Covid-19! ថៃ យក​ព្រលានយន្តហោះ ធ្វើជា​ទីតាំង​ចាក់​វ៉ាក់សាំង

ប្រទេស​ថៃ នា​ដើម​សប្ដាហ៍​នេះ បានប្រែក្លាយ​កន្លែង​បំពេញបែបបទ check-in របស់​អាកាសយានដ្ឋាន សុវណ្ណ​ភូមិ (Suvarnabhumi) ឱ្យទៅជា​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ក្នុងការ​ព​ន្លឿ​ន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 របស់​រដ្ឋាភិបាល។

បុគ្គលិក​សុខាភិបាល​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង 1,000នាក់ ជា​រៀងរាល់ថ្ងៃ នៅក្នុង​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​បាងកក​នេះ។ អ្នកស្រី Siwaporn Singkhrut ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាង 30,000នាក់​ដំបូង ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ បានឱ្យដឹងថា នៅមាន​កន្លែង​ជាច្រើន​ទៀត​ដែល​អាច​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង។ «បច្ចុប្បន្ន មានតែ​មួយផ្នែក​នៃ​ព្រលានយន្តហោះ បាន​ដំណើរការ។ ជា​រឿង​ល្អ​ជាង​នេះ បើសិន​វា​ត្រូវបាន​ប្រើប្រាស់​ទាំងស្រុង ដើម្បីឱ្យ​គ្រប់គ្នា​អាច​ចូលមក​ទទួល​ការចាក់​វ៉ាក់សាំង» អ្នកស្រី Siwaporn Singkhrut រៀបរាប់។

ប្រទេស​ថៃ កំពុង​ឆ្លងកាត់​បញ្ហា​Covid-19 ដែល​ឆ្លង​លឿន​បំផុត និង​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត ខណៈដែល​ករណី​វិជ្ជមាន​ថ្មី កើនឡើង​ទ្វេដង រាប់​ចាប់ពី​ដើមខែ​មេសា​នេះ ក្នុងនោះ កាលពី​ថ្ងៃទី28 ប្រទេស​ថៃ​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 2,012​នាក់ និង​ស្លាប់​ថ្មី 15នាក់។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​អ្នក​វិជ្ជមាន​សរុប​ចំនួន 61,699នាក់ និង​ស្លាប់​សរុប 178នាក់ ខណៈ 27,119​​នាក់​កំពុង​ព្យាបាល។

អាជ្ញាធរ​ថៃ បាន​បិទទ្វារ​សាលារៀន ហាម​ការជួបជុំ​ដែលមាន​មនុស្ស​លើសពី 50នាក់ និង​ហាម​លក់​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ក្នុង​រយៈពេល​យ៉ាងតិច​ពីរ​សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី18 ខែមេសា។ ក្រុមមន្ត្រី​រដ្ឋាភិបាល បានប្រកាសថា រាជធានី​បាងកក និង​ខេត្ត​ចំនួន 17 ដែល​ស្ថិតក្នុង «តំបន់​ក្រហម» ត្រូវអនុវត្ត​វិធានការ​ទប់ស្កាត់ Covid-19 យ៉ាង​តឹងរ៉ឹង៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement