Covid-19 នៅ​ឥណ្ឌា! ខំ​រង់ចាំ និង​លុតជង្គង់​សុំ​អុកស៊ីសែន ដើម្បី​យកទៅជួយ​ម្ដាយ ប៉ុន្តែ​ចុងក្រោយ ត្រូវ​ចាកចេញ​ដោយ​ក្ដី​អស់សង្ឃឹម!

ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ លុតជង្គង់​នៅ​ខាងក្រៅ​រោងចក្រ​ផលិត​អុកស៊ីសែន​មួយកន្លែង នា​រដ្ឋធានី New Delhi ក្នុង​បំណង​ជួយសង្គ្រោះ​ជីវិត​ម្ដាយ ក៏ប៉ុន្តែ ប៉ុន្មាន​ម៉ោង​ក្រោយមក គាត់​បានទទួល​ដំណឹង​ថា ម្ដាយ​បាន​លាចាក​លោក​ទៅហើយ!

រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា កំពុងតែ​ខ្វះ​អុកស៊ីសែន​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ បាន និង​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស។ បញ្ហា​នេះ កំពុង​ប៉ះពាល់​ដល់​អ្នកជំងឺ និង​គ្រួសារ​អ្នកជំងឺ​ជាច្រើន​នៅ​ប្រទេស​ឥណ្ឌា។ ស្ត្រី​ម្នាក់​ឈ្មោះ Shruti Saha កាលពី​ថ្ងៃទី27 ខែមេសា ឆ្នាំ2021 បាន​ចំណាយពេល​អស់​ជាច្រើន​ម៉ោង ក្នុងការ​ស្វះ​ស្វែងរក​កន្លែង​បញ្ចូល​អុកស៊ីសែន នៅ New Delhi ដើម្បី​យកមក​ជូន​ម្ដាយ​ដែល​កំពុង​ផ្ទុក​វីរុស​Covid-19។

ក្រោយពី​រកឃើញ​ទីតាំង​បញ្ចូល​អុកស៊ីសែន​មួយ​ដែល​ស្ថិតនៅក្នុង​តំបន់ឧស្សាហកម្ម​នៃ​រដ្ឋធានី អ្នកស្រី Shruti Saha ក៏ត្រូវ​រង់ចាំ ចាប់ពី​ថ្ងៃទី27 រហូតដល់​ថ្ងៃទី28 ខែមេសា ទើប​ដល់​វេន​ខ្លួន។

ក្នុងពេល​ឈរ​រង់ចាំ​យូរពេក Shruti Saha កាន់តែ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​ម្ដាយ ហើយ​គាត់​ក៏​សម្រេចចិត្ត​លុតជង្គង់ អង្វរ​សុំឱ្យ​ទីតាំង​នេះ​បើកទ្វារ។ ក៏ប៉ុន្តែ ក្រុមប៉ូលិស និង​ក្រុម​សន្តិសុខ បាន​ប្រាប់​ឱ្យ​គាត់​បន្ត​រង់ចាំ។

មនុស្ស​ម្នា​កំពុង​រង់​ចាំ​វេន​ ដើម្បី​បាន​អុកស៊ីសែន​សម្រាប់​យក​ទៅ​ជួយ​អ្នក​ផ្ទះ​ដែល​កំពុង​ផ្ទុក​ Covid-19

ក្រោយ​ការរង់ចាំ​អស់​ជាច្រើន​ម៉ោង Shruti Saha ក៏​ត្រូវបាន​អ្នកផ្ទះ​ទូរស័ព្ទ​មក​ប្រាប់ថា ម្ដាយ​គាត់​បាន​បាត់បង់​ជីវិត​ទៅហើយ។ អ្នកស្រី​ក៏​ដួល​ទៅលើ​ដី ខណៈដែល​មនុស្ស​នៅ​ជុំវិញ ព្យាយាម​ជួយ​លើកទឹកចិត្ត។ បំពង់​អុកស៊ីសែន​ទទេ​របស់គាត់ ត្រូវបាន​ទុកចោល​នៅ​កន្លែង​ដែល​គាត់​បាន​ឈរ​រង់ចាំ​វេន។

«ខ្ញុំ​បានចេញ​ដំណើរ​ពី​ផ្ទះ នៅវេលា​ម៉ោង2 រំលងអធ្រាត្រ។ នៅ​រដ្ឋ Delhi មិនមាន​អុកស៊ីសែន។ ចុងក្រោយ ខ្ញុំ​ក៏បាន​មកដល់​ទីនេះ។ ខ្ញុំ​បាន​និយាយ​ប្រាក់​ពួកគេ​ជា​បន្តបន្ទាប់​ថា ស្ថានភាព​ជំងឺ​របស់​ម្ដាយ​ខ្ញុំ ពិតជា​ធ្ងន់ធ្ងរ​ណាស់» Shruti Saha និយាយ​បណ្ដើរ យំ​បណ្ដើរ។

ទី Delhi ស្ថាប័ន​សុខាភិបាល​បាន​រកឃើញថា រៀងរាល់ 4នាទី គឺមាន​អ្នកជំងឺ​Covid-19 ម្នាក់​បាន​ស្លាប់ ដែល​ស្ថានភាព​នេះ​បានអូសបន្លាយ​ពេល​អស់​ជាច្រើន​ថ្ងៃ​មកហើយ។ ដោយសារតែ​មន្ទីរពេទ្យ​នានា អស់​កន្លែង​សម្រាប់​ដាក់​អ្នកជំងឺ គ្រួសារ​អ្នកជំងឺ​ក៏ត្រូវ​ព្យាបាល​នៅឯ​ផ្ទះ ដោយ​ការដាក់​អុកស៊ីសែន​ឱ្យ​អ្នកជំងឺ​ដកដង្ហើម​ជា​បន្តបន្ទាប់។

នៅមុខ​រោងចក្រ​អុកស៊ីសែន អ្នកស្រី Shruti Saha បាន​រៀបរាប់ថា៖ «ពួក​ខ្ញុំ ខំ​ស្វែងរក​មន្ទីរពេទ្យ​អស់​ជាច្រើន​ថ្ងៃ​មកហើយ។ សូម​នាំ​ខ្ញុំ​ត្រលប់​ទៅផ្ទះ​វិញ ឥឡូវនេះ»។ ពេលនោះ គេ​ឃើញ​មាន​បុរស​ម្នាក់ ចាប់​កាន់​ដៃ​អ្នកស្រី ហើយ​នាំ​គាត់​ចាក​ចេញទៅ ដោយ​ក្ដី​អស់សង្ឃឹម៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement