ្គង 5យ៉ាងក្នុងការជ្រើសរើសគូស្នេហ៍សម្រាប់យុវវ័យ

យុវវ័យ ឬកំលោះក្រមុំភាគច្រើនសម័យនេះ ច្រើនតែសម្លឹងរកមើល “ស្នេហា” នៅលើមុខមាត់ រូបរាង និងឋាន:…បើរស់នៅជាមួយគ្នាបាន ក៏អូខេ តែ!…បើមានបញ្ហា ឈ្លោះទាស់ទែង ឬត្រូវលែងលះគ្នាញឹកញាប់ផងនោះ ក៏ប្រហែលរាងយ៉ាប់បន្តិច​ហើយ។ មានកំលោះក្រមុំជាច្រើនដែលច្រើនតែខកចិត្តជាមួយនឹងស្នេហាក្នុងស្ថានភាពបែបនេះ ដូច្នេះសួរថា តើមិត្តយុវវ័យយើងដឹងទេថា តើមូលហេតុវាមកពីអ្វី? បើប្អូនៗយុវវ័យចង់ដឹង អ្នកគ្រូ ឆវី នឹងជម្រាបប្រាប់ប្អូនៗតាមរយៈអត្ថបទខាងក្រោមនេះ៖

1 . មុខមាត់ រូបរាង? ៈ ប៉ុន្មានលើក ប៉ុន្មានដងហើយដែលប្អូនៗស្ទើរតែរលាយបេះដូងព្រោះតែបុរសរូបសង្ហា មុខស្អាតៗនោះមែនទេ? សួរថា តើហេតុអ្វីបានជាប្អូនៗស្រីៗលង់ស្នេហ៍ពួកគេម្តងហើយម្តងទៀត? ហេតុអីបានជាប្អូនៗដាក់រឿងរ៉ាវស្នេហារបស់ប្អូនៗសំខាន់ទៅលើមុខមាត់ រូបរាងទៅវិញ?។ អ្នកគ្រូប្រាកដនៅក្នុងចិត្តណាស់ថា អ្វីដែលប្អូនៗត្រូវការពីគូស្នេហ៍នោះ វាច្រើនជាងមុខមាត់ស្អាតៗរបស់គេនោះទៅទៀត ព្រោះបើពួកគេមិនមែនជាតារាល្បីៗទេនោះ ​រូបរាងមុខមាត់របស់គេ​​វាមិនបានជួយឱ្យប្អូនៗមានលុយមានកាក់ច្រើន ឬមានសេចក្តីសុខខ្លាំងបានដែរ ដូច្នេះរឿងមុខមាត់ និងរូបរាងនេះ វាមិនមែនជារឿង​សំខាន់ដែលមិនអាចអត់បាននោះទេ(សូមប្អូនៗគិត!)។

2 . កម្ពស់? ៈ អ្នកគ្រូយល់ថា នារីៗយើងចូលចិត្តបុរសដែលមានរាងខ្ពស់ស្រឡះ ព្រោះមានអារម្មណ៍ថា ហាក់ទទួលបានការការពារឃុំគ្រងអំពីរូបគេម្នាក់នោះ តែយ៉ាងណាក៏ដោយ កម្ពស់មិនមែនជាចំណុចដែលនឹងបញ្ជាក់ថា គេនឹងប្រតិបត្តិចំពោះប្អូនៗបែបណានោះទេ។ ប្អូនច្បាស់ជានឹកសង្ឃឹមថា នឹងទទួលបានអ្វីល្អៗពីបុរសរូបរាងខ្ពស់សង្ហាដែលបុរស​រាង​​កន្តឿៗមិនអាចមានឱ្យប្អូនបានមែនទេ?។ អ្នកគ្រូសូមប្រាប់ប្អូនៗតាមរយ:បទពិសោធកន្លងមករបស់អ្នកគ្រូថា រូបរាងខ្ពស់សង្ហារបស់ប្រុសៗ មិនមែនជាគ្រឿងវាស់ ឬកំណត់ពីបេះដូងរបស់ពួកគេនោះទេ គឺបេះដូងទៅវិញទេដែលនឹងបញ្ជាក់ប្រាប់ថា បុរសម្នាក់នេះជាមនុស្សល្អប៉ុនណា និងថា តើគេនឹងប្រត្តិបត្តិខ្លួនចំពោះប្អូនបានល្អប៉ុនណា?។

3 . សក្តានុពល? ៈ កុំយល់ច្រឡំឱ្យសោះ! មនុស្សដែលមានសក្តានុពលនៅក្នុងខ្លួនពេញទំហឹង គឺជារឿងល្អមួយតែរឿងដែលយើងកំពុងនិយាយគ្នានេះ គឺប្អូនៗមិនគួរជ្រើសរើសយកបុរសណាម្នាក់ដោយសារតែឃើញគេនោះមានសក្តានុពលតែម្យ៉ាងនោះទេ។ សក្តានុពល គ្រាន់តែជាគុណសម្បត្តិមួយរបស់មនុស្សយើងតែប៉ុណ្ណោះ ហើយក៏មិនបានន័យថា ពួកគេនោះជាមនុស្សល្អដែរ។ ប្អូនចាំបាច់ត្រូវតែបែងចែកឱ្យដាច់ថា តើគេនោះមានគុណសម្បត្តិអ្វីផ្សេងខ្លះទេ? វាគឺជារឿងមួយសំខាន់​ខ្លាំងណាស់ដែលប្អូនចេះបែងចែកថា តើបុរសម្នាក់នោះត្រូវនឹងអ្វីដែលប្អូនៗចង់បាន ឬក៏អត់? ព្រោះបើប្អូនមិនដឹងពីអ្វីដែល​ប្អូន​​ចង់បានទេនោះ ប្អូននឹងមានបញ្ហាធំមិនខាន…។

4 . មានអារម្មណ៍កំប្លុកកំប្លែង? ៈ ការមានមនុស្សដែលមានអារម្មណ៍កំប្លុកកំប្លែង និងសប្បាយរីករាយនៅក្បែរខ្លួន នឹងធ្វើឱ្យជីវិតរបស់ប្អូនមើលទៅហាក់ដូចងាយស្រួល និងកាន់តែសប្បាយៗឡើង។ ការសើចសប្បាយ គឺជាការបង្វែរខ្លួនឯងចេញពីក្ដីកង្វល់ ទុក្ខសោក និងបញ្ហាទាំងឡាយបាន តែយ៉ាងណាក៏ដោយ នៅពេលដែលគូស្នេហ៍របស់ប្អូនកំប្លុកកំប្លែងជ្រុលពេក និងអាចដូចជាមិនសូវច្បាស់លាស់ ឬពិតប្រាកដចំពោះរឿងអ្វីៗទាំងឡាយក្នុងជីវិតគូផងនោះ វាក៏អាចនឹងក្លាយជាបញ្ហាមួយដែលប្អូនៗច្បាស់ជាមិនត្រូវការយ៉ាងពិតប្រាកដ។ ការបញ្ចេញពីគុណសម្បត្តិក្នុងរឿងនេះ(កំប្លុកកំប្លែងលេង)ខ្លាំងជ្រុលពេក ក៏អាចធ្វើឱ្យ​ប្អូនៗនារីៗឈឺក្បាលវិលមុខ ហើយវាអាចនឹងនាំប្អូនឆ្ពោះទៅរក​ជីវិតដែលពោរពេញដោយបញ្ហាបាន។

5 . ភាពរំភើបញាប់ញ័រ? ៈ មិនមែនជារឿងដែលគួរឱ្យចម្លែកចិត្តទេ ដែលប្អូនត្រូវបានទាក់ទាញឱ្យ​ចូលទៅរកមនុស្សដែលមើលទៅគួរឱ្យរំភើបញាប់ញ័រ សប្បាយរីករាយ និងមានជីវិតស្ថិតនៅលើភាពប្រថុយប្រថាន ភាពពុះកញ្ជ្រោលដែលប្អូនមានអារម្មណ៍ដឹងនៅពេលដែលប្អូននៅជាមួយពួកគេ។ គឺជាអារម្មណ៍មួយដែលពិសេស…តែសួរថា តើប្អូនៗអាចរស់នៅក្នុងជីវិតដែលពោពេញទៅដោយភាពរំភើបញាប់ញ័របែបនោះបានយូរប៉ុនណាទៅ? ការស្វែងរកមនុស្សដែលផ្តល់នូវភាពរំភើបញាប់ញ័រដល់ប្អូនរៀងរាល់ថ្ងៃនោះ អាចនឹងនាំប្អូនឆ្ពោះទៅរកជីវិតមួយដែលគ្មានភាពទទួលខុសត្រូវ៕

Advertisement