Covid-19! អ្នក​​​ធ្លាប់​បាន​​ទៅ​ទិញ​ថ្នាំ​ពី​ឱសថស្ថាន​មួយ​នៅ «ច្បារអំពៅ» សូម​ដាក់ខ្លួន​នៅ​ដោយឡែក!

ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ទៅ​ទិញ​ថ្នាំ​នៅ​ឱសថស្ថាន សួស្ដី ដែល​ស្ថិត​នៅផ្ទះ​លេខ 153 ផ្លូវ​លេខ 369 (ក្បែរ​គល់ស្ពាន​ច្បារអំពៅ​ថ្មី) សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល 14ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​មាន​ហានិភ័យ​មួយ​នេះ។

ខាងលើនេះ​គឺជា​​សេចក្ដី​អំពាវនាវ​រប​ស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​Covid-19 នៃ​ក្រសួងសុខាភិបាល ដែល​បានប្រកាស​កាលពី​វេលា​ម៉ោង 4ល្ងាច ថ្ងៃទី4 ខែឧសភា ឆ្នាំ2021។

ចំពោះ​មូលហេតុ ត្រូវបាន​អនុគណៈកម្មការ​នេះ​បញ្ជាក់ថា នៅ​ព្រឹក ថ្ងៃទី3 ខែឧសភា ឆ្នាំ2021 មាន​អ្នកជំងឺ​Covid-19 ម្នាក់ ដែល​រស់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី2 បាន​ទៅ​ទិញ​ថ្នាំ នៅ​ទីតាំង​ខាងលើនេះ​។

អនុគណៈកម្មការ​ខាងលើ​ក៏បាន​ស្នើ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង «ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី2 ខណ្ឌ​ច្បារអំពៅ», «ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី2 ខណ្ឌ​ច្បារអំពៅ» និង ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី2 ខណ្ឌ​ច្បារអំពៅ» រាជធានី​ភ្នំពេញ កុំ​ចេញពីផ្ទះ ប្រសិនបើ​មិនមាន​កិច្ចការ​ចាំបាច់៕

ប្រភព​៖ អនុគណៈកម្មការ​ស្រាវ​ជ្រាវ​ជំងឺ​Covid-19
ដកស្រង់​៖ បុត្រា

Advertisement