ពលរដ្ឋ​អាមេរិក ជិត20% បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់​ហើយ

យោងតាម​សារព័ត៌មាន​ក្នុងស្រុក សហរដ្ឋអាមេរិក បច្ចុប្បន្ន បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ជូន​ដល់​ពលរដ្ឋ​របស់ខ្លួន​ប្រមាណ 66លាន​នាក់​រួចហើយ ខណៈដែល​អ្នកជំងឺ​ចំនួន 573,849នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ។

គិត​មកដល់​ថ្ងៃទី8មេសា ពលរដ្ឋ​ជិត20% នៅ​សហរដ្ឋអាមេរិក បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ ដែល​នេះ​បាន​នាំមក​នូវ «ខែល​ការពារ» ដល់​មនុស្ស​ប្រមាណ 66លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​ជាង 331,002,600នាក់។

កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​សហរដ្ឋអាមេរិក ត្រូវបាន​ជំរុញ​យ៉ាងខ្លាំង​ក្លា ដោយនៅ​ក្នុងនោះ មាន​វ៉ាក់សាំង​ជិត 175លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​ចាប់តាំងពី​ខែធ្នូ ឆ្នាំមុន។ ពលរដ្ឋ​អាមេរិកាំង​ជាង 112លាន​នាក់ ពោលគឺ​ជាង 1/3 នៃ​ប្រជាជន​សរុប បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 យ៉ាងតិច​ចំនួន 1ដូ​ស​រួចរាល់​ហើយ។ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង (CDC) របស់​សហរដ្ឋអាមេរិក។

ដោយឡែក ក្រុមមន្ត្រី​នៅ New York បានឱ្យដឹងថា អាជ្ញាធរ​នៃ​រដ្ឋ​នេះ​នឹង​ផ្ដល់ជំនួយ​ជា​ទឹកប្រាក់​រហូតដល់ 15,600ដុល្លារ ដល់​ពលករ​គ្មាន​លិខិតស្នាម​ទាំងឡាយ​ដែល​រង​ផលប៉ះពាល់​ដោយសារ Covid-19។ កាយវិការ​នេះ​អាច​នាំមក​នូវ​ផលប្រយោជន៍​ដល់​មនុស្ស​ជិត 300,000នាក់ នៅក្នុង​រដ្ឋ New York។

គិត​មកដល់​បច្ចុប្បន្ន សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 31,716,672នាក់ ក្នុងនោះ​មាន 573,849នាក់​បាន​ស្លាប់ និង 24,271,887នាក់​បានជា​សះស្បើយ ខណៈ​អ្នកជំងឺ 6,870,936នាក់​កំពុង​ព្យាបាល។ ក្នុងអំឡុង24ម៉ោង​កន្លងទៅ សហរដ្ឋអាមេរិក ក៏បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 79,429នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 1,002នាក់​ផងដែរ៕

ប្រភព​៖ CNN, Washington Post,​ Worldometers
ប្រែសម្រួល​៖ បុត្រា

Advertisement