ក្នុង​គ្រា​បិទ​ខ្ទប់​ការធ្វើដំណើរ​​ដោយ​សារ​ Covid-19 អ្នក​ដឹកជញ្ជូន​អាហារ ត្រូវបាន​អនុញ្ញាត​ឱ្យបំពេញ​ការងារ​ធម្មតា បើ​ទោះ​មិនមាន​អាហារ​ក្នុង​ធុង

លោក លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

អាជ្ញាធរ​ដែល​កំពុង​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ មិនត្រូវ​រារាំង​ដំណើរ​មន្ត្រី​សុខាភិបាល អ្នកលក់​ឱសថ និង​ម៉ូតូ​ដឹកជញ្ជូន​អាហារ​នោះឡើយ ដើម្បី​ចៀសវាង​បញ្ហា​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​កំពុង​ត្រូវបាន​បិទ​ខ្ទប់​ដោយសារ Covid-19។

ការលើកឡើង​ដូចខាងលើ​នេះ ក៏​ព្រោះតែ​ពួកគេ​គឺជា​អ្នក​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ។ នេះ​បើតាម​លោក លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ។ ទាក់ទង​នឹង​ការផ្គត់ផ្គង់​អាហារ លោក​អភិបាលរង បាន​បញ្ជាក់ថា កន្លងមក លោក​បានទទួល​ព័ត៌មាន​ថា ក្រុម​ម៉ូតូ​ដែល​ដឹកជញ្ជូន​អាហារ​ត្រូវបាន​សមត្ថកិច្ច​មួយចំនួន​រារាំង ព្រោះតែ​មិនឃើញ​មាន​អាហារ​នៅក្នុង​ធុង​អាហារ។ អភិបាលរង​រាជធានី​ភ្នំពេញ​រូបនេះ បញ្ជាក់ថា កាលណា​ពួកគេ​ទម្លាក់​អាហារ​ទៅឱ្យ​អ្នកទិញ​រួចហើយ នោះ​ពួកគេ​នឹង​ជិះ​ម៉ូតូ​ទទេ​ត្រលប់​មកវិញ ដូច្នេះ «សូមមេត្តា​លើកលែង និង​ចៀសវាង​ការខុសឆ្គង​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ»ដែលមាន​តម្រូវការ​អាហារ​ហូបចុក។

រាជរដ្ឋាភិបាល​កម្ពុជា កាលពី​សប្ដាហ៍​មុន បានចាប់ផ្ដើម​អនុវត្ត​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​ក្នុង​រយៈពេល14ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19។ បទបញ្ជា​ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី15 ដល់​ថ្ងៃទី28 ខែមេសា ឆ្នាំ2021នេះ ក៏មាន​ករណី​លើកលែង​មួយចំនួន​ផងដែរ ពិសេស​គឺពាក់ព័ន្ធ​នឹង​អាហារ​ហូបចុក សុខភាព រួម​នឹង​ករណី​ចាំបាច់​បន្ទាន់​ជាច្រើន​ផ្សេងទៀត​៕

ប្រភព​៖ វិទ្យុជាតិកម្ពុជា
ដក​ស្រង់​៖ បុត្រា

Advertisement