ខ្លឹមសារ​សំខាន់​មួយចំនួន​នៃ​ការ​ថ្លែង​សារ​ពិសេស​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ថ្លែង​នា​ព្រឹក​ថ្ងៃទី10មេសា​នេះ

នា​ព្រឹក​ថ្ងៃទី10 ខែមេសា ឆ្នាំ2021នេះ ពី​ភូមិគ្រឹះ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​Covid-19 នៅ​កម្ពុជា។

នៅក្នុង​ការ​ថ្លែង​សារ​ពិសេស​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍​អំពី​ចំណុច​សំខាន់​មួយចំនួន មាន​ដូចខាងក្រោម៖

*អ្នក​ដើរលេង​ទាំងឡាយណា​ដែល​ធ្វើដំណើរ​ដោយ​រំលោភ​លើ​បទបញ្ជា​បំរាម​គោចរ យានជំនិះ​របស់​ពួកគេ​នឹង​ត្រូវបាន​ឃាត់ទុក​រយៈពេល14ថ្ងៃ និង​អនុញ្ញាតឱ្យ​ត្រលប់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​ផ្ទះ។ នៅពេល​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់14ថ្ងៃ អ្នក​ដែល​បាន​រំលោភ​លើ​បំរាម​គោចរ អាច​ទៅយក​យានជំនិះ​វិញ​បាន។

*សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ការបិទ​ខ្ទប់ នឹងមិន​ត្រូវបាន​ទុកចោល​នោះឡើយ ពោលគឺ​នឹង​ទទួលបាន​ជំនួយ​សមស្រប៖ ពលរដ្ឋ​ទាំងឡាយ​ដែល​ស្ថិតក្នុង​តំបន់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជា​កញ្ចប់ ចំនួន300,000រៀល។ សម្រាប់​តំបន់​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ទទួលបាន​កញ្ចប់​ថវិកា​ជំនួយ​សរុប ចំនួន 5000,000,000រៀល។ ចំណែក​គ្រួសារ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​លើកលែង​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង រយៈពេល2ខែ​ពេញ។

*នៅក្នុង​ការ​ថ្លែង​សារ​នេះដែរ ប្រមុខ​រដ្ឋាភិបាល​ក៏បានផ្ដល់​អនុសាសន៍​ដ​ល់​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​លើ​បញ្ហា​មួយចំនួន​ដើម្បី​ទប់​កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​ការបិទ​ខ្ទប់ ឬ​ដាក់​បំរាម​គោចរ។ សម្ដេច បញ្ជាក់ថា ពលរដ្ឋ​ក្នុង​តំបន់ ឬ​ភូមិ​ដែល​ត្រូវ​បិទ​ខ្ទប់​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក អាច​ចេញ-ចូល​តំបន់​នោះបាន ប៉ុន្តែ​ត្រូវមាន​មូលហេតុ​សមស្រប ក្នុងនោះ​មានដូចជា ការ​ទៅកាន់​មន្ទីរពេទ្យ​ជាដើម។

*កម្មវិធី​ជួបជុំ មានដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬ​ពិធីបុណ្យ​ជាដើម ក៏ត្រូវ​ហាមឃាត់​ជា​បណ្ដោះអាសន្ន​ផងដែរ។

*សម្ដេច ក៏បាន​រំលឹក​ឱ្យ​គោរព​វិធាន​បង្ការ​វីរុស​Covid-19៖ «3ការពារ (ពាក់​ម៉ាស, លាងដៃ, រក្សា​គម្លាត​សុវត្ថិ​ភាព​​សង្គម/បុគ្គល)» និង «3កុំ (កុំទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល, កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន, កុំ​ប៉ះពាល់​គ្នា)»៕

ប្រភព៖ ទទក
ដកស្រង់​ដោយ​៖ បុត្រា

Advertisement