តើ​ស្ត្រី​មានគភ៌ គួរ​គេង​ក្នុង​ឥរិយាបថ​ណា ទើប​លក់​ស្រួល និង​កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព?

តើ​អ្នកមាន​ផ្ទៃពោះ​គួរ​គេង​ក្នុង​ឥរិយាបថ​បែបណា?  ឡា​រ៉ែ​ន នឹង​ដោះស្រាយ​ចម្ងល់​នេះ​សម្រាប់​ស្ត្រី​មានគភ៌ បើ​ចង់ដឹងថា តើ​គេង​ក្នុង​ឥរិយាបថ​ណា ទើប​ធ្វើឱ្យ​លក់​ស្រួល និង​កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព​ផង​នោះ យើង​មក​សិក្សា​ទាំងអស់គ្នា…។

ឥរិយាបថ​ដំណេក ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នកមាន​ផ្ទៃពោះ​គឺ “ឥរិយាបថ​គេង​ផ្អៀង” ហ្នឹងឯង  តែ​ទាំងអស់នេះ​សម្រាប់​ស្ត្រី​ដែល​អាយុ​គភ៌​នៅ​តិច ក្នុង​ត្រីមាស​ទី​ដំបូង​ប្រមាណ​ជា 1 – 3 ខែ បើ​អ្នកណា​នៅតែ​គេង​ផ្ងារ ហើយ​មាន​អារម្មណ៍​ថា​ស្រួល​សប្បាយខ្លួន មិន​ទើស​ទែង ដកដង្ហើម​ស្រួល ក៏​អាច​គេង​ផ្ងារ​បានដែរ  គ្រាន់តែ​មុននឹង​ក្រោក ចូរ​បែរមក​គេង​ផ្អៀង​សិន រួច​សឹម​ប្រើ​ដៃ​ច្រត់​គ្រែ​រុញ​ខ្លួន​ឱ្យ​ងើបឡើង។ ឡា​រ៉ែ​ន សូម​ណែនាំ​ថា កុំ​ក្រោក​បែប​ប្រញាប់ប្រញាល់​អី ព្រោះ​អាច​នឹង​ធ្វើឱ្យ​វិលមុខ និង​ងងឹតមុខ​បាន។

តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​អាយុ​គភ៌​ច្រើន​ចាប់ពី 4ខែ​ឡើង​ទៅវិញ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​គេង​ផ្អៀង ទើប​ជាការ​ប្រសើរ​បំផុត ដោយ​អាច​គេង​ផ្អៀង​បាន​ទាំង​ស្តាំ និង​ឆ្វេង តែ​ឡា​រ៉ែ​ន​ចង់​បញ្ជាក់​បន្ថែមថា ការ​គេង​ផ្អៀង​មក​ខាងឆ្វេង នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌ គេង​លក់បាន​ស្រួល​ជាង ដោយសារតែ​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង នឹង​ជួយ​ការពារ​មិនឱ្យ​ស្បូន​ទៅ​សង្កត់ពីលើ​សរសៃឈាម​ខ្មៅ​ធំ និង​ជួយ​ឱ្យ​ប្រព័ន្ធ​ឈាម​រត់​ធ្វើការ​បានល្អ​ផង។ ក្នុង​ឥរិយាបថ​គេង​វិញ ស្ត្រី​មានគភ៌​គួរ​គេង​ផ្អៀង ក្នុង​ឥរិយាបថ​អង្កុញ​ក្បាលជង្គង់​ទាំងសងខាង និង​ប្រើ​ខ្នើយកើយ​ដាក់​ស៊ក​នៅ​ចន្លោះ​ជង្គង់​ទាំង2 នឹង​រឹតតែ​ជួយ​ឱ្យមាន​អារម្មណ៍​ថា គេង​ស្រួល​ខ្លាំង​ឡើង។ ក្រៅពីនេះ ស្ត្រី​មានគភ៌​ចង់​គេង​ឱប​ខ្នើយឱប​ផង​ក៏បាន ឬក៏​រក​ខ្នើយទន់ស្តើងៗមក​ទ្រាប់​គភ៌​ក៏បាន ដែល​វា​នឹង​ធ្វើឱ្យ​អ្នក​គេង​លក់បាន​ស្រួល និង​លក់​បានយូរ​ទៀតផង។

ឥរិយាបថ​គេង​ដែល​គួរ​ចៀសវាង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

ឥរិយាបថ​គេង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​នោះ​គឺ “ឥរិយាបថ​គេង​ផ្កាប់ និង​គេង​ផ្ងារ” ជាពិសេស​ចំពោះ​ស្ត្រី​ដែល​គភ៌​មាន​អាយុច្រើនៗហើយ ព្រោះ​ការ​គេង​ផ្កាប់​នឹងធ្វើ​ឱ្យ​កើតការ​សង្កត់ ធ្វើឱ្យ​ដកដង្ហើម​មិន​ស្រួល ប្រព័ន្ធ​ឈាម​រត់​ដំណើរការ​មិនល្អ រហូត​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ម្តាយ និង​កូនតូច​នៅក្នុង​ផ្ទៃ​បាន។ ក្រៅ​អំពី​នេះ​ការ​គេង​ផ្ងារ អាច​នឹង​ស័ក្តិសម​ជាមួយ​ស្ត្រី​មានគភ៌​ដែល​អាយុ​គភ៌​នៅ​ខ្ចី តែ​សម្រាប់​ស្ត្រី​មានគភ៌ ដែល​អាយុ​គភ៌​ច្រើន​ហើយ អាច​និយាយបានថា មិន​ស័ក្តិសម​ជាទីបំផុត ព្រោះ​ការ​គេង​ផ្ងារ​នឹងធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​របស់​ទារក​ទៅ​សង្កត់ពីលើ​សរសៃឈាមធំៗ រហូត​ធ្វើឱ្យ​ម្តាយ​កើត​អា​ការឈឺ​ខ្នង កើត​ប៉គ្រីវ​កាច់ ហើមជើង ដកដង្ហើម​មិន​ស្រួល និង​អាច​ដល់​ថ្នាក់​ធ្វើឱ្យ​ងងឹតមុខ​ខ្យល់គ​បាន​ទៀតផង។

អី​ឡូ​វ​ឃើញ​ហើយ​មែន​ទេ​ចា៎ស ថា​ការជ្រើសរើស​ឥរិយាបថ​គេង សម្រាប់​អ្នកមាន​ផ្ទៃពោះ​ហ្នឹង​សំខាន់​ប៉ុនណា ដូច្នេះ​នៅពេល​ដឹង​ហើយ​ថា តើ​អ្នកមាន​ផ្ទៃពោះ​ស័ក្តិសម​នឹង​ឥរិយាបថ​គេង​បែបណា​នោះ ក៏​កុំ​ភ្លេច​យកទៅ​ប្រតិបត្តិ​តាម​ផង ព្រោះ​ឡា​រ៉ែ​ន​ធានាថា វា​នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​យើង គេង​លក់បាន​ស្រួល និង​លក់​បានយូរ​ទៀតផង៕

Advertisement