Covid-19! សហរដ្ឋអាមេរិក កំពុង​ប្រឈម​នឹង វិបត្តិ «សល់​វ៉ាក់សាំង» ក្នុង​គ្រា​ដែល​ពលរដ្ឋ​ជាង 100លាន​នាក់ បាន​ចាក់​រួចរាល់

ក្រុមមន្ត្រី​ក្រសួងសុខាភិបាល​សហរ​ដ្ឋ​អាមេរិក បាន​បែងចែក​វ៉ាក់សាំង​បង្ការ Covid-19 ជាច្រើន​លាន​ដូ​ស ទៅឱ្យ​អាជ្ញាធរ​មូលដ្ឋាន ក្នុងនោះ ពលរដ្ឋ​ជិត 105លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​ពីរ​ដូ​ស​រួចរាល់​ហើយ។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក (CDC) កាលពី​ម្សិលមិញ (02ឧសភា) បានប្រកាសថា ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដល់​ពលរដ្ឋ សរុប 245,591,469នាក់ បន្ទាប់ពី​បាន​បែងចែក​វ៉ាក់សាំង​ចំនួន 312,509,575ដូ​ស ទៅឱ្យ​អាជ្ញាធរ​មូលដ្ឋាន។

ក្នុងចំណោម​នោះ មាន​ពលរដ្ឋ​ជាង 147លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស ចំពោះ​វ៉ាក់សាំង​ប្រភេទ​ដែល​ត្រូវ​ចាក់​ពីរ​ដូ​ស និង​ជិត 104.8លាន​នាក់​បាន​ចាក់​រួចរាល់។ បច្ចុប្បន្ន អត្រា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នៅ​សហរដ្ឋអាមេរិក បាន​ឡើងដល់ 31.5% បើ​ធៀប​នឹង​ប្រជាជន​សរុប​ជាង 332,610,000នាក់។

បណ្ដា​ប្រភេទ​វ៉ាក់សាំង​ប្រឆាំង Covid-19 ដែល​ត្រូវបាន CDC របស់​សហរដ្ឋអាមេរិក ជ្រើសរើស​សម្រាប់​ការប្រើប្រាស់ រួមមាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង​ក្រុមហ៊ុន Pfizer Inc/BioNTech ដែល​ត្រូវ​ចាក់​ពីរ​ដូ​ស រួម​នឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson ដែល​ត្រូវ​ចាក់​មួយ​ដូ​ស។

សហរដ្ឋអាមេរិក គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​ក្នុង​ពិភពលោក ដោយមាន​អ្នក​ឆ្លង​ជាង 33លាន​នាក់ និង​ស្លាប់​ជាង 591,000នាក់។ ក្រោយ​រយៈពេល​នៃ​ការឡើង​កាន់តំណែង​បាន 100ថ្ងៃ របស់​ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក ពេលនេះ​ត្រូវ​ប្រឈម​នឹង «វិបត្តិ​សល់​វ៉ាក់សាំង» ដោយសារតែ​រដ្ឋ​ជាច្រើន​ប្រើប្រាស់​មិន​អស់ បន្ទាប់ពី​បានទទួល ខណៈដែល​ពលរដ្ឋ​ជាច្រើន មានការ​រារែក​ក្នុង​ការចាក់​វ៉ាក់សាំង ព្រោះតែ​ការទទួលបាន​ព័ត៌មាន​មិនបាន​គ្រប់​ជ្រុងជ្រោយ និង​ហត់នឿយ​ផ្លូវចិត្ត ក្រោយ​រងគ្រោះ​ពី «មហា​រោគរាតត្បាត» នេះ។

បច្ចុប្បន្ន ក្រុមមន្ត្រី​សុខាភិបាល បាននាំគ្នា​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ខាងលើ ក្នុងនោះ រួមមាន​ទាំង​ការបញ្ជូន​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមមនុស្ស​ដែលមាន​ឥទ្ធិពល ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បានដឹង​ច្បាស់​អំពី​ផលប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 ផងដែរ៕

Advertisement