WHO ៖ កូ​វីដ​ឥណ្ឌា ក្លាយ​ពូជ 2ជាន់ អាច​ចម្លង​រាលដាល​លឿន…

នៅ​ថ្ងៃទី17 មេសា ម្សិលមិញ ទីភ្នាក់ងារ​ព័ត៌មាន Reuters  បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា បាន​សំណូមពរ​ដល់​អ្នកបួស និង​ប្រជាជន​ហិណ្ឌូ​ជាច្រើន​សែន​នាក់ ដែល​មកជួបជុំ​ប្រមូល​ផ្ដុំគ្នា ងូតទឹក​នៅឯ​ដង​ទន្លេ​គង្គា ភាគ​ខាងជើង​នៃ​ប្រទេស ដើម្បី​លាងជម្រះ​បាប នៅក្នុង​ពិធី​មហា​គុ​ម្ភៈ​មេ​ឡា តាម​ជំនឿ​សាសនា​ព្រា​ហ្ម-ហិណ្ឌូ សូមឱ្យ​ផ្អាក​ធ្វើ​ពិធី​នេះ​សិន។

ក្រោម​ស្ថានការណ៍​មាន​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ លើស 200,000នាក់ ជាប់ៗគ្នា រយៈពេល 3ថ្ងៃ​មកហើយ​នោះ មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង​ជុំ 24ម៉ោង​ចុងក្រោយ ស្ថិតក្នុង​ចំនួន 234,692នាក់ ធ្វើឱ្យ​ចំនួន​សរុប កើនឡើង​ដល់​ជិត 14.5លាន​នាក់ តាម​ក្រោយ​តែ​សហរដ្ឋអាមេរិក​មួយ​ប៉ុណ្ណោះ ចំណែក​ចំនួន​អ្នកស្លាប់​វិញ កើនឡើង​ដល់ 175,649នាក់។

លោកនាយក​រដ្ឋមន្ត្រី ម៉ូ​ឌី បាន​ធ្វី​ត​ធើរ​សំណេរ​ថា ពិធី​នេះ ពេលនេះ គួរ​ធ្វើជា​លក្ខណៈ​និមិត្តរូប​វិញ​ប្រសើរ​ជាង ខណៈ​មេដឹកនាំ​សាសនា បាន​ឯកភាព​ចំពោះ​សំណើ​នេះ និង​អំពាវនាវ​ឱ្យ​ប្រជាជន កុំមក​ប្រមូល​ផ្ដុំគ្នា។

ទាំងអស់នេះ រដ្ឋបាល​ឥណ្ឌា ធ្លាប់​ត្រូវ​រង​ការរិះគន់ ពាក់ព័ន្ធ​នឹង​ការចាត់ការ​លើ​វិបត្តិ​សុខភាព​សាធារណៈ ដោយសារតែ​រដូវ​កាល​សាសនា និង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែល​នៅតែ​បន្ត​ដំណើរការ បើទោះជា​មាន​របាយការណ៍ អំពី​ការខ្វះខាត​គ្រែ​អ្នកជំងឺ ធុង​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន និង​វ៉ាក់សាំង​ការពារ​កូ​វីដ-19ក៏ដោយ។

ជាពិសេស ការឃោសនា​រក​សំឡេងឆ្នោត របស់លោក​នាយករដ្ឋមន្ត្រី ម៉ូ​ឌី​ខ្លួនឯង 2លើក នៅក្នុង​រដ្ឋ​បេង​ហ្គា​ល​ខាងលិច ដែល​នឹងមាន​ការបោះឆ្នោត​ថ្នាក់​រដ្ឋ ដែលមាន​អ្នកគាំទ្រ​ចូលរួម​ជាច្រើន​ពាន់​នាក់ តែមាន​មនុស្ស​ចំនួន​តិចតួច​បំផុត ដែល​ប្រតិបត្តិ​តាម​វិធានការ​សុវត្ថិភាព​ពី​កូ​វីដ-19។

នៅ​ថ្ងៃ​ជាមួយគ្នា ទីភ្នាក់ងារ​ព័ត៌មាន ប្ល៊ូ​ម​ប៊ើ​ក បាន​រាយការណ៍​ថា អង្គការ​សុខភាព​ពិភពលោក ឬ WHO បាន​បញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​កូ​វីដ-19 ប្រភេទ​ក្លាយ​ពូជ B.1.617 ដែល​ចាប់កំណើត​ឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា អាចមាន​សមត្ថភាព​ក្នុងការ​ចម្លង​រាលដាល​បាន​យ៉ាង​លឿន និង​ឆាប់រហ័ស។

លោកស្រី ម៉ា​រៀ វែ​ន ឃើ​ខូ​ហ្វ ប្រធាន​ផ្នែក​តិច​និក​កូ​វីដ-19 របស់ WHO បាន​ថ្លែងថា ក្រុម​អ្នកស្រាវជ្រាវ ជី​ណូ​ម​កូ​វីដ-19 នៃ​ប្រទេស​ឥណ្ឌា (INSACOG) បាន​បង្ហើប​ឱ្យដឹងថា B.1.617 បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុងប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី7 ធ្នូ ឆ្នាំ2020 មានការ​ក្លាយ​ពូជ​លក្ខណៈពិសេស​ដោយឡែក 2ជាន់ មាន E484Q និង L452R ជា​រូប​បែប ដែល​រកឃើញ​នៅក្នុង​ប្រភេទ​វីរុស ដែល​កំពុង​ឆ្លង​រាលដាល​ដ៏​ធំ និង​បានដាក់​ការសង្កេតឃើញថា B.1.617 កំពុង​សាយភាយ​ទៅក្នុង​ប្រទេស​ជាច្រើន និង​មាន​របាយការណ៍ អំពី​ការពិនិត្យ​រកឃើញ​នៅ​ទូទាំង​ទ្វីបអាស៊ី និង​អាមេរិក​ខាងជើង​ទៀតផង។

យ៉ាងណាក្ដី WHO បានចាត់ទុក​វីរុស​ក្លាយ​ពូជ 2ជាន់​នេះ ជា​មេរោគ​ដែល​ត្រូវតែ​តាម​ស៊ើបអង្កេត ឬ​ជា​មេរោគ​ដែល​មិនទាន់​អាច​ពិសោធ​បាន​យ៉ាងច្បាស់​លាស់​នៅឡើយ តែ​ត្រូវ​ចាប់ផ្ដើម​ប្រុងប្រយ័ត្ន​យ៉ាង​ដិតដល់ និង​មិនទាន់​អាច​បញ្ជាក់​អំពី​ភាពចាំបាច់ ត្រូវ​លើកកម្ពស់​កម្រិត​ការ​ដំណើរការ ខាង​សុខភាព​សាធារណៈ ដែរឬទេ​នៅឡើយ។

ខណៈដែល​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ឥណ្ឌា ចេញ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​ថា B.1.617 អាច​បង្កើន​អត្រា​ការឆ្លង​មេរោគ និង​អាច​បែកធ្លាយ​ចេញពី​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​របស់​រាងកាយ​បាន​នោះ ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​អ៊ីស្រាអែល ក៏បាន​ថ្លែង​ពី​ការរកឃើញ B.1.617 លើកដំបូង​ក្នុងប្រទេស​ដែរ ដោយមាន​អ្នក​ឆ្លង​មេរោគ​ថ្មី​នេះ ជា​ជនជាតិ​អ៊ីស្រាអែល ចំនួន 7នាក់ ធ្វើដំណើរ​មកពី​ក្រៅប្រទេស ហើយ​ទាំងអស់នោះ សុទ្ធតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ទាំងអស់៕

ប្រភព៖ សា​ព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement