ពិភពលោក​អាច​នឹង​កើត​រឿង​​ធំ!!! ​WHO​ ឱ្យ​ដឹង​ថា​ រកឃើញ​មេរោគ​ក្លាយ​ពូជ​ឥណ្ឌា នៅក្នុង​ច្រើន​ប្រទេស​ហើយ

អង្គភាព​សុខភាព​សាធារណៈ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ទី27មេសា មេរោគ​ក្លាយ​ពូជ B.1.617 ដែល​រកឃើញ​នៅក្នុង​ប្រទេស​ឥណ្ឌា ត្រូវបាន​រកឃើញ​នៅក្នុង​លេខ​កូដ​ពូជ​វីរុស 1,200សំណាក “ពី​យ៉ាងតិច​បំផុត 17ប្រទេស” ឥឡូវ បាន​អាប់​ឡូដ ឆ្ពោះទៅ​ប្រព័ន្ធ​ទិន្នន័យ​ដើម បែប​បើក GISAID ហើយ។

“លេខ​កូដ​ពូជ​ភាគច្រើន អាប់​ឡូដ​មកពី​ប្រទេស​ឥណ្ឌា ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​សិង្ហ​បុរី” អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​បែបនេះ នៅក្នុង​ការ​អាប់​ឌែ​ត​ទិន្នន័យ​ផ្នែក​ជំងឺរាតត្បាតវិទ្យា​ប្រចាំ​សប្ដាហ៍ ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​របស់​ជំងឺឆ្លង​រាលដាល​ដ៏​ធំ​កូ​វីដ-19។

កាលពីពេលថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក បាន​ចាត់​ចូល​បញ្ជី B.1.617 ក្នុងឋានៈ​ជា​មេរោគ​ក្លាយ​ពូជ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ តែ​មិនទាន់​បានប្រកាសថា វា​ជា “មេរោគ​ក្លាយ​ពូជ​ដែល​គួរឱ្យ​កង្វល់” នៅឡើយ។

វីរុស​កូ​វីដ-19 ពូជ​ឥណ្ឌា មានការ​ក្លាយ​ពូជ 2ជាន់ គឺ E484Q និង L452R  ទាំងអស់នេះ នៅមាន​ការរកឃើញ​ការ​ក្លាយ​ពូជ​បែបនេះ បំបែក​គ្នា​នៅក្នុង​វីរុស​ជាច្រើន​ពូជ​ទៀតផង តែ​ការ​ក្លាយ​ពូជ​រួមគ្នា​ទាំង 2យ៉ាងនេះ រក​ឃើញតែ​ក្នុង​វីរុស​ពូជ​ឥណ្ឌា​ប៉ុណ្ណោះ។

ការចាត់​ចូលក្នុង​បញ្ជីខ្មៅ​ថា ជា​មេរោគ​ក្លាយ​ពូជ​ដែល​គួរឱ្យ​កង្វល់ នឹង​ក្លាយជា​ការចង្អុលបង្ហាញ​ថា វា​មាន​ភាពគ្រោះថ្នាក់​ខ្លាំង​ជាង​វីរុស​ពីមុន ទាំង​ចម្លង​រាលដាល​បាន​ងាយ​ជាង មាន​ភាពខ្លាំង​ក្លា​ជាង ឬ​អាច​គេច​ចៀស​ពី​ការការពារ​របស់​វ៉ាក់សាំង​បាន​ទៀតផង។

កាល​អំឡុង​ចុងខែ​មីនា ក្រសួងសុខាភិបាល​ឥណ្ឌា បានបញ្ជាក់​ពី​លទ្ធផល​ការវិភាគ​សំណាក បានបង្ហាញ​ឱ្យឃើញថា មេរោគ​កូ​វីដ-19ក្លាយ​ពូជ​ប្រភេទ​ថ្មី​ក្នុងប្រទេស​ឥណ្ឌា មិន​ដូចគ្នា​នឹង​ពូជ​ដែល​គួរឱ្យខ្លាចផ្សេងៗទៀត​កាលពី​ពេលមុន​នោះទេ និង​កំពុង​សិក្សា​ថា តើ​ពូជ​ប្រភេទ​ថ្មី​នេះ នឹង​ធ្វើឱ្យ​កើតការ​ឆ្លង​បាន​កាន់តែ​ងាយ​ឡើង ឬ​ធ្វើឱ្យ​វ៉ាក់សាំង​ដែល​កំពុងមាន ចុះខ្សោយ​ប្រសិទ្ធភាព​ដែរឬទេ?

ប្រទេស​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ករណី​អ្នក​ឆ្លង​មេរោគ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ កើនឡើងជារឿយៗ និង​មាន​កង្វល់​យ៉ាងខ្លាំង​ថា មេរោគ​ក្លាយ​ពូជ​កំពុង​ក្លាយជា​កត្តា​ជំរុញ​ស្រមោល​នៃ​ភាព​ហាយនៈ​ឱ្យ​លេច​កាន់តែច្បាស់​ឡើង។

អង្គការ​សុខភាព​ពិភពលោក បាន​សង្កត់ធ្ងន់ថា មេរោគ​ក្លាយ​ពូជផ្សេងៗ ដែល​កំពុង​វិលវល់​ក្នុងអំឡុងពេល​ជាមួយគ្នា ក៏​បង្កើន​ការចម្លង​សាយភាយ​ខ្លាំង​ដូចគ្នា​ដែរ និង​នៅពេល​រួមគ្នា “ជួនកាល​ពួកវា អាច​កំពុងមាន​តួនាទី​សំខាន់​ក្នុងការ​ចម្លង​រាលដាល​នាពេល​បច្ចុប្បន្ន​ក្នុងប្រទេស​មួយ​នេះ​ទៀតផង”

WHO បានបញ្ជាក់​ជា​ចុងក្រោយ​ថា មាន​ភាពចាំបាច់ និង​បន្ទាន់​ណាស់ ដែល​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែ​មយ៉ាង​ល្អិតល្អន់ ក្នុង​គុណ​លក្ខណៈ​ដោយឡែក​របស់ B.1.617 និង​មេរោគ​ក្លាយ​ពូជផ្សេងៗ ក្នុងនោះ​រួមទាំង​ផលប៉ះពាល់​របស់​ការចម្លង​សាយភាយ​មេរោគ ភាព​ធ្ងន់ធ្ងរ និង​ភាព​ប្រឈម​ក្នុង​ការឆ្លង​មេរោគ​ឡើងវិញ​ម្ដងទៀត​ផងដែរ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement