WHO មិនទាន់យល់ស្រប​នឹង​លិខិត​ឆ្លង​ដែន​Covid-19 ខណៈ​ជាង​133​លាន​នាក់​បាន​ឆ្លង​Covid-19 នៅទូទាំងពិភពលោក

អង្គការ​សុខភាព​ពិភពលោក (WHO) មិនទាន់​គាំទ្រ​ការធ្វើដំណើរ​ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​Covid-19 ឬ​លិខិតឆ្លងដែន​វ៉ាក់សាំង​នៅឡើយ ដោយសារតែ​នៅមាន​មូលហេតុ​ច្រើនយ៉ាង ខណៈ​ពិភពលោក​រកឃើញ​មនុស្ស​ជិត 133លាន​នាក់​បាន​ឆ្លង​វីរុស​Covid-19 ក្នុងនោះ​មាន​អ្នកជំងឺ​ជិត 2.9លាន​នាក់​បាន​ស្លាប់។

Margaret Harris អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី 6មេសា បានឱ្យដឹងថា នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន WHO «មិន​ចង់ឃើញ​លិខិតឆ្លងដែន​វ៉ាក់សាំង ក្លាយជា​តម្រូវការ​ចាំបាច់​សម្រាប់​ការធ្វើដំណើរ​ចេញ-ចូល​ប្រទេស​នោះទេ ព្រោះថា បច្ចុប្បន្ន​មិនទាន់​ប្រាកដថា វ៉ាក់សាំង​នឹង​អាច​ទប់ស្កាត់​ការឆ្លង​រាល​ដាល​បាន​នៅឡើយ»។ លោកស្រី Margaret Harris បន្ថែមថា ទន្ទឹមនឹងនោះ​គឺជា «ការព្រួយបារម្ភ​អំពី​បញ្ហា​សមាស​ភាព»។

មតិ​របស់ WHO ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល សិង្ហ​បុរី ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ទទួលយក​លិខិតឆ្លងដែន​​អេឡិច​ត្រូនិក​​របស់​​សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ (International Air Transport Association)​ រួមមាន​ការទទួលស្គាល់​ចំពោះ​ការធ្វើ​តេស្ត និង​ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19។ អ្នកដំណើរ​អាច​ចូល​ទឹកដី​សិង្ហ​បុរី​បាន ដោយ​គ្រាន់តែ​រាយការណ៍​អំពី​កម្មវិធី​ទូរស័ព្ទ​ដែលមាន​ផ្ទុក​ទិន្នន័យ​ទាក់ទង​នឹង​Covid-19 របស់ខ្លួន ដែលមាន​ការបញ្ជាក់​ពី​មន្ទីរពិសោធន៍​នានា​ដែល​គួរ​ជាទី​ទុកចិត្ត។

លោក​ស្រី Margaret Harris

ក្រុមហ៊ុន​អាកាសចរណ៍​នានា​កំពុងតែ​សង្ឃឹមថា ប្រទេស​ជាច្រើន​នឹង​ទទួលស្គាល់​លិខិតឆ្លងដែន​អេឡិចត្រូនិក​នៅ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ ដើម្បី​អនុញ្ញាតឱ្យ​ការធ្វើដំណើរ​ត្រូវបាន​ស្ដារឡើងវិញ​ឆាប់រហ័ស និង​ចៀសវាង​ការបំពេញ និង​ត្រួត​ពិនិត្យ​បែបបទ​ដ៏​ស្មុគស្មាញ និង​យឺតយ៉ាវ​នៅឯ​ព្រលានយន្តហោះ។

គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 សរុប​ចំនួន 133,009,551​នាក់ ក្នុងនោះ​មាន 2,885,279នាក់​បាន​ស្លាប់, 107,255,216នាក់​ជាសះស្បើយ និង 22,869,852នាក់​កំពុង​​ព្យាបាល។ ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 6មេសា ពិភពលោក​ក៏បាន​រកឃើញ​អ្នកជំងឺ​Covid-19 ថ្មី ចំនួន 574,753នាក់ និង​អ្នកស្លាប់​ថ្មី​ដោយសារ​វីរុស​នេះ ចំនួន 11,779នាក់​ផងដែរ៕

ប្រភព៖ Reuters, AFP, Worldometers
ប្រែ​សម្រួល៖ បុត្រា

Advertisement