រឿងសំខាន់ដែលអ្នកគួរដឹង មុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ…

សម័យនេះ ការទំនាក់ទំនងឆ្លើយឆ្លង ធ្វើឱ្យមនុស្សយើងអាចជជែកនិយាយគ្នាបានកាន់តែងាយស្រួលឡើង។ Application ស្វែងរកគូមានពេញទឹកពេញដី ធ្វើឱ្យកំលោះក្រមុំអាចណាត់ជួបគ្នាកាន់តែងាយឡើងដែរ តែភាពងាយនេះ ក៏មកព្រមជាមួយនឹងសម្ព័ន្ធភាពដែលមិនស្ថិតស្ថេរយូរអង្វែងដែរ ព្រោះម្នាក់ៗមិនបានពិនិត្យមើលអ្វីៗអំពីគ្នាយ៉ាងស៊ីជម្រៅឡើយ។ ការដែលអ្នកចង់សម្រេចចិត្តសេពគប់ជាមួយនរណាម្នាក់នោះ អំឡុងពេលដែលគេហៅថា “មើលចិត្តមើលថ្លើមគ្នា” សំខាន់ខ្លាំងណាស់ ព្រោះអ្នកនឹងបានឃើញពីភាពជាមនុស្សម្នាក់របស់នាង(ឬគេ) បានដឹងពីប្រវត្តិថា តើមនុស្សដែលអ្នកកំពុងមើលចិត្តមើលថ្លើមនោះ មានបទពិសោធជីវិតបែបណា ក្រុមគ្រួសារ និងបែបបទជីវិតរបស់គេអាចទៅជាមួយអ្នកបានឬទេ?

ខាងក្រោមនេះ គឺរឿងដែលអ្នកត្រូវពិនិត្យមើលឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្តយល់ព្រមជាមួយនរណាម្នាក់…។

1.តើគេ ឬនាង(ម្នាក់ហ្នឹង)មានគូជីវិតហើយឬនៅ?

នេះគឺជារឿងសំខាន់ មុននឹងសម្រេចចិត្តយល់ព្រមជាមួយនរណាម្នាក់យ៉ាងពិតប្រាកដ។ នេះគឺជារឿងសំខាន់មុនគេ ដែលអ្នកគួរសួរគេ ឬនាងយ៉ាងត្រង់ៗ ដើម្បីឱ្យបានច្បាស់លាស់ទាំងពីរនាក់ ព្រោះសព្វថ្ងៃនេះ មនុស្សដែលមានគូហើយ តែចូលចិត្តធ្វើខ្លួនដូចនៅលីវ និងដើរតែទំនាក់ទំនងជាមួយអ្នកឯទៀតបែបឱ្យក្ដីសង្ឃឹមទៅគេនោះ មានច្រើនណាស់។ តែប្រការសំខាន់ វាស្ថិតនៅលើអ្នកខ្លួនឯង បើបានទទួលចម្លើយយ៉ាងត្រង់ទៅត្រង់មកហើយថា គេ ឬនាងមានគូហើយនោះ គឺរូបអ្នកខ្លួនឯងហ្នឹងហើយដែលជាអ្នកសម្រេចចិត្តថា តើនឹងបញ្ចប់ ឬបន្តទៅទៀត?។

2.តើគេ ឬនាងម្នាក់ហ្នឹង នៅលីវយូរប៉ុនណាហើយ?

រឿងសំខាន់ទី2 ដែលអ្នកគួរត្រូវដឹងបន្ទាប់ពីបានដឹងហើយថា រូបគេ ឬនាងម្នាក់នោះពិតជានៅលីវមែននោះគឺ រយៈពេលដែលគេ ឬនាងម្នាក់នោះគ្រងស្ថានភាពនៅលីវនោះយូរប៉ុនណាហើយ? រឹតតែមនុស្សដែលទើបតែលែងលះគ្នាមិនទាន់ដល់ 2ឆ្នាំផងនោះ ចូរកុំអាលសេពគប់ ឬមានទំនាក់ទំនងអីជិតស្និទ្ធពេក ព្រោះសម្ព័ន្ធភាពរវាងមនុស្ស 2នាក់ដែលមានមកយូរហើយនោះ ធ្វើឱ្យចិត្តគេនៅមិនទាន់ត្រៀមជាស្រេចសម្រាប់រូបអ្នកប៉ុន្មានទេ។

ឬអ្នកខ្លះដែលនៅលីវ និងលែងលះជាមួយអ្នកចាស់មកបានរយៈពេលយូរជាង ​2ឆ្នាំហើយក៏ដោយ ក៏នៅតែគួរឱ្យបារម្ភដែរ ព្រោះទាំងអស់នោះអាចមានន័យពីអារម្មណ៍ខាងក្នុងចិត្តរបស់មនុស្សម្នាក់នោះដែលនៅតែមិនអាចកាត់ដាច់ពីអ្នកចាស់បាន ហើយដោយសម្ព័ន្ធភាពនោះ នឹងធ្វើឱ្យស្នេហាថ្មីរបស់អ្នក មិនគង់វង្ស។

3.តើគេ ឬនាងម្នាក់ហ្នឹងមានការងារធ្វើឬអត់?

សំណួរ 1នេះសម្រាប់សង្គមជនបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក គេរាប់ថាជារឿងប្រក្រតីធម្មតាសម្រាប់អ្នកដែលត្រូវចិត្តគ្នាដំបូង ដែលនឹងសួរគ្នាថា តើអ្នកធ្វើការអីដែរ? តែសំណួរដែលសំខាន់បំផុតនោះគឺ “តើអ្នកមានការងារធ្វើ ឬក៏កំពុងទាត់ខ្យល់?”។

សំណួរនេះ រាប់ថាសំខាន់ណាស់សម្រាប់ការសម្រេចចិត្តរបស់អ្នកថា តើនឹងសេពគប់បន្តឬយ៉ាងណា? ព្រោះការមានការងារធ្វើ មានន័យពីការអាចចិញ្ចឹមជីវិតបានដោយខ្លួនឯង និងគ្មានបញ្ហារឿងហិរញ្ញវត្ថុ។ បើសេពគប់គ្នាហើយ គូស្នេហ៍របស់អ្នកគ្មានការងារធ្វើ សម្ព័ន្ធភាពស្នេហ៍នឹងមិនសូវជាគង់វង្សប៉ុន្មានឡើយ ព្រោះគូស្នេហ៍របស់អ្នកនឹងត្រូវនៅចាំតែពឹងពាក់លើរូបអ្នកជាប់រហូតមិនខាន។

4.តើគេ ឬនាង(ម្នាក់ហ្នឹង)ចូលចុះជាមួយក្រុមគ្រួសារបានល្អទេ?

នេះក៏ជារឿងសំខាន់ដែលអ្នកត្រូវដឹងដូចគ្នា ព្រោះថា ក្រុមគ្រួសារគឺការសាងសម្ព័ន្ធភាពដំបូងរបស់ជីវិតមនុស្ស។ ទង្វើ ឬ ទស្សនគតិដែលគេ ឬនាងមានចំពោះក្រុមគ្រួសារនេះ សំខាន់ណាស់ និងនឹងបង្ហាញឱ្យដឹងថា គេ ឬនាងនឹងប្រតិបត្តិចំពោះរូបអ្នកយ៉ាងណា?។

ខ្លាំងជាងអ្វីទាំងអស់…បើអ្នកបានជជែកជាមួយគេ(ឬនាង)ពីរឿងក្រុមគ្រួសារ នោះអ្នកនឹងបានដឹងតែម្ដងថា តើគេ(ឬនាង)ម្នាក់នោះនឹងមានចរិតនិស្ស័យបែបណា? បើគេ ឬនាងនិយាយអំពីក្រុមគ្រួសារក្នុងសម្ព័ន្ធភាពដែលល្អ និងក្រុមគ្រួសារគឺជាមនុស្សសំខាន់ដែលរុញច្រានឱ្យអ្នក និងគេ(ឬនាង)មានថ្ងៃនេះ នោះបង្ហាញឱ្យដឹងថា នាង ឬគេម្នាក់នោះគឺជាមនុស្សដែលមានមូលដ្ឋានអារម្មណ៍ល្អ។ តែបើគេ(ឬនាង)និយាយអំពីក្រុមគ្រួសារក្នុងលក្ខណៈដែលស្ថិតនៅឆ្ងាយពីគ្នា មិនមានអារម្មណ៍ពាក់ព័ន្ធស៊ីជម្រៅជាមួយក្រុមគ្រួសារ…បើជាបែបហ្នឹង ក៏រាងដូចជាពិបាកក្នុងការចូលទៅដល់ចរិតពិតរបស់គេ(ឬនាង)ម្នាក់នោះបានណាស់។

5.តើគេ ឬនាងម្នាក់ហ្នឹង មានកូនហើយឬនៅ?

សំណួរនេះ បើបានចម្លើយថា មានហើយ នោះមានន័យថា នាង ឬគេម្នាក់ហ្នឹងមិនអាចឱ្យអ្នកក្លាយជាមនុស្សសំខាន់ទី1 បានទេ ព្រោះកូនរបស់គេ ឬនាង គឺជាមនុស្សសំខាន់ទី1 ហើយបើជាបែបហ្នឹង ការភ្ជាប់សម្ព័ន្ធភាពរវាងអ្នកជាមួយនាង ឬគេម្នាក់ហ្នឹង អាចនឹងមានបញ្ហាបាននាពេលអនាគត…តែបើអ្នកសម្រេចចិត្តហើយថា នឹងសេពគប់ និងដឹងពីរឿងនេះច្បាស់ហើយ ក៏ត្រូវតែទទួលយកនូវអ្វីដែលនឹងកើតឡើងឱ្យបានផងដែរ៕

Advertisement