តើគួរផ្លាស់ប្តូរ (ចិត្តគំនិត និងចរិត) ខ្លួនឯង ដើម្បីសុភមង្គលក្នុងជីវិតគូឬទេ?

នៅពេលរៀបការហើយមករស់នៅជាមួយគ្នា តើទាំង 2នាក់(ស្វាមី-ភរិយា)គួរផ្លាស់ប្តូរខ្លួនឯង ដើម្បីឱ្យជីវិតគូមានសេចក្តីសុខសុភមង្គលដែរឬទេ? និងតើគួរផ្លាស់ប្តូរច្រើន-តិចប៉ុនណាដែរទៅ?។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលគូស្វាមីភរិយាវ័យក្មេងទាំងឡាយ គួរតែអានដើម្បីទុកជាចំណេះដឹងក្នុងការរស់នៅ​យ៉ាងចុះសម្រុងជាមួយមនុស្សដែលយើងស្រឡាញ់។

1-ពេលដែលមានស្នេហា អ្នកណាៗក៏តែងតែ(ព្យាយាម)ផ្លាស់ប្តូរខ្លួនឯង និងសម្របសម្រួលខ្លួនឱ្យចូលចុះជាមួយនឹងមនុស្សដែលយើងស្រឡាញ់ដែរ ត្រង់នេះមិនមានអ្វីចម្លែកចិត្តទេ ហើយក៏មិនមែនជាបញ្ហាដែរ ថែមទាំាំងជារឿងដែលគួរឱ្យស្រឡាញ់ទៀតផង។

ភាគច្រើន យើងច្រើនតែឃើញការផ្លាស់ប្តូររបស់ខាងស្រីច្រើនជាងខាងប្រុស ព្រោះនារីៗភាគច្រើន ពេលស្រឡាញ់អ្នកណាហើយ ច្រើនតែសម្តែងចេញមកត្រង់ៗដូចចិត្តរបស់ខ្លួន ច្រើនជាងបុរស។ មិនសូវវាងបត់បែនវែងឆ្ងាយនាំឱ្យឈឺក្បាលនោះទេ នេះគឺជាចំណុចល្អ(របស់នារី)ដែលគួរឱ្យសរសើរ។ ចំណែកបុរសខ្លះវិញ ក៏មិនមែនថា មិនផ្លាស់ប្តូរសោះនោះទេ គេក៏ផ្លាស់ប្តូរដូចគ្នាដែរ ដូចជា អាចធ្វើខ្លួនសុភាពរាបសាជាងមុន ឈប់ដើរលេងផ្តេសផ្តាស់ និងចាប់ផ្តើមចេះយកចិត្តគេ មកដាក់ចិត្តខ្លួនឯង គឺនៅពេលមានភរិយានេះឯង។

2-តែការផ្លាស់ប្តូរដែលថានេះ វាមានទាំងធ្វើឱ្យល្អឡើង និងធ្វើឱ្យកាន់តែយ៉ាប់ឡើង ដូច្នេះទើបអាស្រ័យលើថា តើខាងណានឹងដឹងច្បាស់ ឬជ្រើសរើសដើរតាមផ្លូវណាច្រើនជាងគ្នា?

បើការផ្លាស់ប្តូរ បង្ហាញថា កំពុងដំណើរការទៅក្នុងផ្លូវដែលល្អ ដូចជា ពីមនុស្សស្រី(ឬប្រុស)ម្នាក់ដែលធ្លាប់តែខ្ជឹល តែពេលបានស្វាមី(ឬភរិយា)ជាមនុស្សឧស្សាហ៍ ខំប្រឹងធ្វើការរកស៊ី ខ្លួនឯងក៏មានកម្លាំងជំរុញចិត្ត និងកម្លាំងចិត្ត ចង់ឱ្យជីវិតគូស្ថិតស្ថេរមាំទាំឡើងក៏អាចថាបានដែរ។ ដូច្នេះ ជំនួសឱ្យការដែលគិតតែពីនៅស្ងៀម ចាំតែដេកស៊ីនោះ ក៏បែរមកជួយគ្នាធ្វើការរកស៊ី កម្លាំង2 ប្រណាំងគ្នាតែម្តង ដើម្បីអនាគត។ បើដំណើរការទៅក្នុងទំនងហ្នឹង វានឹងល្អណាស់ មែនទេ? ព្រោះបញ្ជាក់ថា សេចក្តីស្នេហាជួយជំរុញឱ្យនាំគ្នាធ្វើល្អ។

តែបើរៀបការនឹងគ្នាហើយ បែរជារុញច្រានឱ្យឆ្ពោះចូលទៅរកទីងងឹតរបស់ជីវិតវិញនោះ វាស្មើនឹងម្នាក់ៗនាំគ្នាជួយរុញ ជួយច្រានគ្នា ឱ្យខ្ទេចខ្ទីអស់ទៅវិញ។ ហើយអ៊ីចឹង តើវាល្អឬ? ដូចជា បើម្ខាងចូលចិត្តតែដើរលេង ហើយធ្វើឱ្យម្ខាងទៀតនិយមដើរលេងពេលយប់ដែរនោះ វានឹងធ្វើឱ្យយើងនឹកសង្ស័យមែនទែនថា តើប្ដីប្រពន្ធមួយគូនេះនឹងសាងឋានៈគ្រួសារបាននៅពេលណាទៅហ្ន៎? ដូច្នេះហើយទើបការផ្លាស់ប្តូររបស់មនុស្សដែលជាគូស្វាមីភរិយាថ្មោងថ្មីនេះ កុំផ្លាស់ប្តូរដល់ថ្នាក់គ្មានសតិ គ្មានចេះគិតចេះគូរឱ្យសោះ ត្រូវមានសតិសម្បជញ្ញៈទាំងអស់គ្នា ទើបជីវិតគូមានភាពរឹងមាំស្ថិតស្ថេរយូរអង្វែង។

3-ព្រោះអ្នកដែលមានភរិយា(ឬស្វាមី) ពេលខ្លះក៏មិនចង់ឱ្យស្វាមី(ឬភរិយា) ផ្លាស់ប្តូរឱ្យដូចគេ 100% ដែរ!

កុំភ្លេចថា អ្នកខ្លះ ក៏ត្រូវការមានគូជីវិតដែលមានអ្វីខុសប្លែកពីខ្លួនខ្លះដែរ តែបើសិនជាចៃដន្យ គេចូលចិត្តក្នុងការឱ្យគូស្នេហ៍មានអ្វីៗដូចគេដែរនោះ វាក៏មិនអីដែរ ប៉ុន្តែភាគច្រើនមិនដែលឃើញមានអ្នកណាចង់ឱ្យដូចគ្នា 100% នោះឡើយ ព្រោះភាពខុសប្លែកគ្នា គឺជាមន្តស្នេហ៍មួយបែបដែរ។ រឹតតែបានជួបនឹងភាពខុសប្លែកមួយចំនួន ដែលខ្លួនមាន តែគូស្នេហ៍គ្មាន ឬគូស្នេហ៍មាន តែខ្លួនគ្មានវិញនោះ រឹតតែធ្វើឱ្យគូស្នេហ៍ថ្មោងថ្មីទាំងនោះ បានបើកនូវលោកទស្សនៈថ្មីៗ ឬស្គាល់នូវអ្វីដែលខ្លួនឯងមិនធ្លាប់ដឹងពីមុន ដែលមានប្រយោជន៍ជាង ក៏អាចថាបានដែរ។

4-តែបើនារីៗយើងចង់ផ្លាស់ប្តូរតាមស្វាមីមែននោះ ចូរឱ្យសេចក្តីស្រឡាញ់ធ្វើជាអ្នកដឹកនាំ ឱ្យស្គាល់ពីការសម្របសម្រួលខ្លួនដោយខ្លួនឯងវិញប្រសើរជាងបើនារីៗចង់ផ្លាស់ប្តូរយ៉ាងពិតប្រាកដមែននោះ ចូរផ្លាស់ប្តូរទៅក្នុងផ្លូវដែលល្អឡើង កុំចេះតែផ្លាស់ប្តូរដោយមិនគិតមុខគិតក្រោយ ព្រោះតែចង់យកចិត្តស្វាមីឱ្យសោះ វាមិនល្អទេ។ ដែលនិយាយនេះ មិនមែនត្រឹមតែផ្នែកការតុបតែងខ្លួនប៉ុណ្ណោះទេ ព្រោះការផ្លាស់ប្តូរខ្លួនឯង ដែលនារីៗយើងមិនគួរធ្វើជាដាច់ខាត ពេលមានគូជីវិតនោះគឺ ៈ

កុំចំណាយប្រាក់ច្រើន ដើម្បីទៅទិញអ្វីមកបំពេញចិត្តគូជិវិត ឬទៅធ្វើអ្វីមួយដើម្បីឱ្យត្រូវចិត្តគេ ដូចជាទៅវះកាត់បង្កើនដើមទ្រូង ធ្វើបេប៊ីហ្វេស ឬទៅបូមខ្លាញ់ចេញ ដើម្បីចង់ឱ្យនៅតែស្អាតរហូតនោះអី…ត្រូវចាំទុកថា មុននឹងផ្លាស់ប្តូរអ្វីមួយ គួរប្រើសតិបញ្ញា កុំប្រើអារម្មណ៍ ទើបជារឿងល្អ៕

Advertisement