បែលហ្ស៊ិក​ភ័យរន្ធត់! រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ក្លាយ​ពូជ​ឥណ្ឌា ខណៈ​ដែល​​​ប្រទេស​​ជាច្រើន ហាម​ជើងហោះហើរ

មេរោគ​កូ​វីដ-19 ប្រភេទ​ក្លាយ​ពូជ ដែល​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​ក្នុងករណី​អ្នក​ឆ្លង​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌា ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​បែលហ្ស៊ិក ក្នុង​ក្រុមនិស្សិត​ជនជាតិ​ឥណ្ឌា ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង  ខណៈដែល​កាណាដា ជា​ប្រទេស​ចុងក្រោយ​គេ ដែល​បាន​ហាមឃាត់​ជើងហោះហើរ​មកពី​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន មិនឱ្យ​ធ្វើដំណើរ​ចូល​ប្រទេស ក្រោម​ក្ដីកង្វល់​បារម្ភ​ចំពោះ​មេរោគ​ក្លាយ​ពូជ ដែលមាន​លក្ខណៈពិសេស ដែល​អាច​បង្ក​ឱ្យ​កើត “ការឆ្លង​រាលដាល​ច្រើនឡើង” ឬ​រហូតដល់ “កាត់បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង” បាន​ទៀតផង។

លោក ប៉េ​ដ្រូ ហ្វា​ខុន មន្ត្រី​ថ្នាក់ខ្ពស់​នៃ​រដ្ឋបាល​បែលហ្ស៊ិក បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា និស្សិត​ពេទ្យ​ឥណ្ឌា 20នាក់ ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចូលមក​បែលហ្ស៊ិក ក្នុងអំឡុង​ពាក់កណ្ដាល​ខែមេសា មាន​លទ្ធ​ពិនិត្យ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក្លាយ​ពូជ​ឥណ្ឌា វិជ្ជមាន។

និស្សិត​ទាំងអស់ ត្រូវបាន​នាំខ្លួន​ទៅ​មជ្ឈមណ្ឌល​បង្ខាំង​ជំងឺ ក្នុង​ក្រុង​ហាល​ស៍ និង​ទីក្រុង​លូ​វឹ​ន ភាគ​ខាងជើង​ប្រទេស​បែលហ្ស៊ិក ដែល​ពី​ដើម​ពួកគេ​មានកម្ម​វិធី​ចូលរួម​សិក្ខាសាលា​ហ្វឹក​អប់រំ ក្នុង​ទីក្រុង​មួយ​នេះ។

ក្រុម​អ្នកជំនាញការ​ជាច្រើន បានចង្អុលបង្ហាញ​ថា ក្រុមនិស្សិត​ទាំងនោះ អាចជា​ជនរងគ្រោះ​របស់ Super Spreader ទាំងពី​សមាជិក​ក្នុង​ក្រុម​ខ្លួនឯង ឬ​អ្នកដំណើរ​ដទៃទៀត​នៅលើ​រថយន្តក្រុង ដែល​ដឹក​ពួកគេ ពី​ទីក្រុង​ប៉ារីស មក​ប្រទេស​បែលហ្ស៊ិក “ក្រុមនិស្សិត​ទាំងនោះ កំពុងស្ថិត​ក្នុងការ​ប​ង្ខាំ​ង​ខ្លួន​យ៉ាង​តឹងរ៉ឹង តាំងពី​ពេលធ្វើ​ដំណើរ​មកដល់ រហូតមកដល់​ថ្ងៃនេះ និស្សិត​ទាំង 20នាក់ ក្នុងចំណោម 43នាក់ បាន​ឆ្លង​មេរោគ​កូ​វីដ​ក្លាយ​ពូជ” លោក អេ​ម​ម៉ា​នូ​អែល អង់​ដ្រេ អ្នកជំនាញ​ផ្នែក Microbiology មកពី​មហាវិទ្យាល័យ​លូ​វឹ​ន បាន​ថ្លែង​បែបនេះ។

លោក ម៉ាក ហ្វា​ន រ៉ា​ន់ស៍ អ្នក​វីរុស​វិទ្យា ជា​អ្នកជំនាញការ​ម្នាក់ទៀត បានផ្ដល់​សម្ភាស​ជាមួយ​ស្ថានីយ​វិទ្យុ​ក្នុង​តំបន់​ថា ក្រុម​របស់លោក បានធ្វើ​ដំណើរ​តាម​យន្តហោះ​មកដល់​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី12 មេសា បន្ទាប់ពីនោះ 5ថ្ងៃ​តម​កទៀត និស្សិត​ជាច្រើន​នាក់ បានចាប់ផ្ដើម​បង្ហាញ​អាការ​ការឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

មេរោគ​ក្លាយ​ពូជ​ឥណ្ឌា B.1.617 ចាប់ផ្ដើម​រកឃើញ​នៅក្នុង​ប្រទេសផ្សេងៗរួចហើយ ក្នុងនោះ​រួមទាំង​សហរដ្ឋ​អាមេរិក អូស្ត្រាលី អ៊ីស្រាអែល និង​សិង្ហ​បុរី ដែល​ក្ដីបារម្ភ​កង្វល់​ពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ​នេះ បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន ក្នុងនោះ​រួមទាំង​ចក្រភព​អង់គ្លេស​ផង បានកំណត់​កម្រិត​ការធ្វើដំណើរ​ជាមួយ​ប្រទេស​ឥណ្ឌា។

យ៉ាងណាក៏ដោយ ក្ដីកង្វល់​បារម្ភ មាន​កាន់តែខ្លាំង​ឡើង ក្រោយពី​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 ក្នុងប្រទេស​ឥណ្ឌា បាន​កើនឡើង​យ៉ាង​ឥតឈប់ឈរ ដោយថ្មីៗបំផុត​នេះ បាន​ក្លាយជា​ស្ថិតិ​ថ្មី ខ្ពស់បំផុត​ក្នុង​ពិភពលោក ចាប់តាំងពី​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ចាប់ផ្ដើម​រាលដាល កាលពី​ចុងឆ្នាំ2019 មក។

មូលហេតុ​មួយផ្នែក របស់​ការឆ្លង​រាលដាល​រលក​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌា បណ្ដាលមកពី​វីរុស​ក្លាយ​ពូជ​បែប “Double Mutant”។

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement