អង់គ្លេស​បាន​​រកឃើញថា «ករណី​​កក​ឈាម​​ក្រោយ​ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 ​របស់​ AstraZeneca កើនឡើង​ច្រើនជាង​មុន 6ដង»

ក្រុមមន្ត្រី​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស បាន​រកឃើញ​មនុស្ស​ចំនួន 30នាក់ ដែលមាន​បញ្ហា​កកឈាម បន្ទាប់​ពី​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca។

នាយកដ្ឋាន​គ្រប់គ្រង​ឱសថ និង​ផលិតផល​ថែទាំ​សុខភាព​អង់គ្លេស (MHRA) កាលពី​ថ្ងៃទី 1មេសា បានឱ្យដឹងថា ពួកគេ​បាន​រកឃើញ​មនុស្ស​ចំនួន 22នាក់ ដែលមាន​បញ្ហា​ឈាមកក​នៅក្នុង​សរសៃឈាម​ខួរក្បាល ជា​ជំងឺ​កក​ឈាម​​មួយ​ប្រភេទ​ដែល​កម្រ​កើតមាន រួម​នឹង​ករណី​កកឈាម​ចំនួន 8នាក់​ផ្សេងទៀត​ដែល​ទាក់ទិន​នឹង​បញ្ហា​ប្លា​កែ​ត (platelets or thrombocytes) នៅក្នុង​ចំណោម​វ៉ាក់សាំង AstraZeneca ចំនួន 18.1លាន​ម្ចុ​ល ដែល​ត្រូវបាន​ចាក់។ ពុំមាន​របាយការណ៍​ណាមួយ ស្ដីអំពី​បញ្ហា​កកឈាម បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​របស់ BioNTech និង Pfizer នោះទេ។

តួ​លេខា​ខាងលើនេះ ខ្ពស់ជាង​ច្រើនដង បើ​ធៀប​នឹង​តួលេខ​ដែល​ត្រូវបាន MHRA ប្រកាស​កាលពី​ថ្ងៃទី 18មីនា ដែលថា ខ្លួន​បាន​រកឃើញ​ប​ញ្ហ​កកឈាម​ចំនួន 5ករណី នៅក្នុង​ចំណោម​វ៉ាក់សាំង 11លាន​ម្ជុល​ដែល​ត្រូវបាន​ចាក់ ពោលគឺ​ប្រហាក់ប្រហែល​នឹង​អត្រា 1/1000,000នាក់។

វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford នៃ​ប្រទេស​អង់គ្លេស​នេះ ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់ ឬ​ដាក់ឱ្យ​ចរាចរ​នៅលើ​ទីផ្សារ​នៃ​ប្រទេស​ជាង 50 ក្នុង​ពិភពលោក ក្នុងនោះ​មាន​ទាំង​អង់គ្លេស និង​សហភាព​អឺរ៉ុប (EU) ផងដែរ៕

ប្រភព៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement