អ្នកស្លាប់​ដោយសារ​វីរុស​​Covid-19 នៅ​កម្ពុជា កើន​ដល់49នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​សរុប​ជាង 3,043,000នាក់

នា​ព្រឹក​ថ្ងៃទី20មេសា​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា អ្នកស្លាប់​ថ្មី (ក្នុង​ថ្ងៃទី19មេសា) ដោយសារ​វីរុស​Covid-19 មាន​ចំនួន 4នាក់ ដែលនាំឱ្យ​អ្នកស្លាប់​សរុប​ដោយសារ​វីរុស​នេះ​នៅ​កម្ពុជា កើន​ដល់49នាក់។

អ្នកស្លាប់​ខាងលើ សុទ្ធតែជា​ជនជាតិខ្មែរ ដែល​រួមមាន បុរស​ជនជាតិខ្មែរ អាយុ 65ឆ្នាំ, បុរស​ជនជាតិខ្មែរ អាយុ 72ឆ្នាំ, ស្ត្រីជន​ជាតិខ្មែរ អាយុ 48ឆ្នាំ និង​ស្ត្រីជន​ជាតិខ្មែរ អាយុ 40ឆ្នាំ។ ក្នុងនោះដែរ មាន​ពីរ​ករណី ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត (ពេទ្យរុស្ស៊ី នៅ​ទីក្រុង​ភ្នំពេញ), មួយ​ករណី ស្លាប់​នៅឯ​មជ្ឈមណ្ឌល​សុខភាព​ចាក់អង្រែ (ភ្នំពេញ) និង​មួយ​ករណី​ទៀត ស្លាប់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។

នៅ​ទូទាំង​ពិភពលោក​វិញ បច្ចុប្បន្ន​មាន​អ្នកស្លាប់​ជាង 3,043,210នាក់, ជាសះស្បើយ​ជាង121,222,470នាក់ ខណៈ 18,441,228នាក់​កំពុង​ព្យាបាល នៅក្នុង​ចំណោម​អ្នកជំងឺ Covid-19 សរុប​ជាង 142,706,910នាក់ ដែល​ពិភពលោក​បាន​រកឃើញ៕

ប្រភព​៖ ក្រសួង​សុខាភិបាល, Worldometers
ដកស្រង់​៖ បុត្រា

Advertisement