អ្នកជំងឺ​Covid-19 ដំបូង​គេ​ដែល​ត្រូវបាន​វះកាត់​ប្ដូរ​សួត​ពី​ស្វាមី និង​កូន

ជប៉ុន៖ ស្ត្រី​ម្នា​ក់នៅ​តំបន់ Kansai ដែល​ទើប​ត្រូវបាន​វះកាត់​ដាក់​សួត​របស់​ស្វាមី និង​កូនប្រុស បាន​ក្លាយជា​អ្នកជំងឺ​Covid-19 ដំបូង​គេ​ក្នុង​ពិភពលោក ដែល​ត្រូវបាន​ប្ដូរ​សួត​ពី​អ្នក​បរិច្ចាគ​ដែល​នៅរស់។

មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Kyoto កាលពី​ថ្ងៃទី8 ខែមេសា បានប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​ប្ដូរ និង​ភ្ជាប់​សួត​ជូន​អ្នកជំងឺ​Covid-19 ម្នាក់។ ការវះកាត់​នេះ​ត្រូវ​ចំណាយពេល​អស់11ម៉ោង និង​មានការ​ចូលរួម​ពី​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​រហូតដល់ 30នាក់។

ការវះកាត់​ខាងលើ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី7មេសា ហើយ​អ្នកជំងឺ​នេះ​ត្រូវបាន​វះកាត់​ភ្ជាប់​សួត​ដែល​បានមក​ពី​​ស្វាមី និង​កូនប្រុស​របស់គាត់។ មន្ទីរពេទ្យ​ខាងលើ​បាន​អះអាងថា នេះ​គឺជា​អ្នកជំងឺ​Covid-19 ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ត្រូវបាន​ប្ដូរ​សួត​ពី​មនុស្ស​នៅរស់។

តំបន់​ Kansai នៃ​ប្រទេស​ជប៉ុន

វេជ្ជបណ្ឌិត Hiroshi Date ដែលជា​អ្នកទទួលខុសត្រូវ​លើ​ការវះកាត់ បានឱ្យដឹងថា ជោគជ័យ​នេះ​បាន​នាំមក​នូវ​ក្ដីសង្ឃឹម​សម្រាប់​អ្នកជំងឺ​ដែល​រងរបួស​សួត​ធ្ងន់ធ្ងរ​ដោយសារ Covid-19។

ស្ត្រី​អ្នកជំងឺ មិនត្រូវ​បាន​គេ​ឱ្យដឹង​អំពី​អត្តសញ្ញាណ​នោះទេ ប៉ុន្តែ ជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់ Kansai ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន។ សួត​របស់​អ្នកជំងឺ​នេះ ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ឆ្លង​វីរុស​Covid-19 កាលពី​ចុងឆ្នាំ2020 និង​ត្រូវតែ​វះកាត់​ប្ដូរ​សួត​ដើម្បី​រក្សា​ជីវិត។

ស្វាមី និង​កូនប្រុស​របស់​អ្នកជំងឺ សុទ្ធតែ​កំពុងស្ថិត​ក្នុងស្ថានភាព​សុខ​ភាពល្អ​បន្ទាប់ពី​បាន​បរិច្ចាគ​សួត។ ភាគី​ខាង​មន្ទីរពេទ្យ​ឱ្យដឹងថា ស្ត្រី​ជា​អ្នកជំងឺ​នេះ នឹង​អាច​ចាក​ចេញពី​ពេទ្យ ក្រោយ​រយៈពេល​ប្រហែល​ពីរ​ខែ​ទៀត៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement