អាមេរិក រិះគន់ថា ចិន​ធ្វើឱ្យ Covid-19 កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ខណៈ​ពិភពលោក​មាន​អ្នក​ឆ្លង​Covid-19 ជិត137លាន​នាក់

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក​ Antony Blinken

ពិភពលោក​ទាំងមូល ​បច្ចុប្បន្ន​ មាន​អ្នក​ឆ្លង​វីរុស​Covid-19 ជិត 137លាន​នាក់ និង​ជាង 2.9លាន​នាក់​បាន​ស្លាប់ ធ្វើឱ្យ​សហរដ្ឋ​អាមេរិក រិះគន់​ចិន និង​ជំរុញ​ឱ្យ​ស្វែងរក​ប្រភព​ពិត​របស់​វីរុស​នេះ។

គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 សរុប​ចំនួន 136,613,721នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 2,948,824នាក់, អ្នកជា​សះស្បើយ 109,840,495នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 23,824,402នាក់។ នេះ​បើតាម​ទំព័រ Worldometers។

ទាក់ទិន​នឹង​បញ្ហា Covid-19 រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Antony Blinken កាលពី​ថ្ងៃទី11មេសា បាន​រិះគន់​ចិន​ថា មិនបាន​ផ្ដល់​សិទ្ធិ​ដល់​ក្រុម​អ្នកជំនាញ​អន្តរជាតិ និង​មិន​ព្រម​ចែករំលែក​ទិន្នន័យ​ទៅតាម​ពេលវេលា​ទាន់​ហេតុការណ៍។ «ជា​លទ្ធផល​គឺថា បាន​បាត់បង់​ការគ្រប់គ្រង​លើ​វីរុស​យ៉ាង​ឆាប់រហ័ស និង​កាន់តែ​ធ្ងន់ធ្ងរ» លោក Antony Blinken ថ្លែង​ដូច្នេះ។

ពលរដ្ឋ​រង់​ចាំ​ចាក់​វ៉ាក់សាំង​ នៅ​ប្រទេស​ចិន​

ការ​ថ្លែង​របស់លោក Blinken បាន​សង្កត់ធ្ងន់​ទៅលើ​ការរិះគន់​ពី​សំណាក់​ក្រុមមន្ត្រី​របស់លោក Joe Biden សំដៅលើ​ទៅ​ក្រុង​ប៉េកាំង នាពេលថ្មីៗនេះ ក្នុងនោះ​ក៏មាន​ការយល់ឃើញថា ចិន​ខ្វះ​តម្លាភាព​ក្នុង​គ្រា​ដំបូង​នៃ​វិបត្តិ​សុខភាព។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃទី30មីនា បានឱ្យដឹងថា ទិន្នន័យ​ជាច្រើន​មិនត្រូវ​បានផ្ដល់​ដល់​ក្រុម​អ្នកជំនាញ​របស់ WHO នៅក្នុង​ដំណើរ​ស្វែងរក​ប្រភព​វីរុស​Covid-19 នៅ​ប្រទេស​ចិន ហើយ​ថា បញ្ហា​ជាច្រើន​ទៀត​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម។

«ប្រការ​សំខាន់​គឺ​ត្រូវតែមាន​លទ្ធផល​ចុងក្រោយ​ដែល​ប្រាកដប្រជា​អំពី​របៀប​ដែល​វីរុស​ផ្ទុះ​ឆ្លង​រាលដាល។ យើង​ត្រូវ​ការធ្វើ​ដូច្នេះ​ដើម្បី​យល់ច្បាស់​អំពី​អ្វីដែល​បានកើត​ឡើង និង​ទប់ស្កាត់​ការកើតឡើង​ជាថ្មី។ នោះ​គឺជា​មូលហេតុ​ដែល​យើង​ត្រូវការ​ស្វែងយល់​រហូតដល់​ទីបញ្ចប់» លោក BlinKen ថ្លែង​ដូច្នេះ និង​បាន​បន្តថា ចិន​ត្រូវតែ​ចូលរួម​កែសម្រួល​ប្រព័ន្ធ​សន្តិសុខ​សុខាភិបាល​ជាស​កល ដើម្បី​ធានា​នូវ​តម្លាភាព និង​ការចែករំលែក​ព័ត៌មាន​ពិត។

ពលរដ្ឋ​អាមេរិកាំង​ កំពុង​រង់​ចាំ​ចាក់​វ៉ាក់សាំង​

សហរដ្ឋអាមេរិក គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​ក្នុង​ពិភពលោក ដោយបាន​រកឃើញ​អ្នក​វិជ្ជមាន 31,918,591នាក់ និង​ស្លាប់ 575,829នាក់។ វ៉ាក់សាំង​ជិត 175លាន​ដូ​សត្រូវ​បាន​ចាក់​នៅ​ប្រទេស​នេះ រាប់​ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ2020។ ពលរដ្ឋ​​ជាង 112លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ម្ជុល ស្មើនឹង​ជាង 1/3 នៃ​ចំនួន​ប្រជាជន​សរុប​របស់​សហ​រដ្ឋ​អាមេរិក។

គិត​មកដល់​ថ្ងៃទី8មេសា ឆ្នាំ​2021​ ពលរដ្ឋ​អាមេរិកាំង​ជិត 20% បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់។ ក្រុមហ៊ុន Pfizer កាលពី​ថ្ងៃទី9 ខែមេសា បានឱ្យដឹងថា កំពុង​សុំច្បាប់​ពី​រដ្ឋាភិបាល​ដើម្បី​ប្រើប្រាស់​វ៉ាក់សាំង សម្រាប់​កុមារ​ចាប់ពី​អាយុ12-15ឆ្នាំ ហើយ​ក្រុមហ៊ុន​ក៏​នឹង​ដាក់សំណើ​ដូចគ្នានេះ​ទៅកាន់​ស្ថាប័ន​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក នាពេលខាងមុខ៕

ប្រភព៖ CNN
ប្រែសម្រួល​៖ បុត្រា

Advertisement