អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ៖ មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ម្នាក់ វិជ្ជមាន​នឹង​ Covid-19

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ នា​ថ្ងៃទី22 ខែមេសា ឆ្នាំ2021នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ​បញ្ជាក់ថា មន្ត្រី​ម្នាក់​នៃ​នាយកដ្ឋាន​ពិធីការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​ឆ្លង​វីរុស​Covid-19។

មន្ត្រី​ខាងលើ​ដែលមាន​ឈ្មោះថា ពាំង សាម៉ុន ភេទ​ប្រុស អាយុ 45ឆ្នាំ មាន​អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ​229B ផ្លូវ​លេខ48 ភូមិ​ឬ​ស្សី1 សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​​បាន​រកឃើញ​​ថា​ វិជ្ជមាន​នឹង Covid-19 កាល​ថ្ងៃទី20 ខែមេសា ឆ្នាំ2021។

យោងតាម​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភាជាតិ លោក ពាំង សាម៉ុន បាន​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ​កាលពី​ព្រឹក​ថ្ងៃទី3 ខែមេសា ឆ្នាំ2021 នៅ​វិមាន​រដ្ឋសភា។ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ អំពាវនាវ​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ដោយផ្ទាល់​ត្រូវ​ទៅយក​សំណាក នៅតាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល​បានកំណត់។

ចំណែក​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ប្រយោល អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ ស្នើឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល 14ថ្ងៃ និង​តាមដាន​សុខភាព​ខ្លួនឯង​តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល៕

ប្រភព៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ
ដកស្រង់​៖ បុត្រា

Advertisement