អតីត​ភរិយា​របស់​ស្ថាបនិក Amazon រៀបការ​ជាមួយ​ប្រុស​ថ្មី

មហាសេដ្ឋិនី MacKenzie Scott និងលោក Dan Jewett និង​លោក​ Jeff Bezos

MacKenzie Scott ដែលជា​អតីត​ភរិយា​របស់​មហាសេដ្ឋី Jeff Bezos និង​ជាម​ហា​សេដ្ឋិនី​ម្នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ Dan Jewett ដែលជា​គ្រូបង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ។

លោក Jewett កំពុង​បង្រៀន​នៅ​សាលា​ឯកជន Lakeside School នៅក្នុង​ទីក្រុង Seattle។ ថ្មីៗនេះ បុរស​រូបនេះ​បាន​និយាយ​ដល់​អាពាហ៍ពិពាហ៍​របស់ខ្លួន​នៅ​គេហទំព័រ Giving Pledge ដែលជា​អង្គការ​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​មូលនិធិ Bill & Melinda Gates និង​លោក Warren Buffett ដើម្បី​ជំរុញ​ឱ្យ​ក្រុម​មហាសេដ្ឋី ចូលរួម​ធ្វើ​កិច្ចការ​មនុស្សធម៌។

នៅលើ​ទំព័រ Giving Pledge កាលពី​ថ្ងៃទី 6 មីនា លោក Jewett បានសរសេរថា៖ «នៅក្នុង​សុភមង្គល​ដ៏​ចៃដន្យ​មួយ ខ្ញុំ​បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នក​ដែលមាន​ចិត្ត​ទូលាយ និង​ចិត្តល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​ជួប។ ខ្ញុំ និង​នាង សន្យាថា​នឹង​បរិច្ចាគ​ទ្រព្យ​យ៉ាងច្រើន​ដើម្បី​ជួយ​ដល់​អ្នកដទៃ»។

យោងតាម Washington Post មហា​សេដ្ឋិនី Scott ទំនងជា​បាន​ជួប​លោក Jewett នៅ​សាលា Lakeside School ព្រោះកូនៗរបស់​អ្នកស្រី​កំពុង​រៀន​នៅ​ទីនោះ។ មហាសេដ្ឋី Bill Gates ក៏​ធ្លាប់បាន​រៀន​នៅ​សាលារៀន​នេះដែរ។

មហាសេដ្ឋិនី MacKenzie Scott និងលោក Dan Jewett

ឆ្នាំនេះ អ្នកស្រី Scott មាន​អាយុ 50 ឆ្នាំ។ អ្នកស្រី​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 22 ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប 53.5 ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​សារព័ត៌មាន Bloomberg។ ក្រោយពី​បាន​លែងលះគ្នា​ជាមួយនឹង​មហាសេដ្ឋី Jeff Bezos កាលពី​ឆ្នាំ 2019 អ្នកស្រី Scott ក៏បាន​ក្លាយជា​សប្បុរស​ជន​មួយរូប​ដែលមាន​ឥទ្ធិពល​ជាងគេ​នៅក្នុង​ជំនាន់​របស់ខ្លួន។

កាលពី​ឆ្នាំទៅ អ្នកស្រី Scott បាន​បរិច្ចាគ​ប្រាក់ 6 ពាន់​លាន​ដុល្លារ​អាមេរិក។ គោលដៅ​មនុស្សធម៌​របស់​អ្នកស្រី ភាគច្រើន​ផ្ដោតលើ​អង្គការ​មនុស្សធម៌តូច។ អ្នកស្រី​ក៏​ធ្លាប់បាន​អំពាវនាវ​ឱ្យ​ក្រុម​របស់​អ្នកស្រី រិះរក​វិធី​ដើម្បី​ធ្វើ​កិច្ចការ​មនុស្សធម៌​ឱ្យបាន​លឿន​ផងដែរ។

«Dan គឺជា​បុរស​ម្នាក់​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​ចូលរួម​អបអរសាទរ​ចំពោះ​ពួកគេ» Bezos បាន​និយាយ​ដូច្នេះ​នៅក្នុង​ប្រកាស​មួយ​ដែល​ត្រូវ​បានលើកឡើង​ដោយ​អ្នកនាំពាក្យ​របស់ Amazon កាលពីពេលថ្មីៗនេះ។ មហាសេដ្ឋី Bezos បច្ចុប្បន្ន​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប ជាង 176.6 ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement