កូ​វីដ-19 ប្រហារជីវិត​ឪពុកមា​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ខណៈ​ក្រុង​នី​វ​ដេលី សែន​ទុក្ខព្រួយ ខ្លាច​លែងមាន​អុស​បូជា​សាកសព

លោក Narmabaden Modi ឪពុកមា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា វ័យ 80ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-19 កាលពី​ថ្ងៃទី27 មេសា ក្រោយពី​ចូល​ព្យាបាល​ខ្លួន​នៅក្នុង​មន្ទី​ពេទ្យ​បាន 10ថ្ងៃ ខណៈពេល​ជាមួយគ្នា អភិបាលក្រុង​នី​វ​ដេលី បានចេញ​បញ្ជា​ឱ្យចំ​នួន​ឈើ​ដែលជា​អុស សម្រាប់​ដុត​បូជា​សាកសព ត្រូវតែមាន​ជាប់​ជានិច្ច ក្រោយពី​មានការ​កើនឡើង​នៃ​ចំនួន​សាកសព និង​នាំឱ្យមាន​ការសាងសង់​ក​ន្លែ​ង​ដុត​បូជាសព​ថ្មី​ឡើង​យ៉ាង​បន្ទាន់ ក្រោយ​ស្ថានការណ៍​វិបត្តិ​ឆ្លង​រាលដាល ដែល​នៅតែមាន​ជា​បន្ត​ឥតឈប់ឈរ។

CNN ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ម្សិលមិញ (ទី28 មេសា) បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ត្រូវ​បាត់បង់​សាច់ញាតិ​ម្នាក់​ដោយសារ​វិបត្តិ​កូ​វីដ-19 ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ឥណ្ឌា  នៅពេលដែល​លោក ណា​ម៉ា​ដា​បេន ម៉ូ​ឌី (Narmadaben Modi) ជា​ឪពុកមា វ័យ 80ឆ្នាំ ដែល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពី 10ថ្ងៃមុន បាន​ស្លាប់​នៅ​ទីនោះ ដោយសារ​ជំងឺ​កូ​វីដ-19 កាលពី​ថ្ងៃ​អង្គារ(ទី27មេសា)។

លោក Prahlad Modi ប្អូនប្រុស​របស់លោក​ម៉ូ​ឌី បាន​ថ្លែង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា “លោកពូ ណា​ម៉ា​ដា​បេន របស់​ពួកយើង ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រដ្ឋ កាលពី​ប្រមាណ​ជា 10ថ្ងៃមុន ក្រោយពី​អាការ​របស់លោក​ធ្លាក់ចុះ​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​ការឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា ពេលនេះ​លោក​បាន​ស្លាប់​ហើយ”

យ៉ាងណាក្ដី លោក​ម៉ូ​ឌី មិនទាន់បាន​ចេញមក​ថ្លែងការណ៍​អ្វី អំពី​ការស្លាប់​របស់​ឪពុកមា​នៅឡើយ តែ CNN បាន​រាយការណ៍​ថា កន្លងមក លោក​ម៉ូ​ឌី បាន​រង​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ការបរាជ័យ​ក្នុងការ​ទប់ស្កាត់​ស្ថានការណ៍​ជំងឺ​រាតត្បាត​នេះ ខណៈដែល​គណបក្សនយោបាយ BJP របស់លោក​នៅតែ​ចេញ​ឃោសនា​នយោបាយ​បក្ស បន្ត​ឥត​ឈប់ សម្រាប់​ការបោះឆ្នោត​ក្នុង​តំបន់ ដែល​កំពុង​ជិត​មកដល់។

ដោយ​ការឃោសនា​រក​សំឡេងឆ្នោត​របស់ BJP បានកើត​ឡើង​នៅឯ​រដ្ឋ​តេ​ឡាំង​ហ្គា​ណា (Telangana) និង​រូបភាព​ដែល​បាន​ផូ​ស្ត​ដោយ​មន្ត្រី​របស់​គណបក្ស BJP របស់​រដ្ឋ កាលពី​ថ្ងៃ​ចន្ទ (ទី26មេសា) បានបង្ហាញ​ឱ្យឃើញ​ពី​ហ្វូងមនុស្ស​ដ៏​ណែនណាន់តាន់តាប់ ប្រមូលផ្ដុំ​គ្នា​នៅឯ​ទីស្ដីការ​រដ្ឋបាល Greater Warangal ដែលជា​កន្លែង​រៀបចំ​ការឃោសនា​រក​សំឡេងឆ្នោត និង​មនុស្ស​ដ៏​ច្រើន មិនបាន​ពាក់​ម៉ាស់​ការពារ ឬ​រក្សា​គម្លាត​សុវត្ថិភាព​ឡើយ។

ខណៈពេល​ជាមួយគ្នា ក្នុងការ​បង្កើន​ការដុត​បូជាសព​អ្នកជំងឺ​កូ​វីដ-19 ដោយសារ​វិបត្តិ​ជំងឺឆ្លង​ដ៏​ធំ​នេះ បាន​បណ្ដាលឱ្យ​លោក​អភិបាលក្រុង​នី​វ​ដេលី​ខាងជើង ត្រូវ​ផ្ញើ​សំបុត្រ​សំណូមពរ សុំឱ្យ​ការបញ្ជូន​អុស​ឈើ សម្រាប់​ដុត​បូជា​សាកសព ត្រូវធ្វើ​ឡើងជា​បន្តបន្ទាប់​កុំឱ្យ​ដាច់។

សំបុត្រ​ដែល​លោក Jai Prakash ដែល​ផ្ញើ​ទៅ​ប្រធាន​គណៈ​អភិបាលក្រុង​នី​វ​ដេលី លោក Arvind Kejriwal ដើម្បី​សុំឱ្យ​ចេញ​បញ្ជា​ទៅ​ផ្នែក​រុក្ខាប្រមាញ់ ជួយ​ចាត់ចែង​រក​ឈើ​អុស​ឱ្យបាន​គ្រប់គ្រាន់ និង​ទាន់ពេលវេលា មិន​រអាក់​រអួល ដើម្បីឱ្យ​ខាង​ស្ថាន​ឈាបនកិច្ច អាចធ្វើ​ការងារ​បាន​ដោយ​រលូន និង​មិន​កើតមាន​ផលប៉ះពាល់​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់។ ចំពោះតែ​ទីក្រុង​នី​ដេលី​មួយ កាលពី​ថ្ងៃ​អង្គារ ទី27 មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 សរុប​ទាំងអស់ 381នាក់៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement