អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ឱ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន

ឯកឧត្ដម​ ឃួង​ ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំ​ពេញ​

រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី10មេសា ឆ្នាំ2021 បានចេញ​សេចក្ដីប្រកាស​ណែនាំ​ឱ្យ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង និង​ហាម​មិន​ឱ្យទទួល​អតិថិជន​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវកម្ម​របស់ខ្លួន ជា​បណ្ដោះអាសន្ន រយៈពេល2សប្ដាហ៍។

បំរាម​បណ្ដោះអាសន្ន​ដែល​ត្រូវបាន​រដ្ឋបាល​រាជធានី​ធ្វើឡើង មាន​ចំនួន 3ប្រការ រួមមាន​ដូចខាងក្រោម៖

ទីមួយ៖ គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូច​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រយៈពេល 2សប្ដាហ៍ រាប់​ចាប់ពី​ថ្ងៃទី11មេសា ឆ្នាំ2021 ដល់​ថ្ងៃទី24មេសា ឆ្នាំ2021។

ទី​ពីរ៖ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ចំពោះ​ការទទួល​អតិថិជន​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន ប៉ុន្តែ អាច​ប្រកប​អាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​បាន។

ទី​បី៖ ដើម្បី​ធានា​ឱ្យ​សេចក្ដីណែនាំ​ខាងលើ ត្រូវបាន​អនុវត្ត​ពេញលេញ រដ្ឋបាល​រាជធានី​បានស្នើ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សហការគ្នា​ដើម្បី​ត្រួតពិនិត្យ និង​អនុវត្តតាម​ការណែនាំ​នេះ។ ប្រសិន​មាន​ករណី​មិន​ព្រម​ធ្វើតាម​បំរាម សមត្ថកិច្ច​នឹងធ្វើ​កិច្ចសន្យា​ណែនាំ​លើកទីមួយ ប៉ុន្តែ នឹង​ចាត់វិធានការ​រដ្ឋបាល​ទៅតាម​ច្បាប់ បើសិន​នៅតែ​បំពាន​ជា​លើក​ទី​ពីរ។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ថ្ងៃទី10មេសា ឆ្នាំ2021៕

ប្រភព៖ សាលា​ក្រុង​ភ្នំ​ពេញ
ដក​ស្រង់ដោយ​៖ បុត្រា

Advertisement