WHO អះអាងថា ពិភពលោក​អាច​គ្រប់គ្រង​ស្ថានការណ៍ Covid-19 បាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ

លោក Tedros ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក​

កាលពី​ថ្ងៃទី19មេសា​កន្លងទៅ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ពិភពលោក​មាន​ឧបករណ៍​នានា​ដើម្បី​នាំ​មហា​រោគរាតត្បាត Covid-19 នៅ​ទូទាំង​ពិភពលោក ចូលទៅក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន នា​ប៉ុន្មាន​ខែ​ខាងមុខ។

ក្នុង​សន្និសីទ​សារព័ត៌មាន មេដឹកនាំ WHO បាន​លើកឡើងថា៖ «យើង​មាន​មធ្យោបាយ​មួយចំនួន​ដើម្បី​គ្រប់គ្រង​មហា​រោគរាតត្បាត​បាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ បើសិន​យើង​ប្រើប្រាស់​មធ្យោបាយ​ទាំងនេះ​ប្រកបដោយ​ឯកភាព និង​សមភាព»។

ក្នុង​ថ្ងៃ​ដដែល​នោះ គណៈកម្មការ​គ្រប់គ្រង​ស្ថានការណ៍​បន្ទាន់​របស់ WHO ក៏បានផ្ដល់​អនុសាសន៍​ថា មិនចាំបាច់​ប្រើប្រាស់​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​សម្រាប់​ការ​ដើរហើរ​លក្ខណៈ​អន្តរជាតិ​នោះទេ។ ប្រការនេះ​ធ្វើឱ្យ​បញ្ហា​ចម្រូងចម្រាស​ដែលមាន​ស្រាប់​នេះ កាន់​តែមាន​ភាពស្មុគស្មាញ។

គណៈកម្មការ​ខាងលើ​យល់ថា ប្រទេស​នានា​គួរតែ​ទទួលស្គាល់ថា ការតម្រូវ​ឱ្យមាន​លិខិតបញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង ធ្វើឱ្យ​បញ្ហា​មិន​ស្មើភាព​គ្នា​របស់​ពិភពលោក កាន់តែ​ធ្ងន់ធ្ងរឡើងៗ ព្រមទាំង​ជំរុញ​ឱ្យ​សិទ្ធិ​ដើរហើរ​ប្រែ​ទៅជា​រឿង​អយុត្តិធម៌​ទៅវិញ។

យោងតាម worldometers.info គិត​មកដល់​ល្ងាច​ថ្ងៃទី20 ខែមេសា (នៅ​ភ្នំពេញ) ពិភពលោក​ទាំងមូល​មាន​អ្នក​ឆ្លង​វីរុស​ Covid-19 សរុប​ចំនួន 142,723,918នាក់ ក្នុងនោះ ​មាន​អ្នកស្លាប់​រហូត​ដល់​ 3,043,595នាក់, អ្នក​ជំងឺ​បាន​ជា​សះស្បើយ 121,240,304នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 18,440,019នាក់៕

ប្រភព៖ CNA
ប្រែសម្រួល​៖ បុត្រា

Advertisement