Pfizer ៖ អ្នក​ដែល​បានទទួល​វ៉ាក់សាំង​គ្រប់​ហើយ អាច​ត្រូវ​ចាក់ “ដូ​ស​ទី3” ទៀត​ក្នុង​រយៈពេល 6-12ខែ

គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer បានឱ្យដឹងថា អ្នក​ដែល​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ-19 គ្រប់​ទាំង 2ដូ​ស​ហើយ អាចមាន​ភាពចាំបាច់ ត្រូវ​ចាក់​ដូ​ស​ទី3 បន្ថែមទៀត ដើម្បី​ជំរុញ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ ក្នុង​រយៈពេល 6-12ខែ​ទៀត។

នៅ​ថ្ងៃទី15 ខែមេសា វេ​ប​សាយ​ព័ត៌មាន CNBC បាន​ផ្សព្វផ្សាយ​បទ​សម្ភាស​របស់លោក អាល់​ប៊ើ​ត បួ​ឡា នាយក​ប្រតិបត្តិ​របស់ ហ្វ៉ៃ​ហ្ស៊ើ​រ ដែល​បានបញ្ជាក់​ផងដែរ​ថា មាន​ភាព​អាចទៅរួច​ខ្លាំង ដែល​មនុស្ស​ទាំងអស់ អាច​នឹងត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា ជាប្រចាំ​រៀងរាល់ឆ្នាំ។

“យើង​នៅ​ត្រូវ​រង់​ចាំមើល​ទាំងអស់គ្នា​ថា តើ​វា​មាន​ភាពចាំបាច់ ក្នុងការ​ត្រូវតែ​ចាក់ដដែលៗឡើងវិញ​ញឹកញាប់​ប៉ុនណា?…តែ វា​អាចទៅរួច ក្នុងការ​ត្រូវតែ​ចាក់​ដូ​ស​ទី3 ក្នុងអំឡុងពេល 6-12ខែ និង​បន្ទាប់ពីនោះ ក៏​អាច​នឹងត្រូវ​ចាក់​ឡើងវិញ​រៀងរាល់ឆ្នាំ​ទៀតផង ប៉ុន្តែ​ទិន្នន័យ​ទាំងអស់នេះ នៅ​ត្រូវ​ការរង់ចាំ​ការអះអាង​ពី​អ្នកជំនាញការ​ជាមុនសិន” លោក​បួ​ឡា បាន​ថ្លែង​បែបនេះ ព្រមទាំង​បន្ថែមថា ការ​ក្លាយ​ពូជ​របស់​មេរោគ​វីរុស ក៏​ជា “កត្តា​ប្រែប្រួល​សំខាន់” មួយទៀត​ដែរ។

អ្នកស្រាវជ្រាវ​ទូទាំង​ពិភពលោក មិនទាន់​អាច​ប្រកាស​បាន​នៅឡើយ​ថា តើ​វ៉ាក់សាំង​ប្រភេទផ្សេងៗ ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ននេះ នឹង​អាច​ការពារ​ការឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា បានយូរ​ប៉ុនណា​ឡើយ។

លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ បាន​អះអាងថា វ៉ា​ក់​វ៉ាក់សាំង​របស់ខ្លួន មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​វីរុស​កូ​រ៉ូ​ណា​បាន 91% និង​ទប់ស្កាត់​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​កូ​វីដ-19 កម្រិត​ធ្ងន់ធ្ងរ បាន​ច្រើនជាង 95% រយៈពេល​យូរ​បំផុត 6ខែ បន្ទាប់ពី​ចាក់​ដូ​ស​ទី2 រួច។

តែ​យ៉ាងណាក្ដី អ្នកវិទ្យាសាស្ត្រ បាន​បញ្ជាក់ថា នៅ​ត្រូវ​សិក្សា​ពី​ទិន្នន័យ​បន្ថែមទៀតថា តើ​វ៉ាក់សាំង​នឹង​ហុច​លទ្ធផល​ក្នុងការ​ការពារ ក្រោយពេល 6ខែ​កន្លងផុតទៅ ដែរឬទេ?៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement