ពលរដ្ឋ​កម្ពុជា​នឹងត្រូវ​បានធ្វើ​តេស្ត​រហ័ស​​ដើម្បី​រក Covid-19 ដោយ​ប្រើ​ឧបករណ៍ RapidTest ដែល​ស៊ីពេល​តែ15នាទី​ដឹង​លទ្ធផល

ក្រសួងសុខាភិបាល​កម្ពុជា​ នឹង​អនុវត្ដ​យុទ្ធនាការ​ធ្វើតេស្ដ​រហ័ស​រក​វីរុស​Covid-19 ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស RapidTest ដែល​ត្រូវបាន​ក្រសួង​អះអាងថា ប្រើពេល​ត្រឹមតែ15នាទី​ប៉ុណ្ណោះ នឹង​ដឹង​លទ្ធផល​ភ្លាម។

នៅ​គ្រប់​ទីតាំង​ដែលមាន​ការសង្ស័យ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដាល​ខេត្ត ក្រុង ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​វីរុស Covid-19 នឹងត្រូវ​ប្រើ​ឧបករណ៍​ធ្វើតេស្ដ​រហ័ស​រក​វីរុស Covid-19 ដែលមាន​ឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » នេះ​បើតាម​ប្រសាសន៍​របស់ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

ការសម្រេចចិត្ត​ខាងលើ​របស់​ក្រសួងសុខាភិបាល ក៏​ព្រោះតែ​ឧបករណ៍​តេស្ត​រហ័ស RapidTest នេះ បង្ហាញ​លទ្ធផល​បាន​លឿន ដោយ​ប្រើពេល​ត្រឹមតែ15នាទី ព្រមទាំង​មានគុណ​ភាព និង​ប្រសិទ្ធភាព​ក្នុងការ​ធ្វើតេស្តរ​កវី​រុស Covid-19។ ការលើកឡើង​នេះ​ត្រូវបាន​លោកជំទាវ យក់ សម្បត្ដិ បញ្ជាក់ថា គឺធ្វើឡើង​បន្ទាប់ពី​បានឃើញ​ប្រសិទ្ធិភាព​នៃ​ឧបករណ៍​តេស្ដ​រហ័ស​នេះ កាលពី​ថ្ងៃទី17មេសា នៅពេលដែល​ក្រសួង​បាន​យក​ឧបករណ៍​នេះ​ទៅធ្វើ​តេស្ដ​លើ​អ្នក​សង្ស័យថា​មាន​ផ្ទុក Covid-19 នៅ​ផ្សារ​ដើម​គរ។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​អះអាង​ដែរ​ថា ឧបករណ៍ RapidTest និង​ម៉ាស៊ីន​ធំ​ប្រចាំ​វិទ្យាស្ថាន​ប៉ាស្ទ័រ បានបង្ហាញ​លទ្ធផល​ដូចគ្នា ពោលគឺ​បាន​រកឃើញ 91នាក់​មាន​ផ្ទុក Covid-19 នៅក្នុង​ចំណោម​អ្នក​ជាប់​សង្ស័យ​ជាង 940នាក់​ដែល​បានធ្វើ​តេស្ត៕

ប្រភព៖ ក្រសួង​ព័ត៌មាន
ដកស្រង់៖ បុត្រា

Advertisement