“អុក​ស៊ី​ហ្ស៊ែ​ន​បែកធ្លាយ” ធ្វើឱ្យ​អ្នកជំងឺ​កូ​វីដ នៅ​ប្រទេស​ឥណ្ឌា ស្លាប់ 22នាក់ ខណៈ​កូ​វីដកំ​ពុង​ឆ្លង​ខ្លាំង ស្លាប់​គរ​ជើង និង​រៀបចំ​បូជា​បែបសាមញ្ញៗ

រូបភាព​បាន​ពី​ឃ្លី​ប​វីដេអូ បង្ហាញឱ្យឃើញ​ធុង​អុក​ស៊ី​ហ្ស៊ែ​ន​នៅក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង​ណា​ស៊ី​ក រដ្ឋ​រ៉ា​ស្ត្រា​រៈ ភាព​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា បែកធ្លាយ​កាលពី​ថ្ងៃ​ពុធ ទី21 មេសា។ ហេតុការណ៍​នេះ បានធ្វើឱ្យ​អ្នកជំងឺ​របស់​មន្ទីរពេទ្យ ដែល​កំពុង​ប្រើ​ម៉ាស៊ីន​ជួយ​ការដកដង្ហើម ត្រូវស្លាប់​អស់ 22នាក់ ព្រោះ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន មិនអាច​ចូលទៅក្នុង​ម៉ាស៊ីន​បាន។

មាន​អ្នកជំងឺ​យ៉ាងតិច 22នាក់ បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ (ទី21មេសា) ក្នុង​មន្ទីរពេទ្យ​មួយ ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា បណ្ដាលមកពី​ការ​ចែកចាយ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​ជួយ​ការដកដង្ហើម​របស់​ពួកគេ កើតការ​រអាក់រអួល ក្រោយពី​ធុង​ផ្ទុក​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន បាន​បែកធ្លាយ។ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ខណៈដែល​ប្រទេស​ឥណ្ឌា​កំពុង​ជួបនឹង​វិបត្តិ ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ប្រចាំថ្ងៃ ហក់​ឡើង​ខ្ពស់​ដល់​ជាង 2,000នាក់​ជា​លើកដំបូង និង​ករណី​ឆ្លង​ថ្មី ក៏​កើនឡើង 1ថ្ងៃ​ជិត 300,000នាក់​ដែរនោះ បានធ្វើឱ្យ​មន្ទីរពេទ្យ​ទូទាំងប្រទេស ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន។

ហេតុការណ៍​អ្នកជំងឺ​ស្លាប់ 22នាក់​នេះ កើតឡើង​នៅឯ​ទីក្រុង​ណា​ស៊ី​ក ជាទី​តាំង​មួយ​ក្នុងចំណោម​តំបន់​ដែល​ជំងឺ​កូ​វីដ-19 កំពុង​រាតត្បាត​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​អ្នកជំងឺ​ទាំងនោះ កំពុង​ប្រើ​ឧបករណ៍​ម៉ាស៊ីន​ជួយ​ការដកដង្ហើម​នៅក្នុង​មន្ទីរពេទ្យ​មួយ ហើយ​ធុង​ផ្ទុក​អុក​ស៊ី​ហ្ស៊ែ​ន បាន​កើតការ​បែកធ្លាយ។ លោក រ៉ា​ឆេ​ត តូ​ប៉េ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល របស់​រដ្ឋ​រ៉ា​ស្ត្រា​រៈ ដែលជា​រដ្ឋ​មួយ​មានបាន​ធូរធារ​បំផុត​របស់​ប្រទេស​ឥណ្ឌា និង​ជា​មូលដ្ឋាន​របស់​ទីក្រុង​នោះ បាន​ថ្លែង​ឱ្យដឹង។

សោកនាដកម្ម​ក្នុង​គ្រានេះ ជាការ​ដាក់បន្ទុក​បន្ថែ​ម​ពីលើ​សេចក្ដី​ទុក្ខលំបាក​ចំពោះ​ប្រទេស​ឥណ្ឌា ប្រទេស​ដែលមាន​ប្រជាជន 1,300លាន​នាក់ ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា រលក​ទី2 ដែល​លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ប្រាប់ថា “ឆាប់រហ័ស និង​ធ្ងន់ធ្ងរ​ដូច​ព្យុះសង្ឃរា” និង​កំពុង​សាង​បន្ទុក​ធ្ងន់ធ្ងរ ដល់​មន្ទីរពេទ្យ​ទូទាំងប្រទេស។

ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​ឥណ្ឌា បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ ទី21 មេសា​ថា ក្នុង​ជុំ 24ម៉ោង ដែល​កន្លងទៅ មាន​មនុស្ស​ស្លាប់​ក្នុង​ចំនួន​ខ្ពស់បំផុត 2,023នាក់ ចំណែក​អ្នក​ឆ្លង​មេរោគ មាន 295,000នាក់ ជិត​ស្មើនឹង​ស្ថិតិ​របស់​​សហរដ្ឋ​អាមេរិក ក្នុងអំឡុង​ពេលដែល​កូ​វីដ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ទីនោះ កាលពី​ខែមករា ខណៈដែល​មន្ទីរពេទ្យ​ទូទាំងប្រទេស មាន​របាយការណ៍ អំពី​ការខ្វះខាត​អុក​ស៊ី​ហ្ស៊ែ​ន។

ទោះជា ឥណ្ឌា ជា​ប្រទេស​ដែល​ល្បី​ឈ្មោះថា ជា​ប្រទេស​អ្នក​ផលិត​វ៉ាក់សាំង​ធំជាងគេ​របស់​ពិភពលោក រួមទាំង​រដ្ឋបាល ក៏បាន​បញ្ជា​ឱ្យ​ផ្អាក​ការនាំចេញ​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដើម្បី​រក្សាទុក​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាលរាល​របស់​វីរុស​កូ​រ៉ូ​ណា​រលក​ទី2 ផង​ក្ដី  តែ​ពេលនេះ ឥណ្ឌា ទើបតែ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​បាន​ជាង 130លាន​ដូ​ស​ប៉ុណ្ណោះ ហើយ​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​រឿងនេះ ឱ្យ​កាន់តែ​ឆាប់រហ័ស​ឡើង រដ្ឋបាល​បានប្រកាសថា ចាប់ពី​ថ្ងៃទី1 ឧសភា តទៅ ប្រជាជន​វ័យ​ចំណាស់​គ្រប់រូប មាន​សិទ្ធិ​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងអស់៕

មន្ត្រី​សុខភាព​សាធារណៈ និង​សាច់ញាតិ ដែល​សុទ្ធតែ​ស្លៀក​ឈុត និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន នាំគ្នា​លើក​សាកសព​បុរស​ម្នាក់ ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ-19 មាន​ដាក់​ទៅលើ​ទី​បូជាសព ក្នុង​ទីក្រុង​នី​វ​ដេលី កាលពី​ថ្ងៃ​ពុធ ទី21 មេសា
សាច់ញាតិ​ស្លៀក​ឈុត និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ចូលរួម​ពិធី​បូជាសព
សភាព​របស់​ឈាបនដ្ឋាន​មួយ នៅក្នុង​ទីក្រុង​នី​វ​ដេលី ទីក្រុង​ធំ​របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ អាច​មើលឃើញ​គំនរ​អុស​ដែល​កំពុង​ឆេះ ដើម្បី​បូជា​សាកសព ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-19
ញាតិមិត្ត ដែលស្លៀកឈុត និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) សម្ដែងក្ដីសោកសៅស្ដាយស្រណោះចំពោះអ្នកស្លាប់ដោយសារជំងឺកូវីដ-19 នៅឯកន្លែងបូជាសព ក្នុងទីក្រុងនីវដេលី កាលពីថ្ងៃពុធ ទី21 មេសា
ក្រុម​អ្នកជំងឺ ដែល​កំពុង​ពាក់​ម៉ាស់​អុក​ស៊ី​ហ្ស៊ែ​ន ត្រូវបាន​ចល័ត​ចេញ​ទី​កាន់​មន្ទីរពេទ្យ 1ទៀត ក្នុង​ទីក្រុង អា​មេ​ដា​បាត់ ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ពុធ ទី21 មេសា

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement